ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​ក្រៅ​ស្រុក​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​២៥៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២


ពលករ​ខ្មែរ​នៅ​ក្នុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង (រូបថត៖ Touch Vibol)
ពលករ​ខ្មែរ​នៅ​ក្នុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង (រូបថត៖ Touch Vibol)
ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ពលករ​ចំណាក​ស្រុក​ខ្មែរ​បាន​ផ្ញើ​ប្រាក់​ចំនួន​២៥៦លាន​ដុល្លារ​មក​ឱ្យ​បងប្អូន​ដែល​នៅ​ក្នុង​ប្រទេស​វិញ​ហើយ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​បាន​ជិត​ពីរ​ភាគរយ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​«ការ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​នៅ​អាស៊ី» (Sending Money Home to Asia) ក៏​បាន​ឱ្យ​ដឹង​ថា​ជារៀង​រាល់​ឆ្នាំ​ពលករ​ចំណាក​ស្រុក​នៅ​ទូទាំង​ទ្វីប​អាស៊ី​ផ្ញើ​ប្រាក់​ឱ្យ​ក្រុម​គ្រួសារ​បាន​ចំនួន​២៦០​ពាន់​លាន​ដុល្លារ​ហើយ​ក្នុង​បណ្តា​ប្រទេស​ដែល​នៅ​អាស៊ី​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន​ទទួល​បាន​ប្រាក់​ច្រើន​ជាង​គេ​ពី​បងប្អូន​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ទទួល​បាន​ប្រាក់​ចំនួន​២៤.៣២៥​លាន​ដុល្លារ។

ប៉ុន្តែ​របាយការណ៍​នេះ​បញ្ចប់​ដោយ​បញ្ជាក់​ថា​តម្លៃ​សេវា​ក្នុង​ការ​ផ្ញើ​ប្រាក់​មាន​ជា​មធ្យម​៩​ភាគរយ​ហើយ​ជម្រើស​សម្រាប់​យក​ប្រាក់​នេះ​ទៅ​វិនិយោគ​មាន​តិចតួច​ណាស់។
លោកខេវិន គ្លីវើ ​អនុប្រធាន​នៃ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​របស់​អង្គការ​សហប្រជាតិបញ្ជាក់​ថា​ប្រសិនបើ​ការចំណាយ​ថ្លៃ​សេវា​ចុះទាប​ជាង​នេះ​អាច​នឹង​សល់​ថវិកា​ខ្លះ​សម្រាប់​ការ​វិនិយោគ​ដោយ​ផ្ទាល់។

របាយការណ៍​នេះក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ​ក្នុង​ឆ្នាំ​២០១០ប្រទេស​កម្ពុជា​មាន​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន​៣៥០.៤៨៥​នាក់​ក្នុង​ខណៈ​ដែល​មានអ្នក​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ​គឺ​មាន​ចំនួន​ប្រហាក់​ប្រហែល​ដែរ​គឺ​៣៣៥.៨២៩​នាក់។​ រី​ឯ​ប្រទេស​វៀតណាម​វិញ​មាន​អ្នក​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​តែ​៦៩.៣០៧​នាក់​ទេ​ប៉ុន្តែ​បាន​បញ្ចេញ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ទៅ​២.២២៦.៤០១​នាក់។ សម្រាប់​ទ្វីប​អាស៊ី​ទាំងមូល​មាន​ពលករ​ចំណាក​ស្រុក​រហូត​ដល់​៦០​លាន​នាក់៕
XS
SM
MD
LG