ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុងឆ្នាំ​២០២៣ អាជ្ញាធរ​រឹបអូស​សារធាតុ​ញៀន​បាន​ជិត​៣តោន តិច​ជាង​ឆ្នាំ​២០២២​ប្រមាណ​៨០%


រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​ករណី​គ្រឿង​ញៀន​ប្រមាណ​ ៧​ពាន់​ករណី ​នៅ​ក្នុងឆ្នាM ២០២៣ ដែល​កើន​ឡើង​ប្រមាណ​ ១០%​ ខណៈ​គ្រឿង​ញៀន​និង​សារធាតុ​ញៀន​សរុប​ជិត ៣​តោន ​ត្រូវ​បាន​រឹប​អូស ​ដែល​ចំនួន​នេះ​ទាប​ជាង​ឆ្នាំ ​២០២២ ​ប្រមាណ​ ៨០%។​ នេះ​បើ​តាម​លោក ​មាស វីរិទ្ធ ​អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។​

លោក ​មាស វីរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ប្រមាណ​ ៧​ពាន់​ករណី​នោះ​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២​ម៉ឺន​នាក់​ និង​រឹបអូស​សារធាតុ​ញៀន​បាន​ប្រមាណ ​៣​តោន​។ ​លោក​ថា​ តួលេខ​នៃ​ករណី​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​ ២០២៣ ​កើន​ឡើង​ជាង​ឆ្នាំ​ ២០២២ ​ប្រមាណ ​១០%​ ដោយ​ក្នុង​ឆ្នាំ ​២០២២ ​អាជ្ញាធរ​បង្ក្រាប​បាន​ប្រមាណ​ ៦.៣០០​ករណី។ ​ប៉ុន្តែ​បរិមាណ​គ្រឿង​ញៀន​ដែល​ចាប់​បាន​ជិត​ ៣​តោន ​ក្នុង​ឆ្នាំ​២០២៣​ ថយ​ចុះ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ​ដែល​ចាប់​បាន​ប្រមាណ ​១៤​តោន។​

លោក​ថ្លែង​ថា៖ ​«បរិមាណ​សារធាតុ​ញៀន​ ដែល​ចាប់​យក​មាន​ការ​ថយ​ចុះ ​យើង​ចាប់​យក​បាន​តែជាង ​២​តោន​ [គឺ]​ជិត​៣​តោន [ចំនួន]​២.៩៨៨​គីឡូ ​ប៉ុណ្ណឹង។​ អ៊ីចឹង​បើឆ្នាំ​២០២២ ​យើង[រឹបអូស​បាន​សារធាតុ​ញៀន] ​ប្រមាណ ​១៤​តោន។ ​អ៊ីចឹង​វា​[សារធាតុ​ញៀន]​ ថយ​ចុះ ​ប៉ុន្តែ​ចំនួន​ករណី​[បង្ក្រាប] ​វា​កើន​ឡើង​តិច​តួច»។​

លោក ​មាស វីរិទ្ធ ​បន្ថែម​ថា ​ការ​រឹប​អូស​សារធាតុ​ញៀន​ក្នុង​ឆ្នាំ ​២០២៣ ​ថយ​ចុះ​ប្រមាណ ៨០%​ ដោយ​សារ​អាជ្ញាធរ​បាន​ស៊ើប​អង្កេត ​និងបង្ក្រាប​លើ​ករណី​បទ​ល្មើស​នីមួយៗ​ខុសៗ​គ្នា ​ដោយ​ករណី​ខ្លះ​រឹបអូសគ្រឿង​ញៀន​បាន​តិច​តួច​ និង​ករណី​ខ្លះ​រឹប​អូស​បាន​ច្រើន។​

លោក​ថ្លែង​ថា៖ «កន្លង​មក ​យើង​រក​ឃើញ​បទ​ល្មើស ​ដែល​មាន​ទ្រង់ទ្រាយ​ធំ ​យើង​បង្រ្កាប​ទៅ​បាន​បរិមាណ​ច្រើន។ ​បើ​យើង​រក​ឃើញ​បទ​ល្មើស​ក្នុង​កម្រិត​ទ្រង់​ទ្រាយ​តូច​ យើង​បង្ក្រាប​ទៅ​បាន​បរិមាណ​តិច»។​

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនរូប​នេះ​បន្ថែម​ថា ​តាម​រយៈ​ការ​បង្ក្រាប​គ្រឿង​ញៀនកន្លង​មក ​អាជ្ញាធរ​កត់​សម្គាល់​ថា ​កម្ពុជា​មិនមាន​ការ​ផលិត​គ្រឿង​ញៀន​សំយោគ​ក្នុង​ប្រទេស​ច្រើន​នោះ​ទេ​ ដោយ​ភា​គច្រើន ​អាជ្ញាធរ​រឹបអូស​គ្រឿង​ញៀន​បាន​តាម​រយៈ​ក្រុម​ឈ្មួញ ​និង​ក្រុម​ឧក្រិដ្ឋ​ជន​នាំចូល​គ្រឿង​ញៀនពី​ប្រទេស​ជិត​ខាង ​ដោយ​ដឹក​ឆ្លង​កាត់​កម្ពុជា​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទីបី។​

លោក​បញ្ជាក់​ថា៖ ​«ភាគ​ច្រើន​គឺ​ឆ្លង​កាត់​ទៅ​ប្រទេស​ក្រៅ ​ឆ្លង​កាត់​ទៅ​ប្រទេស​ទីបី។​ ទីផ្សារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​គឺ​តូច​ទេ ​បច្ចុប្បន្ន​គឺ​រួម​តូច ​ដោយ​សារ​យើង​ខិតខំ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់គណៈ​បញ្ជា​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់»។​

កាលពី​ថ្ងៃទី​ ១១ ​ខែ​មករា ​ឆ្នាំ​ ២០២៤​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ដាក់​ចេញ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី ៩ ​ឆ្នាំ​ ២០២៤។​

រូបឯកសារ៖ អាជ្ញាធរ​ចាក់​ថ្នាំញៀន​ចូល​ក្នុង​គំនរ​ដើម្បីដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ អាជ្ញាធរ​ចាក់​ថ្នាំញៀន​ចូល​ក្នុង​គំនរ​ដើម្បីដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ក្នុង​ផែន​ការ​នោះ លោក​ ហ៊ុន ម៉ាណែត​ បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ ទាំង​វិធាន​ការ​អប់រំ ​វិធាន​ការ​រដ្ឋបាល​ វិធាន​ការ​ព្យាបាល​ ស្តារ​នីតិ​សម្បទា​ និង​សមាហរណ​កម្ម ​វិធាន​ការ​អនុវត្តច្បាប់ ​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យកម្ពុជា​ឈាន​ទៅ​សម្រេច​តាម​ការ​ប្តេជ្ញា​ចិត្ត​ថា៖ «កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿង​ញៀន​ និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាតស្អំ ​គ្មាន​គ្រឿង​ញៀន ​តាម​ទស្សន​វិស័យ​ ចូលរួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​ និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។​

បើ​តាម​វិធានការ​អនុវត្ត​ច្បាប់ ​លោក ​ហ៊ុន ម៉ាណែត​ បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​និង​រដ្ឋបាល​ឃុំសង្កាត់​ចាត់វិ​ធាន​ការ​ម៉ឺងម៉ាត់​ក្នុង​ការ​ស្វែងរក​ឱ្យ​ឃើញ ​និង​ទប់​ស្កាត់​ការ​លួច​លាក់​ នាំចូល​គ្រឿង​ញៀន​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​ ចូល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ ឬ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត។ ​លោក​ក៏​ជំរុញ​អាជ្ញាធរ​ឱ្យ​ស្រាវ​ជ្រាវ ​បង្ក្រាប​មេ​ខ្លោង​ និង​បណ្តាញ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ​និង​បើក​យុទ្ធនាការ​ជា​ប្រចាំ​ បោស​សម្អាត​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ជា​ក្រុម​តូចៗ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ តឹង​រ៉ឹង​បំផុត​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។ ​

លោក ​ហ៊ុន ម៉ាណែត ​ក៏​ណែនាំ​ឱ្យ​អាជ្ញាធរ​តាម​ដាន ​គ្រប់គ្រង ​និង​បង្ក្រាប​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ចំពោះសកម្ម​ភាព​កែច្នៃ ​ផលិត​គ្រឿង​ញៀន​សំយោគ ​ការ​ដាំដុះ ​ការ​ចម្រាញ់ ការ​នាំ​ចូល​វត្ថុធាតុ​ដើម​ជា​សារធាតុ​គីមី​ផ្សំ​ដែល​អាច​កែច្នៃ ​ផលិត​គ្រឿង​ញៀន​សំយោគ​ ដែល​កើត​មាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត ​ថ្លែង​ថា បញ្ហា​គ្រឿងញៀន​បាន​ជះ​ឥទ្ធិពល​ និង​បំផ្លាញ​ធនធាន​មនុស្ស​ជា​ច្រើន​ ជា​ពិសេស​យុវជន។ ​ដូច្នេះ ​លោក​ថា​ ប្រសិន​បើ​គ្រឿង​ញៀន​នៅ​តែ​ញាំញី​ក្នុង​សង្គម​កម្ពុជា ​នោះ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់ប​ង់​ធនធាន​មនុស្ស​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ត្រូវតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​បង្ក្រាប​គ្រឿង​ញៀន​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ​ដើម្បី​ឱ្យ​ស្រប​តាម​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព។ ​លោក​បន្ត​ថា​ មន្ត្រី ​ឬ​កង​កម្លាំង​ទាំង​អស់​ត្រូវ​តែ​នៅ​ឱ្យឆ្ងាយ​ពី​គ្រឿង​ញៀន​ ព្រោះ​ថា​ បើមន្ត្រីពាក់​ព័ន្ធ​នឹងគ្រឿង​ញៀន​ នោះ​វានឹង​ធ្វើ​ឱ្យ​ការ​បង្ក្រាប​គ្រឿង​ញៀន​មិន​មានប្រសិទ្ធ​ភាព​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​ត្រូវ​ចាត់​វិធានការ​មុន​គេ ​ចំពោះមន្ត្រី ​ជា​កងកម្លាំង ​ដែល​ពាក់ព័ន្ធ​ការ​បង្ក្រាប​គ្រឿង​ញៀន​ហ្នឹង​ ទី ១​ កុំឱ្យ​មាន​អំពើ​ពុក​រលួយ​ ទី ២ ​កុំឱ្យពាក់​ព័ន្ធ​គ្រឿង​ញៀន​ ហើយ​ប្រសិន​ជា​មាន​កើត​ឡើង​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​វិធាន​ការ​ផ្លូវ​ច្បាប់»។​

បើ​តាម​លោក​ អំ សំអាត ​ជន​រងគ្រោះ​ដោយ​សារ​បញ្ហា​គ្រឿង​ញៀន​មាន​រាប់ម៉ឺន​នាក់ ​ហើយជន​ជាប់​ចោទ ​ឬ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​ជាង​ ៥០%​ ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន។​

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០២៤ ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បង្រ្កាប​ករណី​ជួញ​ដូរ​ និង​ដឹក​ជញ្ជូន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ជា​បន្តបន្ទាប់​ផង​ដែរ ​ដោយ​ក្នុង​នោះ​មាន​ករណី​ក្រុម​ឧក្រិដ្ឋ​ជន​បាន​យក​គ្រឿង​ញៀន​ទម្ងន់​ជាង ​១​តោន​ (១.០២០​គីឡូ​ក្រាម) ​ទៅ​ផ្លុង​ចោល​នៅ​ខាង​មុខ​វិទ្យាល័យ​ជ័យ​សែន ​ក្នុង​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ​ និងចាប់​បាន​គ្រឿង​ញៀន​ជាង​ ១​តោន​កន្លះ​ ដែល​គ្រោង​ដឹក​ទៅ​កោះ​តៃវ៉ាន់​តាម​ដែន​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG