ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយ​ជន​បង្ក​ហេតុ​ដក​ពាក្យបណ្តឹង​លើគ្រួសារ​ជនរង​គ្រោះ​​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​បុរស​ម្នាក់​នៅ​ភ្នំពេញ


រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)
រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)

ម្តាយ​ជន​បង្ក​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា អយ្យការ​បាន​ទទួល​ចាត់​ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​ឈ្មោះ ​សុខ លីណា ​ម្តាយ​ជន​បង្ក​ បាន​ប្តឹង​ឈ្មោះ​ ​គ្រុយ ឈិញលាំង​ ដែល​ជា​ភរិយា​របស់ជន​រង​គ្រោះ ​និង​បង​ប្អូនរបស់​ជន​រង​គ្រោះ ​៣ ​នាក់​ផ្សេង​ទៀត​ ពី​បទ​បរិហារ​កេរ្តិ៍ជា​សាធារណៈ ​បរិហារ​កេរ្តិ៍​តាម​សារ​ព័ត៌មាន ​និង​ជេរ​ប្រមាថ​តាម​បណ្តាញ​សង្គម ​និង​បណ្តាញ​ព័ត៌មាន។ ​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី ២៣ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​អ្នកស្រី ​សុខ លីណា ​ដែល​ត្រូវ​ជា​ម្តាយ​របស់​ជន​បង្ក​ហេតុ បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​នោះ​វិញ។​

តំណាង​អយ្យការ​បាន​សម្រេច​តម្កល់​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ទុក​ឥត​ចាត់​ការ​ ដោយ​យោង​តាម​មាត្រា​ ៣០៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​«ពាក្យ​ប្តឹង​របស់​សាមី​ខ្លួន​គឺ​ជា​លក្ខខណ្ឌ​ចាំ​បាច់​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ ហើយ​ការ​ដក​ពាក្យ​បណ្តឹង​របស់​អ្នក​ប្តឹង​វិញ​នាំ​ឱ្យ​បណ្តឹង​អាជ្ញា​រលត់»។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

ម្តាយ​ជន​បង្ក​ធ្លាប់​អះអាង​ថា ​មូលហេតុ​ដែល​អ្នក​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ ដោយ​សារ​តែ​អ្នក​ស្រី​មិន​ចង់​ឱ្យ​មាន​ការ​ជេរ​ប្រមាថ​មក​កាន់​គ្រួសារ​ខ្លួន​ជា​បន្ត​ទៀត។​

គួរ​រំឭក​ថា ​កាល​ពី​ថ្ងៃ​ទី ​១៤​ ខែ​ធ្នូ ឆ្នាំ​ ២០២៣ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​វេលា​ម៉ោង​ ១០​និង​២០​នាទី​យប់​ ដោយ​បុគ្គល​ឈ្មោះ ​ព្រហ្ម វិចិត្រសុសក្តា ​ត្រូវ​បាន​រាយ​ការណ៍​ថា បើក​រថយន្ត​ Jeep ​ពណ៌​ខ្មៅ​បុក​បុរស​ជិះម៉ូតូ​ម្នាក់​ស្លាប់ ​នៅ​លើ​ផ្លូវ ​៥៦៦​កែង ​៣១៧ ​សង្កាត់​បឹងកក់​ ២ ​ខណ្ឌ​ទួលគោក។ ​ជន​បង្ក​បាន​រត់​គេច​ខ្លួន​ ប៉ុន្តែ​បាន​ចូល​ខ្លួន​មក​សារភាព​វិញ​ កាល​ពី​ថ្ងៃទី ​២៤​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣។​ តុលា​ការ​បាន​សម្រេច​ឱ្យ​ឃុំ​ខ្លួន​ជន​បង្ក​នោះ ​ក្រោម​បទ​ចោទ​ «ធ្វេស​ប្រហែស​ក្នុង​ការ​បើក​បរ» ​និង​«រត់​គេច​ខ្លួន»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG