ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​អះអាង​ថា​ប៉ូលិស​បន្ត​រុករក​អ្នក​ភ្នំ​ម៉ុងតាញ៉ា


រូបថត​ឯកសារ៖ ក្រុម​កុលសម្ព័ន្ធ​ភ្នំ​ពី​ប្រទេស​វៀតណាម ឬ Montagnard រង់​ចាំ​វេន​ចូល​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ​​ក្រុង​បានលុង​ក្នុង​ខេត្ត​រតនគីរី​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០០៤។
រូបថត​ឯកសារ៖ ក្រុម​កុលសម្ព័ន្ធ​ភ្នំ​ពី​ប្រទេស​វៀតណាម ឬ Montagnard រង់​ចាំ​វេន​ចូល​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ​​ក្រុង​បានលុង​ក្នុង​ខេត្ត​រតនគីរី​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០០៤។

ក្រុម​ប៉ូលិស​បាន​បន្ត​រុក​រកស្វែង​ចាប់​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម​ចំនួន​១៣​នាក់​ដែល​កំពុង​លាក់​ខ្លួននៅ​ក្នុ​ង​ព្រៃនៃ​ខេត្ត​រតនៈគីរី​នៅ​ថ្ងៃ​ពុធ​នេះ​ ​បើ​ទោះ​ជាអង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិបាន​ទទូច​ឲ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​នេះ​ក៏ដោយ។

អ្នក​សម្រប​សម្រួលសមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ភាគ​ឥសាន្ត​នេះ​លោកឆាយ ធី មាន​ប្រសាសន៍​ថា​កង​ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​និង​ដាក់​ឲ្យ​ដើរ​ល្បាត​ក្នុង​ព្រៃ​និង​រង់​ចាំ​ស្ទាក់​ចាប់​ជន​ភៀស​ខ្លួន​វៀតណាម​ទាំង​នេះ​នៅ​ក្នុង​ស្រុក​លំផាត់​ដែល​អាជ្ញាធរ​ជឿ​ថា​ជនជាតិ​ដើម​ចារ៉ាយ​ទាំង​នេះ​កំពុង​សម្ងំ​លាក់​ខ្លួន។

«កម្លាំង​ប៉ូលិស​នៅ​តែ​ពួន​ស្ទាក់​ច្រក​ចេញ​ចូល​ក្នុង​ព្រៃ​ដែល​ពួក​គាត់កំពុង​លាក់​ខ្លួន​នោះ។​នៅ​ពេល​ដែល​យើង​បាន​តាម​ដាន​រាល់​ម៉ោង​ រហូត​ដល់​យប់​មិញ​នេះ​កង​កម្លាំង​ទាំង​អស់​ដេក​ចាំ​ស្ទាក់​នៅ​ក្នុង​ព្រៃនៅត្រង់​ចំណុច​អូ​ជ្រុង ​ឃុំ​ជ្រាដា ​ស្រុក​លំផាត់។ ​មាន​កម្លាំង​ប៉ូលិស​ជាង​ដប់​នាក់។ ​មាន​កាំភ្លើង​ផង​និង​មាន​សន្តិ​សុខ​ភូមិ​ចូល​រួម​ក្នុ​ងការ​ស្ទាក់​ចាប់​ក្រុម​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​នេះ»។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន(UNHCR) ​បានសម្តែងការ​ព្រួយ​បារម្ភ​ជា​ខ្លាំងចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​អាជ្ញា​ធរ​របស់​ប្រទេស​កម្ពុជា​កំពុងស្វែង​រក​ចាប់​ខ្លួន​ជន​ជាតិ​ដើម​ភាគ​តិចតំបន់​ភ្នំវៀត​ណាម​ទាំង​១៣​នាក់​នេះ​ក្នុងគោល​បំណង​បញ្ជូន​ពួក​គេទៅឲ្យ​រដ្ឋា​ភិបាល​វៀតណាម​វិញ។

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួនក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​ខាង​លើ​នេះ​ព្រម​ទាំង​បញ្ឈប់​ការ​ណែនាំ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​តាម​ស្វែង​រក​និង​ចាប់​បញ្ជូន​ជនភៀស​ខ្លួន​ពី​តំបន់​ខ្ពង់​រាប​វៀតណាម​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេវិញ។ អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​ Human Rights Watch ​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​ទទូចឲ្យ​អាជ្ញា​ធរ​ប៉ូលិស​កម្ពុជា​បញ្ឈប់ទង្វើ​នេះ​«ជា​បន្ទាន់»​ផងដែរ។

មន្ត្រី​នៃ​ការិយាល័យឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាបាន​ទៅ​ដល់​ខេត្ត​រតនគីរី​នៅ​ល្ងាចថ្ងៃ​នេះ​ដើម្បី​ស្វែង​រកការជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​និង​ស្វែង​រក​ឱកាស​ជួប​ជាមួយ​ក្រុម​ជនជាតិ​ភាគ​តិច ​ម៉ុងតាញ៉ា ​វៀតណាម។

ក៏​ប៉ុន្តែ​ទាំង​ប្រភព​អាជ្ញាធរ​ទាំង​ប្រភពពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​មិន​អាច​ទាក់​ទង​បានទេ។

ទោះជា​យ៉ាង​ណា​លោក​ឧត្តមសេនីយ៍​ត្រី ងួន កឿន ស្នងការ​ប៉ូលិស​ខេត្តបាន​អះអាង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​កង​ប៉ូលិសបាន​ស្វែង​រក​ជន​ភៀស​ខ្លួន​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ។

«ឥឡូវ​នេះ​នគរ​បាល​ខេត្ត​យើង​កំពុង​ចាត់​វិធានការ​ស្រាវជ្រាវរុក​រកនៅ​ក្នុងព្រៃ​ក្រែង​លោពួក​គាត់​លាក់​ខ្លួន​ក្នុងព្រៃ​ព្រោះតាម​ព័ត៌មាន​លេច​ឮថា​មាន​ក្រុម​(ជន​ភៀស​ខ្លួន​វៀតណាម)​ចូល​លាក់​ខ្លួន​ក្នុ​ង​ភូមិសាស្ដ្រ​ទឹកដី​ខេត្ត»។​

លោកស្រី​វីវាន តាន់ ​អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​បាង​កកកាល​ពី​ថ្ងៃ​អង្គារថាមន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​ការ​ជួប​ជាមួយ​ជន​ជាតិដើម​ភាគ​តិច​តំបន់​ភ្នំវៀតណាម​នេះដើម្បី​ស្វែង​យល់​ពី​ពួក​គេដោយ​ផ្ទាល់។

«យើង​សង្ឃឹមថា​ទៅ​ខេត្ត​រតនៈគីរី​ឲ្យបាន​ឆាប់​បំផុត​ដើម្បី​យើង​អាច​និយាយ​ទៅ​កាន់​ជន​ភៀស​ខ្លួន​ទាំង​នេះ​ហើយ​យើងឲ្យ​ឃើញ​ថា​តើពួក​គេជា​អ្នក​ណា​ពិត​ប្រាកដ​ ហើយ​ពួក​គេ​ចង់​បាន​អ្វី​ពិត​ប្រាកដ។យើង​ដឹង​ច្បាស់​ហើយ​ថា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​កម្ពុជាហើយ​យើង​រីក​រាយនឹង​គាំ​ទ្រ​ពួក​គេ​ក្នុ​ងបញ្ហា​ជន​ភៀស​ខ្លួន​នេះ»។

លោក​ស្រីបញ្ជាក់​ថា​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួនប្រាថ្នា​ចង់​ឃើញ​ជន​ជាតិភៀស​ខ្លួន​វៀតណាម​ទាំងនេះ​ត្រូវ​បញ្ជូន​មក​កាន់​ទី​ក្រុង​ភ្នំពេញ។​

ជនជាតិ​ដើម​ភាគ​តិច​ទាំង១៣​នាក់​នេះ​ត្រូវ​គេ​រាយការណ៍​ថា​បាន​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញរបស់​អាជ្ញាធរ​វៀតណាម​ផ្នែក​សេរី​ភាព​សាសនា ​សេរីភាព​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​និង​សិទ្ធិ​ដីធ្លី។​ហើយ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនៈគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣។

ក្នុ​ង​ចំណោម​ជនភៀស​ខ្លួន​ទាំង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋការ​ក្រុង​ហាណូយ។

​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​នេះ​ព្រមាន​ថា​ការ​បញ្ជូន​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ដោយ​មិន​គោរព​តាមគោល​ការណ៍​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​រំលោភ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG