ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ថា​ ការ​សាង​សង់​ព្រះ​ពុទ្ធ​បដិមា​នៅ​ភ្នំ​បូកគោ​មិន​ប៉ះពាល់​ធនធាន​ធម្មជាតិ​ឡើយ


រូបឯកសារ៖ ​ទិដ្ឋភាព​មើល​ពី​បរិវេណ​វត្ត​សំពៅ​ប្រាំ​នៅ​លើ​ភ្នំ​បូកគោ ខេត្ត​កំពត​ ថ្ងៃ​ទី​៥​ ខែ​មករា​ ឆ្នាំ​២០១៨។ (នូវ​ ពៅ​លក្ខិណា​/វីអូអេ)
រូបឯកសារ៖ ​ទិដ្ឋភាព​មើល​ពី​បរិវេណ​វត្ត​សំពៅ​ប្រាំ​នៅ​លើ​ភ្នំ​បូកគោ ខេត្ត​កំពត​ ថ្ងៃ​ទី​៥​ ខែ​មករា​ ឆ្នាំ​២០១៨។ (នូវ​ ពៅ​លក្ខិណា​/វីអូអេ)

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក ​នេត្រ ភក្ត្រា ​បាន​អះអាង​ថា​ ការ​សាង​សង់​ព្រះ​ពុទ្ធ​បដិមា​នៅ​លើ​ភ្នំ​បូកគោ ​ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន​សុខា ​អូតែល​របស់​ឧកញ៉ា ​សុខ គង់ ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ជា​ដុំ​កំភួន​លើ​ធនធាន​ធម្មជាតិ​ឡើយ។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​ការ​ផ្សព្វផ្សាយ​ថា ​ឧកញ៉ា ​សុខ គង់ ​ប្រធាន​ក្រុម​ហ៊ុន​សុខា​អូតែល ​មាន​គម្រោង​នៅ​ក្នុង​ការ​សាង​សង់​ព្រះ​ពុទ្ធ​ប​ដិមា ​ដែល​មាន​កម្ពស់​១០៨​ម៉ែត្រ នៅ​ម្តុំ​វាល​ស្រែ​៥០០​ នៅ​លើ​ភ្នំ​បូកគោ​នៃ​ខេត្ត​កំពត។​

លោក ​នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​ប្រាប់​វីអូអេ​ថា៖ ​«ការ​សាង​សង់​នេះ​គឺ​មិន​មាន​រុក្ខជាតិ​ជា​ធម្មជាតិ​ច្រើន​ទេ ​ព្រោះ​ជា​កន្លែង​វាល​ស្រែ។ ​កន្លែង​តំបន់​វាល​ស្រែ​៥០០​ហ្នឹង​ គឺ​ជា​វាល​ស្មៅ​ហើយ​នឹង​វាលថ្មី។ ​អ៊ី​ចឹង​ទេ​ការ​ពិនិ​ត្យ​ទៅ​លើ​ទីតាំង​ហ្នឹង​ គឺ​មិន​មាន​ការ​ប៉ះ​ពាល់​អី​ធំ​ដុំ​ទេ»។

តើ​តាម​លោក ​នេត្រ ភក្ត្រា ​គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សាង​សង់​ដែល​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០២៣។ ​លោក​បន្ថែម​ថា ​ការ​ស្ថាបនា​បដិមា​នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំ​ខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ដែល​ជា​ការ​ចូល​រួម​ក្នុង​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃការ​បង្កើត​នូវ​សក្តានុពល​ថ្មី​មួយ​ទៀត​នូវ​ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូក​គោ​ទៅ​លើ​សក្តានុព​ល​នៃ​ទេសចរណ៍​សាសនា»។​

លោក ​នេត្រ ភក្ត្រា ​បន្ថែម​ថា​ ការ​ព្រួយ​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន​ថា ​ការ​សាង​សង់​ព្រះពុទ្ធ​បដិមា​នេះ​អាច​នាំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ធន​ធាន​ធម្ម​ជាតិ​ ជា​សិទ្ធិ​សេរី​ភាព​របស់​អ្នក​បញ្ចេញ​មតិ ​ប៉ុន្តែ​លោក​ថា ​រដ្ឋាភិបាល​បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​និង​ការ​គិត​គូរ​ពី​បរិស្ថាន​ដើម្បី​ឱ្យ​ឧទ្យាន​ជាតិ​ភ្នំ​បូក​គោ​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ Freshnews ​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល ​ គម្រោង​សាង​សង់​នេះ​នឹង​ចំណាយប្រមាណ​ពី​៣០​ទៅ​៤០​លាន​ដុល្លារ​អាមេរិក។​

លោក ​អ៊ូ វីរៈ ​ប្រធាន​អង្គការ​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​គោល​នយោបាយ ​ប្រាប់​វីអូអេ​ថា​ លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ​ពាក់ព័ន្ធ​ជាមួយ​បរិស្ថាន​នៅ​ភ្នំ​បូកគោ ​ដោយ​សារ​តែ​មិ​ន​មាន​ព្រៃឈើ​ធម្មជាតិ​នៅ​សល់​ទៀត​នៅ​តំបន់​នោះ។ ​លោក​បន្ថែម​ថា​ ការ​សាង​សង់​នេះ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ជា​ជ​នជាតិ​ខ្មែរ។​ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​អំពី​ការ​ចូល​លេង​ល្បែង​របស់​ប្រជាជន​ខ្មែរ​នៅ​កាស៊ីណូ​លើ​ភ្នំបូក​គោ ​ដែល​ច្បាប់​មិន​អនុញ្ញាត​ឡើយ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​សិន​ក្នុង​ករណី​បែប​ហ្នឹង​ ខ្ញុំ​ព្រួយ​បារម្ភ​ថា​ ការ​ទាក់​ទាញ​ខ្មែរ​យើង​ទៅ​គឺអាច​ពាក់ព័ន្ធ​ជាមួយ​កាស៊ីណូ​ដែរ​ឬអត់? ​ពីព្រោះ​បើ​តាម​ច្បាប់​កាស៊ីណូ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ខ្មែរ​យើង​ចូល​ទេ​ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ចូល​មើល​ហើយ​គឺ​អត់​មាន​ការ​រារាំង​អីទេ​គឺ​តែ​ខ្មែរ​យើង​ចូល​ស្រេច​តែ​ចិត្ត»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ សុខ គង់ ​បាន​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ថា ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន ​Freshnews ​ គម្រោង​នៃ​ការ​សាង​សង់​ព្រះ​ពុទ្ធ​បដិមា​គឺ​មិន​មែន​លោក ​សុខ គង់ ​ចំណាយ​ថវិកា​របស់​លោក​តែ​ឯង ​ដើម្បី​សាង​សង់​ឡើយ ​ ខណៈ​មាន​ការ​អំពាវនាវ​ឱ្យ​សាធារណ​ជន​ក្នុង​ និង​ក្រៅ​ប្រទេស​ចូលរួម​ជា​ថវិកា​ផង​ដែរ។​

បើ​តាម​លោក ​នេត្រ ភក្រ្តា ​ក្បាច់​រចនា​សម្រាប់​ព្រះ​ពុទ្ធ​បដិមា​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​សម្រេច​រួចរាល់ ​ដោយ​ផ្អែក​ទៅ​តាម​រចនាប័ទ្ម​ខ្មែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG