ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ចុះ​ហត្ថលេខា​លើ​សំណើច្បាប់​ជំនួយ​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ ​លើ​សំណើច្បាប់​ថវិកា​ជំនួយ​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់ កាលពីថ្ងៃទី​២៤ មេសា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ ​លើ​សំណើច្បាប់​ថវិកា​ជំនួយ​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់ កាលពីថ្ងៃទី​២៤ មេសា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា លោក​នឹង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​នេះ​លើ​សំណើច្បាប់​ថវិកា​ជំនួយ​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់ បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​សំណើច្បាប់​នេះ​កាលពី​ថ្ងៃ​អង្គារ។

ការ​បោះឆ្នោត​ក្នុង​សំឡេង ៧៩ ទល់​នឹង ១៨ នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ពន្យារពេល​អស់​ជាច្រើន​ខែ​មក ដែល​ក្នុង​នោះ​រួម​ទាំង​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​នូវ​វិធានការ​ស្រដៀង​គ្នា​នេះ​ផងដែរ និង​ការ​បដិសេធ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​នៅក្នុង​ការ​លើក​យក​សំណើច្បាប់​នេះ​មក​បោះឆ្នោត នៅ​ចំពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ការ​បញ្ជូន​ជំនួយ​ទៅ​បរទេស​និង​ការ​ផ្ដល់​អាទិភាព​ដល់​សន្តិសុខ​នៅក្នុង​ប្រទេស។

រដ្ឋសភា​បាន​បន្ត​ឡើងវិញ​នូវ​កិច្ចប្រឹងប្រែង​នេះ​បន្ទាប់ពី​មាន​ការ​ចរចា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​សភា​ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ការ​ប្រឆាំងសំណើ​ច្បាប់​នេះ ​ដោយ​នៅ​ទីបំផុត​ត្រូវ​បាន​អនុម័តកាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្នុង​សំឡេង​៣១១ ​ទល់​នឹង​១១២។

ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​គឺជា​ការផ្ដោត​ដ៏​សំខាន់​នៃ​កញ្ចប់​ជំនួយ​នេះ ដោយ​ក្នុង​នោះ​ជំនួយ​ចំនួន​៦១​ពាន់​លាន​ដុល្លារ​គឺ​សម្រាប់​ជួយ​ដល់​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​នេះ។

សំណើច្បាប់​នេះ​ក៏​រួម​មាន​ផងដែរ​នូវ​ថវិកា​ចំនួន​២៦​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ីស្រាអែល ​នៅ​ចំពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ​និង​ថវិកា​ចំនួន ​៨ ​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ប្រឆាំង​នឹង​វិធានការ​គំរាមកំហែង​របស់​ចិន​លើ​តៃវ៉ាន់​និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក Biden ​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ភ្លាមៗ​បន្ទាប់ពី​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ថា ​សហរដ្ឋ​អាមេរិក​អាច​ចាប់ផ្ដើម​បញ្ជូន​យុទ្ធោបករណ៍​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នៅ​សប្ដាហ៍​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​សម្ព័ន្ធមិត្ត​នានា​ឱ្យ​ផ្ដល់​ជំនួយ​បន្ថែម​ដើម្បី​ជួយ​ដល់​យោធា​អ៊ុយក្រែន​ទប់ទល់​នឹង​កងកម្លាំង​របស់​រុស្ស៊ី ជាពិសេស​ដើម្បី​ការពារ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​ជា​រៀងរាល់​ថ្ងៃ។

លោក Zelenskyy ​បាន​ថ្លែង​អំណរគុណលោក Biden ​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer ​និង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell ​បន្ទាប់ពី​ព្រឹទ្ធសភា​បាន​អនុម័ត​លើ​កញ្ចប់​ជំនួយ​នេះ ​ដោយ​លោក​បាន​និយាយ​ថា ការ​បោះឆ្នោត​អនុម័ត​នេះ​ជួយ ​«ពង្រឹង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ភ្លើង​បំភ្លឺផ្លូវ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​មេដឹកនាំ​ពិភពលោក​សេរី»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG