ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​កំពូល AI នៅ​ទីក្រុង​ឡុងដ៍


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak ថ្លែងសុន្ទរកថាស្តីពី បញ្ញាសិប្បនិម្មិត ឬ AI នៅទីក្រុងឡុងដ៍ ថ្ងៃទី៣៦ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak ថ្លែងសុន្ទរកថាស្តីពី បញ្ញាសិប្បនិម្មិត ឬ AI នៅទីក្រុងឡុងដ៍ ថ្ងៃទី៣៦ ខែតុលា ឆ្នាំ២០២៣។

នាយករដ្ឋ​មន្រ្តី​អង់គ្លេស លោក Rishi Sunak កំពុង​នាំ​មន្ត្រី​រដ្ឋាភិបាល អ្នក​សិក្សា​ស្រាវជ្រាវ និង​មហាសេដ្ឋី​បច្ចេកវិទ្យា​មក​ពី​ជុំវិញ​ពិភពលោក មក​ចូលរួម​កិច្ចប្រជុំកំពូល​ស្តី​ពី​សុវត្ថិភាព​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ឬ AI រយៈពេល​ពីរ​ថ្ងៃ​ នៅ​ថ្ងៃពុធនិង​ថ្ងៃព្រហស្បតិ៍​នៅ​អាគារ Bletchley Park ដែល​ធ្លាប់​ជា​ទីស្នាក់ការ​សម្ងាត់​កំពូល​នៃ​អ្នកបំបែក​កូដ​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ។

កិច្ចប្រជុំកំពូល​នេះគឺ​ជា​ពេល​មួយ​សម្រាប់​តួអង្គ​សំខាន់​ក្នុង​កិច្ចការ​ពិភពលោក ដើម្បី​ចូលរួម​ពិភាក្សា​អំពី​អនាគត​នៃបច្ចេកវិទ្យា​ AI កម្រិត​ខ្ពស់​ចុងក្រោយ​ ឬ​ Frontier AI ជា​ពិសេស​អំពី​ថា​តើ​បច្ចេកវិទ្យា​នេះ​បង្កគ្រោះថ្នាក់​ដល់​មនុស្សជាតិ​ឬ​ទេ​ និង​ថា​តើ​មាន​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​កាត់បន្ថយ​ការគំរាម កំហែង​ដែល​អាច​កើត​មាន​នោះ។ បច្ចេកវិទ្យា​ AI កម្រិត​ខ្ពស់​ចុងក្រោយ​ ឬ​ Frontier AI គឺ​ជា​ពាក្យ​ទូលំទូលាយ​សម្រាប់ប្រព័ន្ធ​ AI ទូទៅ​ដែល​អាច​ដំណើរការ​លើ​កម្មវិធី​ទំនើប​បំផុត​ចុង​ក្រោយ​ក្នុងពេល​បច្ចុប្បន្ន។

ក្នុង​បញ្ជីភ្ញៀវ​ចូលរួម ១០០នាក់នោះ​ រួមមានលោក Elon Musk ដែល​ជាបុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ផែនដី លោក Sam Altman អ្នកបង្កើត ChatGPT ក៏​ដូច​ជាសាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

មេដឹកនាំ​ពិភពលោក​ដែល​នឹង​ចូលរួម​ផង​ដែរ រួមមាន​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី Kamala Harris អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន លោក Wu Zhaohui អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen។

ប្រទេសចិន ដែល​ជា​អ្នកនាំ​មុខគេ​ក្នុង​ការ​អភិវឌ្ឍ AI មាន​តួនាទី​សំខាន់​នៅ​ក្នុង​វេទិកា​នេះ ខណៈ​ដែល លោក Sunak ព្យាយាម​ដាក់​ខ្លួន​គាត់​ជា​ភាគី​កណ្តាល​រវាង​លោក​ខាងកើត និងលោក​ខាងលិច។ ការ​សម្រេច​ចិត្ត​អញ្ជើញ​ចិន​ត្រូវ​បាន​ជួប​ជាមួយ​នឹង​ប្រតិកម្ម​ចម្រុះ​ពី​សភានៅ​ប្រទេស​អង់គ្លេស និង​នៅ​បរទេស។

កាលពី​ថ្ងៃ​ពុធ អ្នកស្រី​ Kamala Harris បាន​ថ្លែង​សុន្ទរកថា​នៅ​ឯ​កិច្ចប្រជុំកំពូល​ដែល​បង្ហាញ​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​របស់​ AI ចេះនិពន្ធ ឬ​ Generative AI។ អ្នកស្រី Harris បាន​ប្រកាស​ពី​ការ​បង្កើត​វិទ្យាស្ថាន​សុវត្ថិភាព AI របស់​សហរដ្ឋអាមេរិក ដែល​ជា​ក្រុម​ការងារថ្មីផ្តោតលើ AI មួយ ដើម្បី​ផ្តល់​ការណែនាំ និង​កំណត់​កត្តា ហានិភ័យ។

អ្នកស្រី Harris ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ផ្សេង​ទៀត ចុះ​ហត្ថលេខា​លើ​ការ​សន្យា​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​សម្រាប់​ការប្រើប្រាស់ដោយ «ទទួល​ខុស​ត្រូវ និង​មាន​សីលធម៌» នៃ​បច្ចេកវិទ្យា AI នៅក្នុង​វិស័យ​យោធា៕

ព័ត៌មានមួយចំនួនត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានReuters ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG