ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​កិច្ចចរចា​សន្តិភាព​រវាង​ភូមា ​និង​ក្រុម​ឧទ្ទាម ​ដើម្បី​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្រ្ត


ពលរដ្ឋ​ភូមា​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ស្រែក​តវ៉ា​ដើម្បី​ថ្កោលទោស​ការ​កាត់ទោស​ដោយ​កងទ័ពភូមា​ទៅលើ​ជនជាតិ​ភាគតិច នៅជិត​ស្ថានទូត​ភូមា នៅក្នុង​ក្រុង​កួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១១ តុលា ២០១១។
ពលរដ្ឋ​ភូមា​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ស្រែក​តវ៉ា​ដើម្បី​ថ្កោលទោស​ការ​កាត់ទោស​ដោយ​កងទ័ពភូមា​ទៅលើ​ជនជាតិ​ភាគតិច នៅជិត​ស្ថានទូត​ភូមា នៅក្នុង​ក្រុង​កួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១១ តុលា ២០១១។

ប្រទេស​ ភូមា (Burma) ទទួល​បាន​ការកោតសរសើរចំពោះការចុះ​ហត្ថលេខាទៅលើបទឈប់បាញ់គ្នាមួយ​ចំនួន​ ជាមួយក្រុមឧទ្ទាមជន​ជាតិ​ភាគតិច ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព។ ប៉ុន្តែ ជម្លោះ​ដែលកើតឡើង​សារជាថ្មី​ជាមួយ​ក្រុមមួយ​ ដែលមាន​ឈ្មោះ​ថា កងទ័ពគាំទ្រ​ឯករាជ្យភាព កាជីន (Kachin Independence Army)​ ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា KIA កំពុង​គំរាម​កំហែង​សន្តិភាព​នៅ​តាមតំបន់​ព្រំដែន​សំខាន់ៗជាមួយប្រទេស ចិន (China)។ ដើម្បី​ជួយ​ដោះស្រាយស​ភាពការណ៍នេះ ចិន ​បានធ្វើ​ជាម្ចាស់ផ្ទះ​យ៉ាង​ស្ងាត់ៗ ចំពោះការចរចា​សន្តិភាព​រវាង​អាជ្ញាធរ ភូមា និង​ក្រុមឧទ្ទាម។

រដ្ឋ កាជីន (Kachin) ភាគ​ខាងជើង​ដែល​សម្បូរទៅដោយ​ធនធាន​របស់​ ភូមា បាន​ក្លាយ​ជា​ទីតាំង​នៃ​ការប្រយុទ្ធ​គ្នាយ៉ាង​រប៉េះរប៉ោះ​ ​ចាប់តាំង​ពី​ខែ​មិថុនា នៅពេល​ដែល​បទឈប់​បាញ់​រយៈពេល​១៧​ឆ្នាំ បាន​បញ្ចប់​ទៅដោយ​មាន​ការប៉ះទង្គិច​គ្នាដ៏ហិង្សា។

ចាប់តាំង​ពីពេល​នោះមក អ្នកភូមិ​រាប់​ពាន់​នាក់ ​បាន​ភៀសខ្លួន​ឆ្លង​ព្រំដែន​ ​ចូល​ទៅ​ក្នុងប្រទេស​ចិន។

លោក ប្រាយអិន អ៊ីរិកសុន (Brian Erikson) ធ្វើការ​ជាមួយ អង្គការ​ដៃគូជួយ​សង្រ្គោះ​និង​អភិវឌ្ឍន៍ (Partners in Relief and Development)។ លោក ប៉ាន់ស្មាន​ថា ប្រជាពលរដ្ឋ​ជាង​៦ម៉ឺននាក់ ​បានបាត់​បង់ទីជម្រកនិង​រស់​នៅ​តាម​តំបន់​ព្រំដែន។ លោក អ៊ីរិកសុន និយាយថា ប្រជាពលរដ្ឋ​ ​ដែល​រស់នៅ​ក្នុង​ប្រទេស​ភូមា ​ខ្វះខាត​ចំណីអាហារ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រងគ្រោះពី​ជំងឺឆ្លង​តាម​ផ្លូវ​ដង្ហើម ​ដោយសារ​អាកាសធាតុ​ត្រជាក់។

«ពិតជាមាន​ប្រជាពលរដ្ឋដែលមាន​ចំនួនរាប់ពាន់​នាក់ ដែលបាន​ភៀសខ្លួន​ពី​វាយ​ប្រយុទ្ធ​គ្នា​ដោយផ្ទាល់​ ជាមួយកងទ័ពភូមា ដែល​បាន​ភៀសខ្លួន​ចេញពី​ការប្រឈមមុខផ្ទាល់​ៗ ដែលកង​កម្លាំង​ប្រដាប់​អាវុធ ​បាន​ទាមទារ​យក​តំបន់នោះ ទ្រព្យសម្បត្តិ និង​ជូនកាល​ ប្រជាពលរដ្ឋ ​ដោយបង្ខំ​ទៀត​ផង។ ដូច្នេះ ប្រជាពលរដ្ឋ​ បានភៀសខ្លួន ចំ​ពេល​មានបាញ់ប្រហារ​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ពិត។ ខ្ញុំ​គិតថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ បាន​គេច​ចេញ ដោយសារការភ័យខ្លាច​នៃ​សភាពការណ៍នេះ»។

សភាពការណ៍នោះ ពិបាក​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ណាស់​ ដោយសារតែ​អង្គការ​អន្តរជាតិ​និងអ្នកកាសែត កម្រទទួល​បាន​ការ​អនុញ្ញាត​ និង​ដាក់​កម្រិតចំពោះការ​ធ្វើ​ដំណើរ​ចូលទៅកាន់​រដ្ឋ កាជីន។

ចំណែកឯ សភាពការណ៍នៅខាង​ប្រទេស ចិន ក៏មិន​ច្បាស់លាស់​ដែរ។ អាជ្ញាធរ ចិន មិនបាន​ទទួលស្គាល់​វិបត្តិ​ជនភៀសខ្លួន​ណាមួយ​ទេ ប៉ុន្តែ ពួកគេ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ នៅក្នុង​ការផ្តល់​តំបន់​អព្យាក្រិត​សម្រាប់​ភាគី​ទាំងសង​ខាង ដើម្បី​ធ្វើការចរចា កាលពី​ខែមុន ​និង​នៅក្នុង​ខែ​វិច្ឆិកា។

ជម្លោះ​ប្រហាក់ប្រហែល​គ្នារវាងកងទ័ព​ភូមា​និងក្រុម​ជីវពល ជនជាតិ​កូកាន (Kokan) នៅក្នុង​រដ្ឋ ស្សាន (Shan) កាល​ពីឆ្នាំ​២០០៩ បានរំខាន​ដល់​ពាណិជ្ជកម្ម​និងបណ្តាល​ឲ្យជនភៀសខ្លួន​រាប់ពាន់​នាក់ រត់ភៀសខ្លួន​ទៅក្នុង​ប្រទេស​ ចិន។

លោក រ៉ាវីប្រាសាដ ណារ៉ាយ៉ាណាន (Raviprasad Narayanan) ​ជា​អ្នកស្រាវជ្រាវ​មួយ​រូប​នៅឯ​សាកល​វិទ្យល័យ​ជាតិ ចេងជី របស់តៃវ៉ាន់ (National Chengchi University)។ លោក និយាយ​ថា ​តួនាទី​របស់ ចិន ក្នុង​នាម​ជាម្ចាស់ផ្ទះ​ គឺ​ដោយ​សារជម្លោះ​នោះ​តែម្តង។

«ចំណាប់​អារម្មណ៍​សាជាថ្មីនេះ​ដែល​ទីក្រុង ប៉េកាំង (Beijing) បានបង្ហាញថា ខ្ញុំ​ចង់និយាយ​ថា ​ចំណាប់អារម្មណ៍​នោះបានលេចឡើងបន្ទាប់​ពីជម្លោះ​ជាមួយ​នឹង​ក្រុម​ជនជាតិ កូកាង (Kokang) កាល​ពី​ខែ​សីហា​ឆ្នាំ​២០០៩។ ឥឡូវនេះ អ្នកជួប​វិបត្តិ​ជនភៀសខ្លួន​ដែល​ស្ថិត​នៅតាមព្រំដែន​របស់ ចិន។ វិបត្តិនេះ​ បានបង្កើតបញ្ហាតូចតាចជាច្រើន ដែល​មិនមែន​ត្រឹមតែ​សម្រាប់​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​អ្នក​ដែល​កំពុង​អង្គុយ​នៅទីក្រុង ប៉េកាំង ទៀតផង។ ដូច្នេះ ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មិនគួរចាក​ឆ្ងាយ​ពី​វិបត្តិនេះឡើយ​ទោះក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ដោយបារម្ភ​ថា ពួកគេ​ អាច​ត្រូវកត់​សម្គាល់​ថាមិន​បាន​តាមឃ្លាំ​មើល​កិច្ចការ​នេះ​»។

ការប្រយុទ្ធដែល​នៅតែ​បន្ត កំពុងគំរាម​កំហែង​ដល់សន្តិភាព​ផង និងទឹកប្រាក់​រាប់ពាន់​លាន​ដុល្លា ក្នុង​វិស័យពាណិជ្ជកម្ម​និង​វិនិយោគទុនរបស់ចិន​ទៀត​ផង​។

ភាព​ប្រទូសរ៉ាយនៅក្នុង​រដ្ឋ កាជិន បានផ្ទុះឡើង​ក្បែរ​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គីសនី​ដ៏​ចម្រូង​ចម្រាសដែល​គាំទ្រ​ដោយ​ចិន​។

បន្ទាប់ពី​ការប្រយុទ្ធគ្នា​បានផ្ទុះឡើង​ នៅ​ក្បែរ​គម្រោង​សាងសង់​ទំនប់ មីអ៊ីតសុន (Myitsone) ដែលមាន​តម្លៃ​បីពាន់លាន​ដុល្លាកន្លះ ប្រធានាធិបតី ភូមា លោក ថេន សេន (Thein Sein) បានបញ្ជា​ឱ្យផ្អាកការសាងសង់ ដែល​បាន​ធ្វើឱ្យ ចិន មាន​ការភ្ញាក់​ផ្អើល​និងមិន​សប្បាយ​ចិត្ត។

ទីក្រុង ប៉េកាំង មាន​កិច្ចព្រមព្រៀងដើម្បី​សាងសង់​ទំនប់​វារីអគ្គីសនី​ចំនួន​៧​កន្លែងនៅក្នុង​រដ្ឋ កាជីន ដែល​ថាមពល​អគ្គីសនី​យ៉ាង​ច្រើននឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន។

លោក អ៊ុង យ៉ាវ ហ្ស៊ូវ (Aung Kyaw Zaw) ជា​អ្នកវិភាគ​អំ​ពីប្រទេស ភូមា ដែល​មូលដ្ឋាន​នៅតំបន់ រ៉ួលី (Ruili)។ លោក ​ថ្លែងថា ​ចិន កំពុងធ្វើជា​ម្ចាស់ផ្ទះ​នៃការ​ចរចា​សន្តិភាពនេះ​ ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួនតែ​ប៉ុណ្ណោះ។ ​

«នៅភាគ​ខាងជើង​តំបន់ កាជីន ជាពិសេស​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងទ័ព KIA មានមូលធន​របស់​រដ្ឋាភិបាល​ចិន​ជាច្រើន លុយ​វិនិយោគ​ជាច្រើន និង​គម្រោង​ជាច្រើន។ ពួកគេ​ត្រូវការ​សន្តិភាព»។

ក្រុម​អ្នកវិភាគ ​និយាយ​ថា បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន ដែល​ប្រទេស ចិន និង ភូមា ​កំពុង​តែ​ដាក់​រាយ​កាត់​ផ្ទៃ​ប្រទេស​ កាន់​តែ​មាន​សារសំខាន់​ជាងនេះ​ទៅទៀត។

នៅពេល​ដែលបំពង់​បង្ហូរប្រេង​នេះ សាង​សង់រួច ​បំពង់​ទាំងនេះ​នឹង​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស ភូមា និង​ចូល​ទៅក្នុងតំបន់ រ៉ួលី (Ruili) របស់ចិន ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ កាជីន និង​មិនឆ្ងាយ​ប៉ុន្មាន​ទេ​ពី​តំបន់មាន​ការវាយ​ប្រយុទ្ធគ្នា​ កាល​ពី​ពេល​ថ្មីៗនេះ។

បំពង់​បង្ហូរប្រេង​ទាំងនេះ​ នឹង​ផ្តល់ផ្លូវយុទ្ធសាស្រ្ត​ផ្សេង​មួយទៀត​សម្រាប់​ការបង្ហូរ​ប្រេង​ពី​ទ្វីប​ អាហ្រ្វិក (Africa) ​និងតំបន់ ​មជ្ឈិម​បូព៌ា (Middle East) ​ទៅកាន់​ប្រទេស ចិន ដោយគេចចេញ​ពីច្រក​សមុទ្រនៃ​ជ្រោយ​ម៉ាឡាកា (Malacca) ដែល​ពោរពេញ​ទៅដោយ​អំពើ​ប្លន់​តាម​សមុទ្រ។

លោក ម៉ួង ហ្សានី (Maung Zarni) ដែលជា​អ្នកស្រាវជ្រាវមួយរូប​នៅឯ​សាលា​សេដ្ឋកិច្ច​ទីក្រុងឡុងដ៍ (London School of Economics) និយាយ​ថា បំពង់​បង្ហូរ​ប្រេងនេះ ​បានប្រែក្លាយសន្តិភាព​រវាង​ប្រទេស ភូមា និង​កងទ័ពឧទ្ទាម​ ទៅជា​កម្មវត្ថុ​យុទ្ធសាស្រ្តសម្រាប់ប្រទេស ចិន។

«រដ្ឋ កាជីន ​មាន​សារសំខាន់​យ៉ាងខ្លាំង​បំផុត​សម្រាប់​ទាំង​របប​យោធា​ ភូមា ​និង​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង ទាក់ទង​ទៅនឹង​ការផ្តល់ឱ្យ​និង​ការការពារ​សន្តិសុខ​សម្រាប់​បំពង់​បង្ហូរ​ប្រេង ក៏ដូច​ជា​តំបន់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន»។

ចិន ទិញ​និង​វិនិយោគ​ទៅលើ​ធនធានរ៉ែ ត្បូង​មានតម្លៃ និង​ការកាប់ឈើ​ នៅ​តាម​ព្រំដែន​ ក្នុង​ប្រទេស ភូមា ដែលមិនមែនស្រប​ច្បាប់ទាំង​អស់នោះទេ។ ផ្ទុយ​ទៅវិញ ចិន លក់ផលិតផល​កែច្នៃ​ក្នុង​តម្លៃ​ថោក។

ក្រុម​អ្នក​វិភាគ​យោធា​ និយាយ​ថា ចិន គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​បង្អស់​ទៅឱ្យ​កងទ័ពរួបរួម​រដ្ឋ វ៉ា (United Wa State Army)។

កងទ័ព​ វ៉ា (Wa) គឺជា​ក្រុមកងទ័ព​ធំជាងគេ​បង្អស់ ដែល​ត្រូវបាន​ប៉ាន់ស្មាន​ថា​មាន​កងកម្លាំង​ប្រយុទ្ធ​រហូត​ដល់ទៅ​៣​ម៉ឺន​នាក់ និង​ត្រូវបាន​ចាត់ទុក​ថាជាបណ្តាញ​ជួញដូរ​ថ្នាំញៀន ណារកូទិន (Narcotics) ធំជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី​អគ្នេយ៍ (Southeast Asia)ផងដែរ។

ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​នៃ​ផលប្រយោជន៍​របស់​ខ្លួន ចិន ក៏បាន​លក់គ្រឿង​សព្វាអាវុធ​ទៅឱ្យ​រដ្ឋាភិបាល​យោធា ភូមា។

ប៉ុន្តែ អ្នកស្រាវជ្រាវ ហ្សានី និយាយ​ថា ដោយ​សេដ្ឋកិច្ច​របស់​ភូមា បាន​បើកចំហរ ការយក​ចិត្ត​ទុក​ដាក់​របស់​ប្រទេស ចិន ត្រូវបាន​ផ្សាភ្ជាប់​ដោយ​ផ្ទាល់​ទៅនឹងរដ្ឋធានី ណាយ៉ីពយីដាយ (Nayipyidaw)នេះតែ​ម្តង។

«ខណៈដែល​ ចិន ​ត្រូវ​ការ​បំពេញផលប្រយោជន៍​របស់ខ្លួន ​ប្រទេសនេះ​ ​នឹង​ដាក់សម្ពាធ​ទៅលើ​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិចនៅតាមមូលដ្ឋាន ជាពិសេសក្រុមជនជាតិ វ៉ា (Wa) ហើយអ្នកដឹងទេ ខ្ញុំ​គិតថា ក្រុម​ជន​ជាតិ​ កាជីន ក៏ដូចគ្នាដែរ។ ប៉ុន្តែ ខ្ញុំ​មិនដឹង​ថា តើ​កិច្ចប្រឹង​ប្រែងរបស់​ពួកគេ​មាន​លក្ខណៈស្ថាបនា​ឬ​មានភាព​លម្អៀង ក្នុងកម្រិត​ណា​នោះឡើយ​ ដើម្បី​គាំទ្រផលប្រយោជន៍​របស់​ ភូមា។ នៅ​ត្រឹម​ចំណុច​នេះ ដោយសារ​ ចិន កំពុងតែ​ចាប់​ត្រី​ធំជាង​នេះនៅក្នុងទីក្រុង​ ណាយីបយីដាយ៍ (Naypyidaw) ជាជាង​ចាប់​ត្រី​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយនឹងក្រុមជនជាតិភាគតិចនៅតាម​មូលដ្ឋាន»។

ការបញ្ចប់​ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម គឺជា​ការទាមទារ​ដ៏សំខាន់​មួយ​របស់​ប្រទេស​មហា​អំណាច​លោក​ខាងលិច ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ ភូមា បន្ទាប់ពីរយៈ​ពេល​ច្រើន​ឆ្នាំ​នៃការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចរួច​មក។

កន្លងមក រដ្ឋាភិបាល​ ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយក្រុម​ជនជាតិ វ៉ា (Wa) ការ៉ែននី (Karenni) ស្សាន (Shan) ជីន (Chin) និង​បទឈប់បាញ់គ្នា​ជាប្រវត្តិសាស្រ្ត​ជាមួយ​ជនជាតិ ការ៉ែន (Karen) ដែល​បាន​ប្រយុទ្ធប្រឆាំង​នឹង​កងយោធា​របស់ប្រទេស​ ភូមា អស់​រយៈពេល​៦​ទសវត្សរ៍​មក​ហើយ៕

XS
SM
MD
LG