ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំង​ពីរ​នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​លើ​​សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​​​គ.ជ.ប.​


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Reuters
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Reuters

នៅក្នុងជំនួបកំពូលដោយមិនមានការព្រាងទុករវាងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង លោក សម​ រង្ស៊ី នៅ​ឯ​មន្ទីររដ្ឋសភា​ជាតិ​ ​មេដឹក​នាំ​គណបក្ស​ធំ​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា​និង​ដោះស្រាយបញ្ហាដែលនៅសេសសល់​ ​នៅ​ក្នុងសេចក្តីព្រាងច្បាប់ស្តី​ពីការរៀបចំ​និង​ការប្រព្រឹត្ត​ទៅរបស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គជប)​ ហើយក្រុមការងារនៃគណបក្សទាំងពីរនឹងបន្តជួបពិភាក្សាគ្នា ដើម្បីអនុវត្តន៍ស្មារតីនេះនៅសប្តាហ៍ក្រោយ។

​សេចក្តីប្រកាសព័ត៌មានរួមគ្នា​ស្តី​ពីលទ្ធផលនៃជំនួបកំពូលរវាងគណបក្សសង្គ្រោះ​ជាតិនិងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា​គណបក្សទាំង​ពីរក៏បានឯកភាពគ្នាដើម្បី​ជំរុញ​ឲ្យ​មានការបញ្ចប់​សេចក្តី​ពា្រងច្បាប់ស្តី​ពីការរៀបចំ និង ការប្រព្រឹត្ត​ទៅនៃ​ ​គជប និង សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្មច្បាប់បោះ​ឆ្នោត ឲ្យ​បានរួចរាល់ចប់​សព្វគ្រប់ជា​មួយគ្នាយ៉ាងយូរនៅដំណាច់ខែ​កុម្ភៈ​ឆ្នាំ២០១៥​ ​ខាងមុខ​នេះ។

តាម​សំណើររបស់លោក​ ​សម រង្ស៊ី ទាក់ទិននិង​ការដាក់ឲ្យដំណើរការស្ថានីយទូរទស្សន៍និងការដាក់ឲ្យ​ដំណើរ​ការស្ថានីយវិទ្យុបន្តនៅតាមបណ្តាខេត្ត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឯកភាពជា​គោល​ការណ៍ដោយតម្រូវឲ្យ​ក្រុម​ហ៊ុនពាក់ព័ន្ធបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណទៅក្រសួង​ព័ត៌មាន។

ចំពោះការកែសម្រួលបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភាថ្នាក់ដឹក​នាំនៃគណបក្សទាំងពីរបាន​ឯក​ភាពគ្នាក្នុងការធ្វើវិសោធនកម្មប្រការថ្មី«ពីរ»​ ​នៃបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភាដើម្បីរៀប​ចំ​ឲ្យមានថ្នាក់ដឹក​នាំតំណាង​រាស្ត្រនៃគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភា និងរៀប​ចំ​ឲ្យ​មានប្រធានក្រុមភាគ​តិចនៅរដ្ឋសភាដើម្បីសន្ទនា​ជា​មួយនិងប្រមុខរដ្ឋាភិបាលទាក់​ទិននិងបញ្ហារបស់ប្រទេសជាតិ​។ ប្រធានក្រុមភាគ​តិចនេះនិងមានឋានៈស្មើនាយករដ្ឋមន្ត្រី។

លោក កើត រិទ្ធ តំណាងក្រុមចរចា​ខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់ក្នុងអង្គ​សន្និសីទ​កាសែតបន្ទាប់ពីកិច្ច​ប្រជុំថាចំណុចដែលនៅសេស​សល់ពីកិច្ច​ប្រជុំមានតែ​ពីរចំណុចតែប៉ុណ្ណោះ​ ​គឺ​ដើម្បីក្លាយជាសមាជិក​គជប​ ​ថ្មីគឺត្រូវមាន​សញ្ជាតិ​ខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយ​គត់ និងទីពីរការជាប់ពាក់ព័ន្ធជាញាត្តិ​ពន្ធ ឬ​ញាត្តិលោហិតជា​មួយប្រធាន ឬ​ អនុប្រធាន​របស់គណបក្សមិនអាចទៅឈរជាបេក្ខជននៃគជប​ថ្មី​នេះបានទេ។​

លោកបញ្ជាក់ថា៖​ «ក្រុម​ការងារនៃគណបក្សទាំងពីរគឺខិត​ខំ​ធ្វើយ៉ាង​ណា​ដើម្បីឲ្យ​ គជប​ ​ស្របតាមស្មារតីដែលបានឯក​ភាពគ្នា ហើយនិង​បាន​រៀប​ចំ​បញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញ​គឺអាចបំពេញតួនាទីរបស់ខ្លួនបានប្រកបដោយអព្យាក្រិត្យនិងឯក​រាជ្យ​។​ អញ្ចឹងយើងឃើញហើយ​ ​ឧទាហរណ៍​ លក្ខខណ្ឌទាក់ទងជា​មួយនិងបញ្ហាសហព័ន្ធ បញ្ហា​ញាតិលោហិត​ បញ្ហាញាតិ​ពន្ឋជាដើម។ល។​ គឺថាយើងបានដាក់ជាលក្ខខណ្ឌ​ ​ពី​ព្រោះមូល​ហេតុអ្វីគឺដើម្បីធានាអព្យាក្រិត្យនៅក្នុងការបំពេញការងារ»។

លោក កួយ​ ប៊ុនរឿង​ ​តំណាងក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍​ថា ករណីសញ្ជាតិ​គណបក្សទាំងពីរបានឯក​ភាពមិនដាច់ណាត់នោះ​ទេ។​ គឺយើងបើកផ្លូវ​ឲ្យអ្នកដែលមានបំណងចង់ធ្វើជាបេក្ខជនសមាជិក​ ​គជប។​ នៅពេលដែលបានជាប់ឆ្នោត អាចដាក់ពាក្យលា​លែង​សញ្ជាតិរបស់ខ្លួននៅក្នុងតួនាទីរបស់ខ្លួនដែលត្រូវបានជ្រើ​សតាំងជា​សមាជិក គជប។ លោក​បានបញ្ជាក់​ថាចំពោះការជ្រើស​តាំងអគ្គ​លេខាធិការ និង អគ្គ​លេខាធិការរងនៃ​ គជប គណបក្សទាំងពីរបានឯក​ភាពគ្នាហើយ​ ​គឺសេចក្តីសម្រេចដោយមតិ​ភាគ​ច្រើន។

លោកនិយាយថា៖​ «បេក្ខជនណាទទួលបានការគាំទ្រ ទទួលយល់ព្រមពីសម្លេងភាគ​ច្រើននៃ គជប ហើយនិងត្រូវទទួលបានការតែង​តាំងជាអគ្គ​លេខាធិការនិងអគ្គ​លេខាធិការរង ​ដែល​ពីមុនមកយើងមានការពិគ្រោះគ្នាដោយសារក្នុងសេចក្តីព្រាងរបស់យើង​ ​គឺតែង​តាំងតាមសំណើររបស់ប្រធានបន្ទាប់ពីមាន​ការពិគ្រោះជា​មួយអនុប្រធាននិងសមាជិក។​ ប៉ុន្តែលើកនេះមិន​មែនជា​ការ​ពិគ្រោះទេ គឺជាសេចក្តីសម្រេច»។

ពាក់ព័ន្ធ​និងការអនុញ្ញាតិ​ឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយវិទ្យុនិងទូរទស្សន៍ ​ក្រសួងព័ត៌មានដោយមានការ​យល់ព្រមពីលោក​ ​ហ៊ុន សែន ​កាលពីថ្ងៃទី២៧ម្ស៉ិលមិញនេះ​ ​បានអនុញ្ញាតិឲ្យក្រុមហ៊ុន ​Cambodia​ Independent​ Media ដំណើរ​ការផ្សាយស្ថានីយទូរទស្សន៍តាមប្រព័ន្ធ​ ​Analog នៅរាជធានី​ ភ្នំពេញ ដែលមានកម្លាំង​ផ្សាយ ១០​KW កម្ពស់អង់​តែន១២០​ម៉ែត្រ​។

មេដឹក​នាំគណបក្សទាំងពីរក៏បានពិភាក្សា អំពី ការ​ស្នើ​របស់គណបក្សជំទាស់ដែល​សុំឲ្យ​ដោះ​លែងសកម្មជនគណបក្ស សកម្មជនដីធ្លី និង ព្រះសង្ឃដែលកំពុងជាប់ឃុំ​ឃាំងក្នុងពន្ធនាគារ​ចំនួន​ ​១៩​នាក់ផង​ដែរ។​ ​មន្ត្រីគណបក្សទាំង​ពីរបានអះអាងថា​ ​អ្នក​ទាំង​នេះនឹងត្រូវបានដោះ​លែងក្នុងពេល​ឆាប់ៗខាង​មុខមិន​ខាន៕

XS
SM
MD
LG