ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អឺរ៉ុប​យក​គំរូ​តាម​ស.រ.អា.​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ធនធាន​រ៉ែ


អ្នក​ជំនួញ​រ៉ែ​ជនជាតិ​កុងហ្គោ​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​បំណែក​មាស​មួស​ដុំ​ នៅ Numbi​ ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោ កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១០។
អ្នក​ជំនួញ​រ៉ែ​ជនជាតិ​កុងហ្គោ​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​បំណែក​មាស​មួស​ដុំ​ នៅ Numbi​ ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោ កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១០។

រ៉ែ​ដែក​ដែល​ជីក​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​កន្លែង​មួយ​ចំនួន​ដូចជា​ សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) ជា​រឿយៗ​ត្រូវ​បាន​លក់​ដោយ​ស្តេច​ត្រាញ់​ដើម្បី​ទិញដូរ​អាវុធ។ កាល​ពី​សប្តាហ៍​មុន ​តំណាងរាស្រ្ត​របស់​សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​បង្ខំ​ឲ្យ​រោងចក្រ​បង្ហាញ​ឲ្យ​ច្បាស់ថា​ ចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​មិន​បាន​បញ្ឆេះ​ឲ្យ​មាន​ជម្លោះ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ចេតនា​នោះ​ទេ។

ពោរ​ពេញ​ទៅ​ដោយ​ធូលី​លើ​ខ្លួន និង​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ហើយ​ក្តៅ​ក្នុង​ផ្លូវ​ក្រោម​ដី​ដ៏​តូច​ចង្អៀត​ ក្រុម​អ្នក​ជីក​រ៉ែ​កំពុង​កាត់​មុខ​រ៉ែ​សំណរប៉ាហាង​នៅ​ក្នុង​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ធនធាន​ដ៏​សម្បូរ​ដែល​រួម​មាន​ដូចជា​ ទង់ស្តែន (សារធាតុ​រ៉ែ​ម្យ៉ាង) សំណប៉ាហាង ​តង់តាល់ (ប្រភេទ​រ៉ែ​ម្យ៉ាង) និង​មាស​ នៅ​ក្នុង​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ និង​ក្នុង​បណ្តាប្រទេស​ក្នុង​តំបន់​អាហ្រ្វិក​កណ្តាល​ផ្សេងៗ​ទៀត ​ត្រូវ​បាន​គេ​លក់​ដើម្បី​ផលិត​ទូរស័ព្ទ​ និង​កុំព្យូទ័រ​យូរ​ដៃ​ទំនើបៗ​ម៉ាក្ស​ចុង​ក្រោយ​បង្អស់។ ក៏ប៉ុន្តែ​ប្រាក់​ចំណេញ​ភាគ​ច្រើន​ត្រូវ​ហូរ​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​មេដឹកនាំ​យោធា​ឬ​ស្តេចត្រាញ់។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រី​ Lucy Graham នៃ​អង្គការ​ Amnesty International។

«នៅ​កន្លែង​មួយចំនួន​ដូចជា​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ភាគ​ខាង​កើត​ សាធារណៈ​រដ្ឋ​អាហ្រ្វិក​កណ្តាល និង​សាធារណៈ​រដ្ឋ​កុងហ្គោ ក្រុម​យោធា​ប្រដាប់​ដោយ​អាវុធ​បាន​ជីក​រ៉ែ​ទាំង​នោះ​ ហើយ​លក់​ដើម្បី​ដោះដូរ​នឹង​សព្វាវុធ​ និង​គ្រាប់​រំសេវ។ រ៉ែ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ ហើយ​នៅ​ទីបញ្ចប់​ ​ក្លាយ​ជា​ផលិតផល​ដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ។ នៅ​ខណៈ​នេះ​ដែរ​ ក្រុមហ៊ុន​របស់​អឺរ៉ុប​ជា​ច្រើន​មិន​មានកាតព្វកិច្ចត្រួត​ពិនិត្យ​ ថា​តើរ៉ែ​ទាំង​នោះដែល​មាន​នៅ​ក្នុង​ផលិតផល​របស់​ពួក​គេ​មក​ពី​ទីណា​នោះ​ទេ»។

វា​ហាក់​ដូចជា​ ការ​ដូចនេះ​នឹង​រង​ការ​ផ្តាស់ប្តូរ។ តំណាងរាស្រ្ត​របស់​សហភាព​អឺរ៉ុប​អបអរសាទរ​កាលពី​ថ្មីៗ​នេះ​ បន្ទាប់​ពី​សភា​បាន​បោះឆ្នោត​ឲ្យ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​របស់​អឺរ៉ុប​ទាំងនោះ​ធ្វើ​ការ​ធានា​ថា ​រ៉ែ​ដែល​ពួកគេ​នាំ​ចូល​ ឬ​ផលិតផល​ដែល​មាន​សារធាតុ​រ៉ែ​ទាំងនោះ​នឹង​មិន​រួម​ចំណែក​ធ្វើឲ្យ​មាន​ជម្លោះ​ ឬ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដទៃ។

បទបញ្ញាតិ្ត​នោះ​យក​គំរូ​តាម​ច្បាប់​ Dodd-Frank របស់​អាមេរិក​ ដែល​បាន​ចែង​ថា​ ក្រុមហ៊ុន​របស់​អាមេរិក​ទាំងអស់​ត្រូវ​ជូន​ដំណឹង​ដល់​និយ័តករ ប្រសិន​បើ​ពួកគេ​ប្រើប្រាស់​រ៉ែ​មក​ពី​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឬ​ប្រទេស​ដែល​នៅ​ក្បែរ​នោះ។

លោក​ស្រី Marie Arena ​តំណាងរាស្រ្ត​បារាំង​បាន​បកស្រាយ​ដោយ​គាំទ្រ​លើ​ច្បាប់​របស់​អឺរ៉ុប​នេះ។

លោក​ស្រី​និយាយ​ថា​ ច្បាប់​ Dodd-Frank សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ប្រភព​ដើម​នៃ​ច្បាប់​នេះ។ លោក​ស្រី​បន្ថែម​ថា​ វា​ត្រូវ​ការ​ពេល​វេលា​ច្រើន ក៏ប៉ុន្តែ​វា​ពិត​ជា​មាន​ការ​រីក​ចម្រើន។

តំណាងរាស្រ្ត​អឺរ៉ុប​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៅ​ទ្វីប​អាហ្វ្រិក។ លោក​ស្រី​ Cecilia Malmstrom ដែល​ជា​បេសកជន​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ផ្នក​ជំនួញ​អន្តរជាតិ​និយាយ​ថា៖

«យើង​ពិត​ជា​ប្រថុយ​ប្រថាន​ក្នុង​ការ​បន្ត​រារាំង​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​សាកលលោក​ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ចាក​ចេញ​ពី​អាហ្រ្វិក​ទាំងអស់។ យើង​ក៏​នឹង​ប្រថុយនឹងការ​បង្កើត​ឲ្យ​មាន​ការ​បែងចែក​ទិស​ដៅ​ការធ្វើ​ជំនួញ​ដែរ​ ដែល​នឹង​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​គិត​លម្អៀង​ប្រឆាំង​នឹងប្រទេស​ផ្សេងៗ​ ឬ​សូម្បី​តែ​ទ្វីប​នោះ​ទាំង​មូល។ ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​នៃ​សារធាតុរ៉ែ​ទាំង​នោះ​ ​ដែល​មក​ពី​ប្រភព​ជាក់លាក់​មួយ​ចំនួន​ធ្លាក់​ថ្លៃ​ភ្លាមៗ»។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty International និយាយ​ថា​ ឧស្សាហកម្ម​ក្នុង​សហភាព​អឺរ៉ុបបាន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ការ​ប្រឆាំង​ដាត់​ខាត​ចំពោះការ​ត្រួត​ពិនិត្យ​ចាំបាច់​ណាមួយ​លើ​ចង្វាក់​ផ្គត់ផ្គង់។

«ខ្ញុំ​មិន​អាច​បកស្រាយ​ឲ្យ​ហួស​ពី​ជំហានដែល​ទើប​តែ​ចាប់​ផ្តើម​នេះ​បាន​ទេ។ នៅ​ពេល​ដែល​សំណើ​ត្រូវ​បាន​គេ​ដាក់​ជូន​កាលពី​ឆ្នាំ​មុន​ វា​ជា​ការ​ស្ម័គ្រ​ចិត្ត​សុទ្ធសាធ»។

ឥឡូវ​នេះ សំណើ​សុំ​ឲ្យ​មានប្រព័ន្ធ​ចាំបាច់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់រដ្ឋ​ជាសមាជិក​នីមួយៗ​នៃ​សហភាព​អឺរ៉ុបដើម្បី​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​បន្ថែម​ទៀត។ អ្នក​ធ្វើ​យុទ្ធនាការ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្រុចសែល​បាន​ផ្ញើ​សារ​ដ៏​មាន​ឥទ្ធិពលមួយដែល​ន័យ​ថា​ ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ មិន​គួរ​ធ្វើ​ឲ្យ​មាន​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ដែល​ជា​ប្រភព​ដើម​នៃ​បច្ចេកវិទ្យា​ទាំង​នោះ​ទេ៕

ប្រែសម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG