ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​អំពាវនាវ​រក​ថវិកា​សម្រាប់​សំណង​ដល់​ជន​រងគ្រោះ


សវនាការ​សាលាក្តី​ខ្មែរក្រហម
សវនាការ​សាលាក្តី​ខ្មែរក្រហម
អង្គភាព​គាំពារ​ជន​រង​គ្រោះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​បន្ថែម​ទៀត​សម្រាប់​រៀប​ចំ​ផ្តល់​សំណង​ដល់​ជន​រង​គ្រោះ​ដោយ​របប​វាល​ពិឃាត​នេះ។

គម្រោង​ផ្តល់​សំណង​នេះ​សម្រាប់ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គទី​១ដែលបាន​បញ្ចប់​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣​ហើយ​សាល​ក្រម​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៤​នេះ។

លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គ​ភាព​គាំពារ​ជនរងគ្រោះបាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា៖«នៅ​មាន​ការ​ខ្វះ​ខាត​មូលនិធិ»​ជំនួយ​សម្រាប់​គម្រោង​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី។

មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហមអំពាវនាវ​ដល់​«ប្រទេស​ម្ចាស់​ជំនួយ​សក្តានុពល»​ឲ្យ​ចូល​រួម​ផ្តល់​វិភាគ​ទានចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​មិនា។

​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​ដល់​តុលាការ​នូវ​គម្រោង​សំណង​ចំនួន​១៣​សម្រាប់​សំណុំរឿង​០០២​វគ្គ​ទី​១​ក្នុងនោះ​មាន​ទី១គឺ​ទិវា​នៃ​ការច​ងចាំ​ជន​រងគ្រោះ​ស្លាប់​និង​នៅ​រស់​រាន​មាន​ជីវិត​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។​ទិវា​នេះ​ត្រូវ​គេ​ដឹងថា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០​ឧសភា។ ទី២​ ការកសាង​ទី​កន្លែង​រំលឹក​វិញ្ញាណ​ខន្ធ​ជន​រងគ្រោះ​ជា​សាធារណៈ ​ទី៣គម្រោង​កសាង​ស្តូបរំលឹកវិញ្ញាណខន្ធ​ដល់​ជន​រងគ្រោះ​នៅ​មុខ​ស្ថាន​ទូត​បារាំងក្នុង​ទីក្រុង​ភ្នំពេញ ​ទី៤ ​ការកសាង​បូជនីយដ្ឋាន​សម្រាប់​ជន​រងគ្រោះ​ខ្មែរ​នៅ​ប្រទេស​បារាំង​ ទី​៥​គម្រោង​ព្យាបាល​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​តាម​រយៈ​ការ​ផ្តល់​សក្ខីកម្ម ​ទី​៦​គម្រោង​បង្កើត​ក្រុម​ជួយ​ខ្លួនឯង​ដើម្បី​ដោះស្រាយ​ការឈឺចាប់​ក្នុង​អតីតកាល ​ទី​៧​គម្រោង​តាំង​ពិព័ណ៌​អចិន្ត្រៃយ៍​ស្តី​ពី​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ​ទី​៨​គម្រោង​តាំង​ពិព័ណ៌​ចល័ត​ស្តី​ពី​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​នេះ ​ទី៩​គម្រោង​បង្កើត​សៀវភៅ​សិក្សា​ស្តីពី​ការ​ជម្លៀស​ដោយ​បង្ខំ​សម្រាប់​គ្រូ​បង្រៀន​ ទី១០​គម្រោង​បង្កើត​មណ្ឌល​សិក្សា​ដើម្បី​សន្តិភាពសហគមន៍​ក្នុង​ខេត្ត​បាត់​ដំបង​ ទី​១១​គម្រោង​បោះពុម្ព​សៀវភៅ​ជីវប្រវត្តិ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី ​ទី​១២ ​ការបោះពុម្ព​និង​ចែកចាយ​សាល​ក្រម​សំណុំ​រឿង​០០២​វគ្គទី​១​និង​ទី​១៣​ការផ្សព្វផ្សាយ​ឈ្មោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី។

យោង​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​តុលាការ​អាច​សម្រេច​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​បាន​លុះ​ណា​តែ​គម្រោង​សំណង​ទាំងឡាយ​ណា​ទទួល​បាន​ការគាំទ្រ​ថវិកា​ជាក់​លាក់​ជា​មុន​សិន។

លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​សព្វថ្ងៃអង្គភាព​គាំពារ​ជន​រង​គ្រោះទទួល​បាន​ថវិការ​ជំនួយ​មួយ​ចំនួន​ប៉ុន្តែ​ជំនួយ​នោះមិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ចំណាយ​សម្រាប់គម្រោង​ទាំង​១៣​នោះ​ទេ។

«ការ​ផ្តល់​សំណង​ណាមួយ​អាច​ធ្វើ​ទៅ​បាន​ទាល់តែ​សំណង​នោះ​មាន​មូល​និធិ​គ្រប់គ្រាន់ហើ​យ​អាច​អនុវត្ត​បាន​ទើប​អង្គ​ជំនុំ​ជម្រះ​សម្រេច​ផ្តល់​សំណង​ទាំង​នោះ​ហើយ​ថវិកា​ដែល​យើង​រក​បាន​គឺ​ចំនួន​ជាង​៦​សែន​ដុល្លារ​ហើយគឺ​យើង​ត្រូវការ​ថវិកា​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​គម្រោង​ទាំង​១៣​នេះ​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​អនុវត្តន៍»។

លោក​ស៊ុំ រិទ្ធី ​ដើមបណ្តឹង​រដ្ឋប្បវេណីម្នាក់​ក្នុង​សំណុំរឿង​០០២​អធិប្បាយ​ថា​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ចង់​បាន​យ៉ាង​ហោច​ណាស់​ឲ្យ​មាន​ស្តូប​រំលឹក​វិញ្ញាណខន្ធ​ជន​រងគ្រោះក្នុង​មួយ​ខេត្ត​ចំនួន​មួយ។

«ជន​រង​គ្រោះ​ទាំង​អស់​ទូទាំង​ប្រទេស​ចង់​បាន​ច្រើន​ហើយ​សុំ​កន្លែង​គោរព​ជនរងគ្រោះ​យ៉ាង​ហោច​ណាស់​ខេត្តមួយ​មាន​ចំនួន​មួយ»។​

សំណុំរឿង​០០២​នៅ​សល់​ជន​ជាប់​ចោទ​ចាស់ជរា​តែពីរនាក់​តែប៉ុណ្ណោះ​គឺ​នួន ជា ​អតីត​ប្រធានសភា​ខ្មែរក្រហម​អាយុ​៨៧​ឆ្នាំ​និង​ខៀវ សំផន​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​អាយុ​៨២​ឆ្នាំ។

​នៅពេល​នេះ​អង្គ​ជំនុំជម្រះ​សាលា​ដំបូងកំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាត់ទោសជន​ជាប់​ចោទ​ទាំងពីរ​ជំហាន​ទីពីរ​ទៀត​ប៉ុន្តែ​កាល​បរិច្ឆេទនៃ​សវនាការ​នៅ​មិន​ទាន់​កំណត់​នៅឡើយ។

លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គ​ភាព​គាំពារ​ជនរងគ្រោះបញ្ជាក់​ថា​ការ​រួម​ចំណែក​របស់​ប្រទេស​ម្ចាស់​ជំនួយ​នឹង​«ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​យូរ​អង្វែង​សម្រាប់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​និង​ជន​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា»​សម្រាប់ការ​សម្រេច​ក្តី​ក្នុង​ជំហាន​ទី​១៕
XS
SM
MD
LG