ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលកម្ពុជាបើកឱ្យពលរដ្ឋអាច​ដាក់​ពាក្យបណ្តឹង​តាម​អនឡាញ​លើ​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


រូបឯកសារ៖ រូបភាពមួយបង្ហាញមនុស្សម្នាក់កំពុងវាយកុំព្យូទ័រ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ រូបភាពមួយបង្ហាញមនុស្សម្នាក់កំពុងវាយកុំព្យូទ័រ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​លើក​ឡើង​ថា ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​អំពើឆបោក​តាម​រយៈប្រព័ន្ធ​បច្ចេក​វិទ្យា អាច​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​បាន ដើម្បី​ជួយ​សម្រួលសេវា​សាធារ​ណៈ​ឱ្យ​ទាន់​ពេល​វេលា និង​ទទួល​បាន​ដំណោះ​ស្រាយ​លឿន។

លោក ជា ពៅ អគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បើក​ឱ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ តាម​រយៈ​គេហទំព័រ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​បាន​គ្រប់​ពេល ដោយ​មិន​មាន​ការ​បង់​ថ្លៃ​អ្វី​ឡើយ។

លោក​ថ្លែង​ថា​៖ «ចំណេញ​ពេល​វេលា ពេល​គាត់​ដាក់​ហ្នឹង​គឺ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​បាន​លឿន ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ក៏​បាន​ល្អ​ប្រសើរ។ សម័យ​នេះគឺ​សម័យ​បច្ចេកវិទ្យា​ អ៊ីចឹង​យើង​ត្រូវ​សម្រួល​សេវា​សាធារណៈ​ហ្នឹង​ឱ្យ​បាន​ប្រសើរ​ល្អ ហើយ​លឿន​។...កា​រដាក់​ពាក្យ​បណ្តឹង​អនឡាញ​នេះ ចំណង​ជើង​កន្លែង​ហ្នឹង​គេ​ដាក់​ថា​ Scam អ៊ីចឹង ​Scam ហ្នឹង​គឺការឆបោក​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា។ អ៊ីចឹង​ពេល​មាន​បញ្ហា​ហ្នឹង​គាត់​អាច​ដាក់​ពាក្យ​បណ្តឹង​មក​តាម​អនឡាញ​បាន»។

លោក ជា ពៅ ឱ្យ​ដឹង​ទៀត​ថា​ ការ​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ និង​ការ​ដាក់​ពាក្យ​បណ្តឹង​នៅ​តាម​មូល​ដ្ឋាន​ដោយ​ផ្ទាល់ គឺ​មាន​ភាព​ដូច​គ្នា ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​មាន​ភាព​ងាយ​ស្រួល​ជាង ហើយ​វា​ជា​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​បច្ចេកវិទ្យា។

បើ​តាម​លោក ជា ពៅ ក្នុង​មួយ​សប្តាហ៍​ លោក​ទទួល​បាន​ពាក្យ​បណ្តឹងចាប់​ពី ​១០​ពាក្យ​បណ្តឹង​ឡើង​ទៅ។

អគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​រូប​នេះ​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​រាល់​ករណី​ឆបោក​ដែល​អាច​កើត​មាន​ឡើង​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា។

ទម្រង់​នៃ​ការ​បំពេញ​បែប​បទ​ការដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​នេះ ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​បំពេញ​តាម​លីង​ (Link) របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

បើ​តាម​ទម្រង់​នៃ​ពាក្យ​បណ្តឹង​អនឡាញ បទល្មើស​រួម​មាន​អំពើ​ឆបោក​តាម​រយៈ​ការ​វិនិយោគ ឆបោក​តាម​សារ​អេឡិចត្រូនិក ឆបោក​តាម​រយៈ​ប្រាក់​កម្ចី​ខុស​ច្បាប់ ឆបោក​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ឆបោក​តាម​ប្រព័ន្ធធនាគារ។ អ្នក​ដាក់​ពាក្យ​បណ្តឹង​ត្រូវ​បញ្ជាក់​ដំណើរ​រឿង ឯកសារ​យោង​ឬ​ភស្តុតាង​ពាក់ព័ន្ធ ឈ្មោះ​ដើម​បណ្តឹង អាសយដ្ឋាន លេខទូរស័ព្ទ និង​រូបថតដែលភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ។

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា​ ការ​បើក​ឱ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​ជា​រឿង​ល្អ​មួយ ​ដែល​ផ្តល់​ឱកាស​ដល់ពលរដ្ឋអាច​ដាក់​ពាក្យ​បណ្តឹង​បាន ដោយ​ខ្លួន​ឯង។ លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​អនុវត្ត និង​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដល់​ម្ចាស់​បណ្តឹង​ប្រកប​ដោយ​ភាព​យុត្តិធម៌។

លោក​ថ្លែង​ថា៖ «ការទ​ទួល​បណ្តឹង​ហើយ​ បើ​សិន​ជា​ចូល​តាម​គោល​ការណ៍​ទាំង​អស់​ហ្នឹង គឺ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​នីតិវិធី​ និង​ជួយ​រក​យុត្តិធម៌​សម្រាប់​អ្នក​ជន​រង​គ្រោះ​ អាហ្នឹង​បាន​ អាច​ទប់​ស្កាត់​ បង្រ្កាប​ទៅ​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​បាន ទោះបី​ជា​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​ចូល​រួម​ ឬ​អ្នក​ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​គ្រប់​រូបភាព​ហ្នឹង​មាន​ខ្នង​បង្អែក​ណា​ក៏​ដោយ​ ត្រូវ​តែ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»។

លោក​បន្ថែម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ផ្សព្វផ្សាយ​បន្ថែម​ពី​របៀប​នៃ​ការ​បំពេញ​បែប​បទ​ទៅ​តាម​ទម្រង់​នៃ​កា​រដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ ហើយ​ក៏​គួរតែ​ផ្តល់​កិច្ចការ​ការពារ​ដល់​ម្ចាស់​ពាក្យ​បណ្តឹង​ផង​ដែរ ដើម្បី​ធានា​បាន​ថា ​ពួកគេ​មាន​ទំនុក​ចិត្ត​និង​សុវត្ថិភាព​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG