ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ការខ្នះខ្នែងរបស់លោក ហ៊ុន សែន ទៅដឹកនាំព្រឹទ្ធសភាបង្ហាញថាលោកចង់រក្សាឥទ្ធិពលក្នុងនយោបាយកម្ពុជា


អតីតនាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ចូលរួម​សម័យប្រជុំ​រដ្ឋសភា​ជាតិ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)
អតីតនាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ចូលរួម​សម័យប្រជុំ​រដ្ឋសភា​ជាតិ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាលោក ​ហ៊ុន សែន ​បាន​ប្រកាស​លាលែង​ពី​សមាជិក​រដ្ឋសភាកាលពី​ថ្ងៃ​ចន្ទ ដើម្បី​ទៅ​កាន់កាប់ព្រឹទ្ធសភាឱ្យ​ស្រប​ទៅតាម​ការ​ត្រៀមទុក​ ដែល​លោកធ្លាប់​ប្រកាសពេល​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រីកាល​ពី​ឆ្នាំមុន​។ ​

អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយកម្ពុជា​ថ្លែង​ទាំង​ប្រយ័ត្នប្រយែង​ថា​ អ្វីដែល​លោក​ហ៊ុន សែន ​កំពុងធ្វើ​មាន​គោល​ដៅ​ស្នូល​មួយ​គឺ​ដើម្បីជួយ និង​ការពារ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ​ដែល​បាន​និង​កំពុង​ស្ថិត​ក្នុង​តំណែង​ជានាយក​រដ្ឋមន្ត្រីជាង​៧​ខែ​ គិត​ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​កាល​ពី​ខែ​សីហា​ ឆ្នាំ​ ២០២៣​។ ​ ​

នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី ២​ នីតិ​កាល​ទី ៧ ​កាល​ពីថ្ងៃ​ចន្ទ​ ​លោក ​ហ៊ុន សែន អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល និង​ជា​អតីតនាយក​រដ្ឋមន្ត្រី​កម្ពុជា រយៈពេល​ជិត ៤ ​ទសវត្សរ៍ (​រយៈ​ពេល​ ៣៨ឆ្នាំ ​៧ខែ ​៨ថ្ងៃ) ​បាន​ប្រកាស​ចាក​ចេញ​ពីមុខ​តំណែង​ជា​តំណាង​រាស្ត្រ​ តែលោក​ថា​លោក​នៅ​មានសិទ្ធិ​រៀបចំស្ថាប័ន​រដ្ឋសភា​បាន​ដដែល​។​

តាម​រយៈវីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជិត ​២០ ​នាទី​ និង​ត្រូវ​បាន​បង្ហោះលើគណនីយ​ហ្វេសប៊ុក​របស់​លោក​កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ​ថ្លែង​ថា៖ ​«ការចាក​ចេញ​របស់ខ្ញុំ​ទៅ​បំពេញ​មុខ​ងារ​មួយ​ផ្សេង​ទៀត​។ ហើយ​យើងក៏អាច​មាន​វាសនានឹងជួបគ្នានៅ​ទីនេះម្តងទៀត​ ប្រសិន​បើ​សភាព​ការណ៍​តម្រូវ​ នោះ​គឺ​សមាជ​ព្រឹទ្ធ​សភា ​និង​រដ្ឋ​សភា»។

​លោក​បន្ថែម​ថា៖ ​«​បើទោះ​បីខ្ញុំ​មិននៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​ខ្ញុំនៅ​តែមានសិទ្ធិ​ចុះហត្ថ​លេខា​ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​រដ្ឋសភា ​ដើម្បី​រៀបចំ​សមាជិក​រដ្ឋសភា​ ឬ​គណៈ​កម្មាការ​នានា​តាម​សំណើរ​របស់​ប្រធាន​គណបក្ស​។ ដូច្នេះ​ខ្ញុំ​មិន​លូក​លាន់​កិច្ចការ​របស់​រដ្ឋសភា​ទេ​ ក៏ប៉ុន្តែ​ច្បាប់​បានតម្រូវ​ឱ្យប្រធាន​គណបក្ស​ ជា​អ្នក​ឧទ្ទេស​នាម អ្នក​ណា​ត្រូវធ្វើអីៗ​»។

លោក​បាន​សង្កត់​ធ្ងន់​ថា ​លោក​មិនបណ្តេញ​សមាជិក​សភា​ណា​ម្នាក់​ ដើម្បី​យក​កៅអី​សភា​នោះ​ទេ ​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាមានវិន័យ និង​របៀប​ធ្វើការ​ ដោយ​មាន​ការ​យោគយល់ ​និង​សាមគ្គី​ភាព​ផ្ទៃក្នុង​បក្ស។

អ្នក​វិភាគ​នយោ​បាយលោក មាស នី ​កត់​សម្គាល់​ថា អតីត​នាយក​រដ្ឋមន្ត្រីលោក​ ហ៊ុន សែន នឹង​នៅ​តែបន្តមាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​ ហើយ​ការ​ចាកចេញ​ពី​ស្ថាប័ន​រដ្ឋសភា ​ទៅកាន់​ស្ថាប័ន​ព្រឹទ្ធ​សភា​នោះ​ គឺ​ដើម្បី​ការពារ​សុវត្ថិ​ភាព​នៃ​ការ​កាន់​អំណាច​របស់​កូន​គាត់ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។

លោក​ថ្លែងថា៖ ​«វាមាន​ប្រយោជន៍​ ២ ​ទី ១ ​ប្រយោជន៍​សម្រាប់​គាត់​ និង​កូន​របស់​គាត់​ [ដោយ]​ការ​ពារ​តំណែង​របស់​កូន​គាត់ ​យើង​ដឹង​ថា ​គាត់​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​កូន​គាត់ ​នៅ​ពេល​ដែល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ដោយ​ចៃដន្យ​ ដែល​ជា​យថាហេតុ​។ ទី ២ ​ខ្ញុំក៏​នៅ​មើល​ឃើញ​ថា​ រាល់​ការ​ចាត់​ចែង​គ្រប់គ្រង​ទាំង​ឡាយ​ណា ...​គាត់​នៅ​តែមាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ មិន​ថា​កន្លែង​ណា ​នៅ​ក្នុង​ថ្នាក់​ណា​ទេ​»​។

បើតាម​អ្នក​វិភាគ​នយោ​បាយរូបនេះ ​កម្លាំង​នយោបាយរបស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​ភាព​រឹងមាំនៅ​ឡើយ ​ដោយ​ហេតុថា ណបក្សកាន់អំណាច​បាន​រៀបចំ​កៅអី​រដ្ឋសភា​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ធ្វើការ​ ចំណែក​មន្ត្រីចាស់​ៗ​ ត្រូវ​រំកិល​ទៅ​កាន់​ព្រឹទ្ធសភា​។

ជុំវិញ​ការវិវឌ្ឍ​ស្ថានភាព​នយោបាយ​ក្នុងស្រុក​ ​លោក មាស នី ​យល់ថា​ អាណត្តិទី ៧​នេះ ​មិនមាន​អ្វី​ប្រែប្រួលច្រើន​នោះ​ទេ ​ព្រោះ​ជាអាណត្តិ​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ស្ថិរភាព​ផ្ទៃ​ក្នុងគណបក្ស​ និង​ម្យ៉ាងទៀត​ដោយសារ​អ្នកដឹក​នាំ​ប្រទេស​ដែល​ជា​មនុស្ស​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង និង​ដើរ​តាម​បន្ទាត់​របស់​អ្នក​នយោបាយ​ជំនាន់​មុន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត​ ប្រាប់វីអូអេ​ថា ​ស្ថាប័នរដ្ឋសភា និង​ព្រឹទ្ធសភា ​មានទំនាក់ទំនង​គ្នា​ច្រើន ដូចជា​ការ​តាក់តែង​ច្បាប់ណា​មួយ​ គឺ​រដ្ឋសភា​អនុម័ត​ជាមុន រួច​ទើប​បញ្ជូនទៅ​ព្រឹទ្ធសភា។ ដូច្នេះ​លោក​នឹង​ចាំ​មើល​ថាតើ​ក្នុងអាណត្តិថ្មី​នេះ​ រដ្ឋា​ភិបាល​នឹង​មាន​ឆន្ទៈ​ ធ្វើឱ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា ​មាន​ការ​វិវឌ្ឍបែប​ណា​នៅពេល​អនាគត​។​

គួរបញ្ជាក់​ថា​កាលពីថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ ​២០២៣ ​នា​សម័យ​ប្រជុំ​រដ្ឋសភា​ជាតិ​លើក​ទី ១ សម្រាប់​អាណត្តិ​ទី ៧ ​អតីត​នាយក​រដ្ឋ​មន្ត្រីលោក​ ហ៊ុន សែន ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយក្នុងវិមានរដ្ឋសភាថា តាមការ​គ្រោងទុក និង​តាម​រយៈ​ការ​ស្រុះស្រួល​របស់​គណបក្ស​ប្រជាជនកម្ពុជា គឺ​លោក​នឹង​ក្លាយជា​ប្រធានព្រឹទ្ធសភា​។

អ្នកនំាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ ប្រាប់​វីអូអេ​កាល​ពីថ្ងៃចន្ទថា​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​បេក្ខ​ជន​សំខាន់​ម្នាក់​គត់សម្រាប់​តំណែង​ប្រធាន​ព្រឹទ្ធ​សភា​ដែល​នឹង​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ពុធសប្តាហ៍​នេះ៕ ​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG