ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តន្រ្តី​នាំ​បទ​ភ្លេង​ចម្រៀង​និង​វប្បធម៌​គុយបា​ចូល​អាមេរិក


សមាជិក​ក្រុម​តន្ត្រី Septo Tipico Tivoli កំពុង​បង្រៀន​​របាំ​គុយបា​ដល់​សិស្ស។
សមាជិក​ក្រុម​តន្ត្រី Septo Tipico Tivoli កំពុង​បង្រៀន​​របាំ​គុយបា​ដល់​សិស្ស។

ក្រុម​តន្ត្រី​គុយបា​មួយ​ក្រុម​ ដែល​មាន​គ្នា​៧​នាក់​ព្យាយាម​នាំ​ព័ត៌មាន​អំពី​ប្រទេស​គុយបា និង​វប្បធម៌​របស់​ប្រទេស​នេះចូល​មក​អាមេរិក។

កាល​ពី​៥០​ឆ្នាំ​មុន ក្នុង​សប្តាហ៍​នេះ,​ លោក​ ដ្វៃត៍ អេសិនហូវ័រ (Dwight​ Eisenhower​) ប្រធានាធិបតី​ សរអា បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​គុយបា,​ ក្រោយ​ពី​លោក​ ហ្វ៊ីដែល កាស្ត្រូ (Fidel​ Castro) បាន​ធ្វើ​ជាតូបនីយកម្ម​ទ្រព្យសម្បត្តិ និង​ពាណិជ្ជកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​អាមេរិក។​ លោក​ប្រធានាធិបតី​ ចន ខិនណឺឌី (John​ Kennedy) ដែល​ជា​អ្នក​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​អេសិនហូវ័រ, បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម លើ​ប្រទេសកោះ​នេះ​នៅ​ឆ្នាំ​បន្ទាប់។ ចាប់​តាំង​ពី​ពេល​នោះ​មក,​ ជន​ជាតិ​អាមេរិក​មាន​ទំនាក់​ទំនង​ដ៏​តិចតួច​ជាមួយ​ប្រទេស​គុយបា​ ហើយ​អាមេរិកាំង​ភាគ​ច្រើន​ដឹង​តិចតួច​អំពី​ប្រទេស​នៃ​តំបន់​ការាអ៊ីព និង​វប្បធម៌​របស់​ប្រទេស​នេះ។

ក្រុម​តន្ត្រីនេះ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា​ សិបតេតូ​ ទីពីកូ​ ទីវ៉ូលី​ (Septeto​ Tipico​ Tivoli),​ តាម​ឈ្មោះ​សង្កាត់ ទីវ៉ូលី​ (Tivoli)​ នៅ​ក្នុង​ទី​ក្រុង​កំណើត​ សានទីយ៉ាហ្គោ​ ដឺ គុយបា​ (Santiago​ de​ Cuba) ​របស់​ពួក​គេ។​ ទី​ក្រុង​នេះ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ប្រទេស​ហៃទី (Haiti)​ ហើយ​ក្រុម​អ្នកភ្លេង​ឲ្យ​ដឹង​ថា ទី​ក្រុង​នេះជា​កន្លែង​មួយ​ដែល​សប្បាយ​និង​ជា​កន្លែង​ដែល​មិត្តភក្តិ​ជួបជុំ​គ្នា។

កាល​ពី​បីបួន​ឆ្នាំ​មុន​ សមាជិក​នៃ​ក្រុម​អ្នកចម្រៀង​ជាពួក​ស្ត្រី​ ហ្វ៊ែមីនីន ថូន (Feminine Tone) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​ វ័រម៉ន​ (Vermont) ធ្លាប់​បាន​សម្តែង​នៅ​មហោស្រព​តន្ត្រី​មួយ​នៅ​ក្នុង​ប្រទេសគុយបា​ ហើយ​បាន​ជួប​នឹង​ក្រុម​តន្ត្រី​នេះ។ ម៉ារីសែល​ លូសឺរ៉ូ (Maricel Lucero)​ ដែល​ជា​អ្នក​បង្កើត​ក្រុម​ចម្រៀង​ជា​ពួក​ ធំ​ដឹង​ក្តី​នៅ​គុយបា​និយាយ​ថា​ ក្រុម​ទាំងពីរ​នេះ​បាន​ក្លាយ​ជា​មិត្តភក្តិ​យ៉ាង​ឆាប់រហ័ស។​ កាល​ពី​និទាឃ​រដូវ​មុន​ ក្រុម​ភ្លេង​បាន​សរសេរ​អ៊ីម៉េល (email​) ទៅ​នាង​អំពី​ផែនការ​របស់​ពួក​គេ​ទៅ​សម្តែង​មហោស្រព​នៅ​ប្រទេស​កាណាដា​....ហើយ​លូសឺរ៉ូនិយាយ​ថា​ ដោយ​គ្រាន់​តែ​ពួក​គេ​ឆ្លង​ព្រំដែន​ភ្លាម​នោះ​ ទំនង​ដូច​ជា​មាន​ឱកាស​ល្អសម្រាប់​នាំ​ពួកគេ​ទៅរដ្ឋ​ វ័រម៉ន។​ គាត់​បន្ត​ថា៖

«ខ្ញុំ​បាន​គិត​ថា វាពិត​ជា​រង្វាន់​ដ៏​អស្ចារ្យ​សម្រាប់​ក្មេង​ៗរបស់​យើង​នៅ​ក្នុង​សាលារៀន​ ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​អ្នកភ្លេង​ទាំងនេះ​ ពីព្រោះ​ថា ​តើ​មាន​កន្លែង​ណា​ផ្សេង​ទៀត​ទេ​ ដែល​ក្មេង​ៗនឹង​បាន​ស្តាប់​តន្ត្រី​គុយបា​ នៅ​ក្នុង​រដ្ឋ​ វ័រម៉នត៍​ ឬ​រដ្ឋ ញូវ ហាមផស្សៀរ (New​ Hampshire​) ឬ​ក៏ ញូវ អ៊ីងឡិនដ៍ (New​ England)។»

លូសឺរ៉ូ និង​ស្ត្រី​ជាច្រើន​នៅ​ក្នុង​ក្រុម​អ្នកចម្រៀង​ជាពួក​របស់នាង​ ជា​គ្រូ​បង្រៀន។​ ដូច្នេះ​ដើម្បី​ជួយ​ផ្តល់​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​ភ្លេង​នោះ​ ពួកគេ​បាន​សួរ​សាលា​រៀន​ថា​តើ​សាលា​ស្ម័គ្រ​ចិត្ត​ចេញ​ប្រាក់​ឲ្យ​ក្រុម​ភ្លេង​ដើម្បី​ទៅ​សម្តែង និង​បង្ហាត់​ដល់​ថ្នាក់​រៀន​សំខាន់ៗ​ដែរ​ឬទេ។​ សាលារៀន​បាន​យល់ព្រម​ ហើយ​កាលវិភាគ​របស់​ក្រុម​ភ្លេងរវល់​មិន​ទំនេរ។ ចាប់​តាំង​ពី​ខែ​តុលា​ ក្រុម​តន្ត្រីទៅ​សម្តែង​នៅ​សាលារៀន​រាប់​សិប​សាលា​ក្នុង​ ញូវ អ៊ីងឡិនដ៍​ រួមមាន​ទាំង​វិទ្យាល័យ​ រូតលែនដ៍ (Rutland​ Senior​ High)​ កន្លែង​ដែល​អ្នកស្រី​ ផាទ្រីស្យា អាឡូរីស្យា ស្សាហ្វត៍ (Patricia​ Alonza-Shaft)​ បង្រៀន​ភាសា​អេស្ប៉ាញ​ផង​ដែរ។ គាត់​ថ្លែង​ថា៖

«ខ្ញុំ​ពិត​ជា​បាន​គិត​ថា វា​ជាឱកាស​ដ៏​ធំ​មួយ​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា វា​នាំ​ភាសា​ វប្បធម៌​ តន្ត្រី​នៃ​តំបន់​ត្រូពិក​ទៅ​ដល់​វិទ្យាល័យ​ រូតលែនដ៍។​ វា​ជា​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ ហើយ​ខ្ញុំបាន​គិត​ថា សិស្ស​ នៅ​វិទ្យាល័យ​រូតលែនដ៍ ប្រាកដ​ជា​បាន​ចំណេញ​ច្រើន​ពី​ការស្តាប់​សំឡេង​ភ្លេង​ទាំង​នេះ»។

នៅ​ក្នុង​វិទ្យាល័យ​ រូតលែនដ៍ ក្រុម​តន្ត្រី​បាន​និយាយ​ជាច្រើន​អំពី​ឬសគល់​នៃ​សំឡេង​ភ្លេង និង​មរតក​វប្បធម៌​របស់​ពួក​គេ។ ពួកគេ​បាន​រៀប​រាប់​អំពី​ឧបករណ៍​តន្ត្រី​ និង​ចង្វាក់​ភ្លេង​ផ្សេងៗ​របស់​គេ​ភាគ​ច្រើន​ជា​ភាសា​អេស្ប៉ាញ។

នីណា​ សាលវ៉ាទ័រ Nina​ Salvatore​ សមាជិក​នៃ​ក្រុម​អ្នក​ចម្រៀង​ជាពួក​ហ្វ៊ែមីនីន ថូន​ ដែល​បង្រៀន​សិល្បៈ​នៅ​វិទ្យាល័យ​ វូដស្តក់ យូញាន (Woodstock​ Union​ High​ School) និយាយ​ថា​ក្រុម​តន្ត្រី​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ធ្វើការ​ជាមួយ​សិស្ស​របស់​ខ្លួន។​ គាត់​និយាយ​ថា៖

«នៅ​ពេល​ពួក​តន្ត្រីករ​មកដល់​ វិទ្យាល័យ​វូដស្តុក យើង​បាន​រៀបចំ​ពិធី​បើក​សម្តែង​មួយ​នៅ​ក្នុង​អគារហាត់ប្រាណ។ នៅ​ពេល​ពិធី​សម្តែង​ចប់​ ក្មេងៗ​ស្ទើរ​គ្រប់​គ្នា​ ចេញ​ពី​កន្លែង​អង្គុយ​ នាំ​គ្នា​ទៅ​រាំ​ជុំវិញ​ លើ​ក្តារ​ជាន់​ក្រោម​ ហើយ​នៅ​តែ​មាន​ក្មេង​ៗ​នៅ​សាលា​សួរ​អំពី​ពួក​គេ ហើយ​ថា​តើ​ពួក​តន្ត្រី​នឹង​ត្រឡប់​មក​ម្តង​ទៀតទេ។ សាលវ៉ាទ័រ​ និង​សមាជិក​ផ្សេងៗ​ទៀត​នៃ​ក្រុម​អ្នក​ចម្រៀង​ជា​ពួក​បាន​ទទួល​ក្រុម​ភ្លេង​ជា​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ ហើយ​នាង​ សាលវ៉ាទ័រ​ និយាយ​ថា អ្នក​ទាំងអស់​គេ​រាប់អាន​គ្នា​ដូចជា​គ្រួសារ។​ ដូច​ដែល​ក្រុម​តន្ត្រី​បាន​បង្រៀន​មនុស្ស​ក្នុង​តំបន់​ញូវ អ៊ីងឡិនដ៍​ ច្រើន​អំពី​ប្រទេស​គុយបា​នោះ​ នាង​និយាយ​ថា ក្រុម​តន្ត្រីករ​បាន​ទទួល​ការ​សរសើរ​ស្មើៗ​គ្នា​តាម​រយៈ​អ្វី​ដែល​ពួកគេ​បាន​ឃើញ និង​ធ្វើ​ទាំង​អស់​នៅ​ទីនេះ។

ម៉ារីសែល លូសឺរ៉ូ ដែល​មាន​ដើម​កំណើត​គុយបា​និយាយ​ថា​ ការ​ផ្លាស់ប្តូរ​វប្បធម៌​ទៅ​វិញ​ទៅ​មក​មានលទ្ធផល​ហួស​ពី​ការ​រំពឹង​ទុក​ជា​មុន​នៃ​មនុស្ស​រាល់​គ្នា។​ លូសឺរ៉ូ​ បន្ត​ថា៖

«គ្រាន់​តែ​ឃើញ​ក្មេងៗ​រំភើប​នឹង​ក្រុមភ្លេង​ និង​ឃើញ​ជនជាតិ​អាមេរិកមក​ពេញ​បន្ទប់​កាល​ពី​ចុង​សប្តាហ៍​មុន​ដែល​នៅ​ទីនោះ​មាន​មនុស្ស​ជាង​២០០នាក់​ ហើយនៅ​សុខៗ​តន្ត្រី​គុយបា​ក្លាយ​ជា​ការ​ទាក់ទាញ​មួយ​រំពេច។​ សម្រាប់​ខ្ញុំ វា​មាន​តម្លៃ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​ឲ្យ​គេ​ដឹងឮ​អំពី​តន្ត្រី​ជាទី​ចូលចិត្ត​នេះ​ និង​ដើម្បី​ចែក​រំលែក​កេរ្តិ៍​មរតក​របស់ខ្ញុំ»។

លូសឺរ៉ូ​ និយាយ​ថា​ ការ​ពិបាក​ជាងគេ​ គឺ​ការ​លា​ក្រុម​តន្ត្រី​នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​គេវិញ ​នៅ​ដំណាច់​ខែ​មករា​នេះ៕

ប្រែ​សម្រួល​ដោយ​ នុច​ សារីតា

XS
SM
MD
LG