ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ហាម៉ាស់​ថា​ពួកគេ​នឹង​ដាក់​អាវុធ​បើ​អនុវត្ត​ដំណោះស្រាយ​រដ្ឋពីរ


លោក Khalil al-Hayya ដែល​ជា​មន្ត្រី​កំពូល​ម្នាក់​នៃ​ក្រុម​ហាម៉ាស់ (Hamas) សម្ភាស​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AP ​ក្នុង​ទីក្រុង​ Istanbul ប្រទេស​តួកគីកាលពីថ្ងៃទី​២៤ មេសា ឆ្នាំ២០២៤។(AP Photo/Khalil Hamra)
លោក Khalil al-Hayya ដែល​ជា​មន្ត្រី​កំពូល​ម្នាក់​នៃ​ក្រុម​ហាម៉ាស់ (Hamas) សម្ភាស​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AP ​ក្នុង​ទីក្រុង​ Istanbul ប្រទេស​តួកគីកាលពីថ្ងៃទី​២៤ មេសា ឆ្នាំ២០២៤។(AP Photo/Khalil Hamra)

លោក Khalil al-Hayya ដែល​ជា​មន្ត្រី​កំពូល​ម្នាក់​នៃ​ក្រុម​ហាម៉ាស់ (Hamas) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា ក្រុម​ហាម៉ាស់​មាន​ឆន្ទៈ​ក្នុង​ការ​យល់ព្រម​ជាមួយ​នឹង​បទឈប់បាញ់​រយៈពេល ៥ ឆ្នាំ​ជាមួយ​អ៊ីស្រាអែល និង​ថា​ខ្លួន​នឹង​ទម្លាក់​អាវុធ​ចុះ​និង​ប្ដូរ​ទៅជា​គណបក្ស​នយោបាយ ប្រសិនបើ​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​ត្រូវបាន​បង្កើតឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​មុន​ឆ្នាំ ១៩៦៧។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Al-Hayya បាន​លើកឡើង​ដូច្នេះ​កាលពី​ថ្ងៃ​ពុធ​នៅ​ចំ​ពេល​ដែល​មាន​ការ​ជាប់គាំង​រាប់​ខែ​នៃ​ការ​ចរចា​អំពី​បទឈប់បាញ់។ ប៉ុន្តែ វា​ទំនង​ដូចជា​ប្រទេស​អ៊ីស្រាអែល​នឹង​មិន​ពិចារណា​អំពី​សេណារីយ៉ូ​នេះ​ទេ។ អ៊ីស្រាអែល​បាន​សន្យា​ថា​នឹង​កម្ទេច​ក្រុម​ហាម៉ាស់ បន្ទាប់ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​លើ​ខ្លួន​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន​ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ខ្លួន​បាន​ប្រឆាំង​ដោយ​មានៈ​ចំពោះ​ដំណោះស្រាយ​រដ្ឋ​ពីរ​ទាក់ទិន​នឹង​ជម្លោះ​ជាមួយ​នឹង​ប៉ាឡេស្ទីន​នេះ។

លោក Al-Hayya ដែល​តំណាង​ឱ្យ​ក្រុម​ហាម៉ាស់​នៅក្នុង​ការ​ចរចា​អំពី​បទឈប់បាញ់​និង​កិច្ច​ព្រមព្រៀង​ដោះដូរ​ចំណាប់ខ្មាំង បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ទីក្រុង Istanbul នៃ​ប្រទេស​តួកគី។

មន្ត្រី​មន្ទីរពេទ្យ​ប៉ាឡេស្ទីន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៥ នាក់។

ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន ២ លាន ៣ សែន​នាក់ បាន​ជ្រកកោន​នៅ​ក្នុង​ទីក្រុង Rafah ដែល​នៅ​ទីនោះ​អ៊ីស្រាអែល​បាន​ធ្វើការ​វាយឆ្មក់​ស្ទើរ​រាល់ថ្ងៃ នៅ​ពេល​ដែល​ខ្លួន​ត្រៀម​លុកលុយ​ចូល​ក្នុង​ទីក្រុង​នេះ។ នៅ​ភាគ​កណ្ដាល​តំបន់​ហ្កាហ្សា មនុស្ស ៤ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់ផ្លោង​របស់​រថក្រោះ​អ៊ីស្រាអែល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG