ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​ការ​ផ្នែក​បរិស្ថាន​បារម្ភ​អំពី​ការ​កាត់​ដី​បឹង​តាមោក​អស់​ប្រមាណ​៧០%


ទិដ្ឋភាពការចាក់ដីបំពេញបឹងតាមោកខាងជើងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
ទិដ្ឋភាពការចាក់ដីបំពេញបឹងតាមោកខាងជើងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​បន្ថែមទៀត ក្រោយ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​ដី​នៅ​បឹង​តាមោក​ចំនួន​១០​ហិកតា​បន្ថែម​ទៀត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គិត ម៉េង។ ការ​ព្រួយ​បារម្ភ​នេះ ដោយ​សារ​ផ្ទៃ​បឹង​ជាង​៧០% ត្រូវ​បាន​កាត់​សម្រាប់​ការ​ស្ថាបនា​អគារ​រដ្ឋ និង​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​គ្រប់គ្រង​រហូត​មក​ដល់​ពេល​នេះ។

បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​កែ​សម្រួល​ផ្ទៃ​បឹង​តាមោក​(បឹង​កប់​ស្រូវ)​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០២៣ ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី រដ្ឋាភិបាល​សម្រេច​ថា​ត្រូវ​ធ្វើ​អនុ​ប្បយោគ​ផ្ទៃដី​ទំហំ១០​ហិកតា​នៃ​បឹង​តាមោក ស្ថិត​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ខាងលើ​ ជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ តំណាង​ដោយ​អ្នក​ឧក​ញ៉ាគិត​ ម៉េង​ ដោ​យ​ពន្ធ​ និង​អាករ​ផ្សេងៗ ជា​បន្ទុក​របស់​រដ្ឋ។

រដ្ឋា​ភិបា​ល​ដែល​ដឹក​នាំ​ដោ​យ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ ជា​បន្ត​បន្ទាប់​កាត់​ឬ​កែ​សម្រួល​ផ្ទៃ​បឹង​នេះ​តាម​រយៈ​អនុក្រឹត្យ​ និង​សេចក្តី​សម្រេច​នា​នា​របស់​រដ្ឋា​ភិបាល​ ដែល​ចេញ​ផ្សាយ​ជា​សាធារ​ណៈ និង​ក្នុង​សៀវ​ភៅ​រាជ​កិច្ច​កម្ពុជា។ ការ​កាត់​ដី​១០​ហិកតា​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា​គិត ម៉េង ជាការ​កាត់​លើក​ទី​៧៤​ដែល​ធ្វើ​ឱ្យ​ផ្ទៃ​បឹង​សរុប​ដែល​បាន​កាត់​កើន​ឡើង​ដល់​ប្រមាណ​២៤០០​ហិកតា ឬ​ស្មើ​៧៤%​នៃ​ផ្ទៃ​បឹង​ទាំង​មូល។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​សមាគម​ធាង​ត្នោត​ដែល​តាម​ដាន​ការ​កាត់​ផ្ទៃ​បឹង​តាមោក។

កាល​ពី​ខែមករា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ជាង​១៣​ហិកតា​បន្ថែម ដើម្បី​ប្រគល់​ទៅ​ឱ្យលោក ឡាញ់ ភារ៉ា ជា​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ Green Cambodian Property Investment។

លោក ស៊ាង មួយ​ឡៃ ប្រធាន​គម្រោង​សិទ្ធិ​លំនៅ​ឋាន​ និង​ស្រាវ​ជ្រាវ​នៃ​អង្គការ​សមាគម​ធាង​ត្នោត ប្រាប់​វី​អូ​អេ​ថា​ការ​ប្រគល់​ដី​ទៅ​ឱ្យ​បុគ្គល​ឯក​ជន​ ហាក់​មិន​មាន​តម្លា​ភាព​ និង​ខុស​ពី​ច្បាប់រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ​ ដោយ​ហេតុ​ថា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​អនុប្បយោគ​នៅ​ឡើយ​ ប៉ុន្តែ​រដ្ឋាភិបាល​ប្រើប្រាស់​អនុក្រឹត្យ ដើម្បី​កាត់​ដី​សាធារ​ណៈ​ទៅ​ឱ្យ​ឯក​ជន​ទៅ​វិ​ញ។

លោក​ថ្លែង​ថា៖​ «​ព្រោះ​ពាក្យ​ថា​ដី​សា​ធារណៈ​ វា​ជា​ដី​របស់​ប្រជាជន​ទាំង​អស់​គ្នា​។ កាល​ណាបើ​យើង​ដក​ហូត​អី​មួយ​ ទាល់​តែ​ចេញ​ពី​សំឡេង​របស់​ប្រជាជន​ ហើយ​កន្លង​មក​សំឡេង​ប្រជាជន​ដែល​ជា​សាធារណជន​ យើង​ប្រើ​យន្ដ​ការ​សភា​ ហើយ​បើ​ឥឡូវ​សភា​អត់​ទាន់​បាន​អនុម័ត​ អត់​ទាន់​បាន​ដឹង​ឮ​ផង​។ ​ស្រាប់​តែ​នាយក​រដ្ឋ​មន្រ្ដី​ដែល​ជា​អំណាច​ប្រតិបត្តិ​នេះ​ទៅ​ដក​យក​ដី​សាធារណៈ​របស់​ប្រជាជន​ទាំង​អស់​ប្រគល់​ទៅ​ឱ្យ​បុគ្គល​ឯកជន​ណាមួយ អា​ហ្នឹង​វា​បាន​ខ្ញុំ​គិតថា​វា​អត់​ស្រប​ជា​មួយ​រដ្ឋធម្មនុញ្ញ​ ហើយ​រូប​ខ្ញុំ​ផ្ទាល់​ក៏​អត់​ឯកភាព​ ឬ​ក៏​អត់​យល់​ស្រប​ចំពោះ​ការ​កាត់​បែប​នេះ​ដែល​បាទ»​។

លោក ថុន​ រដ្ឋា​ សកម្មជន​បរិស្ថាន​នៃ​ចល​នា​មាតា​ធម្ម​ជាតិ​ ប្រាប់​វីអូអេ​ថា​ ការ​កាត់​ដី​នានា​នៅផ្ទៃ​បឹង​តាមោក​ទៅ​ឱ្យ​ឯកជន ហាក់​មិន​មាន​ការ​ពិគ្រោះ​យោបល់​ ក៏ដូច​ជា​ការប្រឹក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឡើយ​ ជាពិសេស​ប្រជាជន​នៅ​មូលដ្ឋាន។

លោក ថុន រដ្ឋា ជាយុវជនម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថុន រដ្ឋា ជាយុវជនម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

បើ​តាម​សកម្ម​ជន​រូប​នេះ ការ​កាត់​ដី​របស់​សាធារណៈ​ទៅ​ឱ្យ​ឯកជន​បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន​ជា​ពិសេស​នាំ​ឱ្យ​មាន​ទឹក​លិច​រយៈ​ពេល​យូរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

សកម្មជន​បរិស្ថាន​រូប​នោះ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើង​វិញ​លើ​ការ​កាត់​ផ្ទៃ​ដី​បឹង​តាមោក​នេះ។

លោក​បញ្ជាក់​ថា​៖ «រដ្ឋាភិ​បាល​គួរ​តែ​ពិចារណា​ឱ្យ​មែន​ទែន ...ប្រសិន​ណា​បន្ត​កាត់​បន្ត​បន្ទាប់​ទៀតហ្នឹង​គឺធ្វើ​ឱ្យ​កាន់​តែ​ខូច​ឈ្មោះ​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ទៅៗ ជា​ពិសេស​យើង​មើល​ឃើញ​ថា​ការ​កាត់​ផ្ទៃ​បឹង​តាមោក​នេះ​គឺ​ផ្តោត​តែ​ទៅ​លើ​បុគ្គល​មាន​អំណាច​ឬ​ក៏​បុគ្គល​អ្នក​មាន​លុយ​ ដែល​មាន​សែ​ស្រឡាយ​ជាប់​ ដែល​ហាក់​បី​ដូច​ជា​ផ្ទៃបឹង​ទាំង​មូល​ដែល​ជា​ទ្រព្យ​សម្បត្តិ​ជាតិ​ហ្នឹង​ ហាក់ដូច​ជាពុះ​ចែក​គ្នា តាម​សែ​ស្រឡាយ​ទៅ​វិញ»។

វីអូអេ​ទាក់​ទង​ទៅអ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ប៉ែន​ បូណា​ ប៉ុន្តែ​លោក​ឱ្យ​សួរ​ទៅ​ខាង​សាលាក្រុង​ឬក្រសួង​ដែន​ដី​វិញ។ វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ម៉េត មាសភក្តី​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ និង​លោក​ សេង ឡូត​ អ្នកនាំ​ពាក្យ​ក្រសួង​រៀប​ចំដែន​ដី​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ គិត​ ម៉េង តាម​ទូរសព្ទ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប តាម​សារ​អ៊ីម៉ែល​បាន​ដែរ។

គួរ​បញ្ជាក់​ថា​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិ​បាល​ដាក់​ជា​ទ្រព្យ​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុ​ក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។ បើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖ «បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ»បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កាលពី​ពេល​កន្លង​ទៅ ប្រជា​ពលរដ្ឋដែល​រស់នៅ​ជាប់​បឹងតាមោក ក៏​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិ​បាល និងអាជ្ញាធរ​ផ្តល់ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ពួក​គេ ដែល​សរុបផ្ទៃដី​ទាំង​អស់​ប្រមាណ​៥ហិ​កតា សម្រាប់​ប្រជា​ពលរដ្ឋ​១០៨​ខ្នង​ផ្ទះ ឬជាង​២០០​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​គេ​ឡើយ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG