ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​​​ទាំង​ពីរ​ក្នុង​សភា​​​​នៅ​ខ្វែង​គំនិត​គ្នា​អំពី​​​សេចក្តី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥


រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ដែល​មាន​កញ្ចប់​ថវិកា​ជាង​៣.៨០០​លាន​ដុល្លារ។
រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ដែល​មាន​កញ្ចប់​ថវិកា​ជាង​៣.៨០០​លាន​ដុល្លារ។

ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ជា​ឯកតោភាគី​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​នេះ។ ក្រុម​តំណាងរាស្ដ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ ​ដោយសារ​តែ​ខ្លួន​អះអាង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​គួរ​ទទួល​យក​បាន។​

រដ្ឋសភា​នៃ​ប្រទេស​កម្ពុជាដោយ​មិន​មាន​ការ​គាំទ្រ​ពី​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ដែល​មាន​កញ្ចប់​ថវិកា​ជាង​៣.៨០០​លាន​ដុល្លារ។

ថវិកា​នេះ​កើន​១០,៨​ភាគរយ​ឬ​ស្មើ​នឹង​ជាង​៥០០​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​រដ្ឋាភិបាល​ឆ្នាំ​២០១៤​និង​ស្មើ​នឹងជិត​២២​ភាគរយ​នៃ​ផលិតផល​ដុល​សរុប​ (GDP)។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបាន​ថ្លែង​នៅ​មុនក្រុម​តំណាងរាស្ត្រ​ចាប់​ផ្តើមពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​នេះថា ​ថវិកា​ទាំង​នេះ​សំដៅ​បង្កើន​ការ​ប្រកួត​ប្រជែង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​និង​តំបន់ ​ជា​ពិសេស​សម្រាប់​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​តែ​មួយ​នៃ​សមាគម​អាស៊ាននៅ​ចុង​ឆ្នាំ​២០១៥។

«នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ​កម្ពុជា​ត្រូវ​ធានា​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ចំនួន​៧​ភាគ​រយ​ក្នុងមួ​យ​ឆ្នាំ​ប្រកប​ដោយ​បរិយាប័ន​ដែល​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បានសម្រាប់​បង្កើត​ការងារ​និង​ឱកាស​រក​ប្រាក់​ចំណូល​សមរម្យព្រម​ទាំង​ការ​បង្កើន​ល្បឿន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនិង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ទូទៅឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​វិនិយោគ​និង​ធុរកិច្ច។»​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីហិរញ្ញវត្ថុដែល​កាល​ពីមុន​គេ​ហៅ​ថា​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​មាន​៦​ជំពូក​និង​១៧​មាត្រា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ផ្តោត​លើ​ការ​ចំណាយ​ជា​សំខាន់​លើ​រដ្ឋបាល​ទូទៅ​ លើ​ផ្នែក​ការពារ​ជាតិ​ ផ្នែក​សន្តិសុខ ផ្នែក​កិច្ចការ​សង្គម ផ្នែក​អប់រំ​ សុខាភិបាល កសិកម្ម​និង​ផ្នែក​ហេដ្ឋារចនាសម្ពន័​រួម​ទាំង​ផ្នែកអភិវឌ្ឍន៍​សេដ្ឋកិច្ច។

​តំណាងរាស្ដ្រ​ចំនួន៦៥​រូប​ក្នុង​ចំណោម​តំណាងរាស្ដ្រ​មាន​វត្តមាន​សរុប​១០៩​រូប​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​កញ្ចប់​ថវិកាឆ្នាំ​២០១៥​នេះ។ ​ប៉ុន្តែតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិជាង៤០​រូបដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​មិន​បាន​លើក​ដៃ​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ។

​លោក កឹម​ សុខា អនុប្រធាន​ទី​១​រដ្ឋសភា​ខាង​គណបក្ស​ជំទាស់​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ នៅ​មាន​បញ្ហា​មួយ​ចំនួនទាក់ទង​នឹង​ចំណូល​ចំណាយ​មិន​ចំ​គោលដៅ​ តំឡើង​បៀរវត្ស​ជូន​រាជការ​ ផ្នែកសុខាភិបាល​នៅ​ទន់​ខ្សោយ វិស័យ​អប់រំ​នៅ​មានគុណភាព​អន់ថយ ការ​តំឡើង​ប្រាក់ខែ​តិចតួច​ដល់​មន្ត្រី​រាជការ​ដែល​មិន​ស្រប​តាម​ការ​ឡើង​ថ្លៃ​ទំនិញនិង​កង្វះ​ព័ត៌មាន​លម្អិត​បាន​ធ្វើ​ឲ្យ​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​មិន​គាំទ្រ​ការ​អនុម័ត​ច្បាប់​ថិវកា​នេះ។

«ខ្លឹមសារ​រួម​មិន​មាន​លក្ខណៈ​ច្បាស់លាស់​ឲ្យ​ទូលំទូលាយ​ដែល​មាន​ចំណុច​សំខាន់ៗ​ក្នុង​ការ​ចំណូល​ចំណាយ។ ​យើង​មិន​អាច​គាំទ្រ​ទេ។ ​រយៈពេល​ដែល​ផ្តល់​ឲ្យ​យើង​ពិនិត្យខ្លី​ពេក។»

ទោះ​ជា​បែប​នេះ​ក្តី​ លោក​ ជាម ​យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ធនាគារ​និង​សវនកម្ម​របស់​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាលើក​ឡើងថា លោក​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុគ្រប់គ្រង​ឆ្នាំ​២០១៥​នេះ​ដោយសារ​ថា​ មាន​ការ​ពិភាក្ស​យ៉ាង​ល្អិត​ល្អន់​ក្នុង​រង្វង់​រដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច​រួច​ទៅ​ហើយ។

«នេះ​គ្រាន់​តែ​ជា​ការ​គ្រោង​ទុក​នូវ​ថវិកា​ជាតិ​សម្រាប់​ការ​អនុវត្ត​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។​ រាជរដ្ឋាភិបាល​បាន​រៀបចំ​នូវ​ក្រសួង​អាទិភាព​ចំនួន​១០​រួម​មាន ​ក្រសួងអប់រំ ក្រសួង​សុខាភិបាល ក្រសួង​អភិវឌ្ឍន៍​ជនបទ កិច្ចការ​នារី ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម។ល។​ឃើញ​ថា​ការ​រៀប​ចំនេះ​សម​ស្រប​ហើយ។»

សូម​បញ្ជាក់​ថា​ ​ក្រុម​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៥​នេះ​ មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​នៅ​ម៉ោង​៦​ល្ងាច៕

XS
SM
MD
LG