ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ពេញ​ចិត្ត​នឹង​សាលក្រម​ដាក់​ទោស​មេខ្មែរ​ក្រហម


លោក ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។
លោក ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។

ប្រតិកម្មបានបន្ត​ធ្លាក់​មក​ជា​បន្ថែម​ទៀត​ក្រោយ​ពីអង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរ​ក្រហមបាន​ផ្តន្ទាទោសនួន ជា ​និង​ខៀវ សំផន ​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត។

អតីត​ប្រធាន​សភា​ខ្មែរក្រហម​ នួន ជា ​អាយុ​៨៨ ឆ្នាំ​និង​ខៀវ សំផន​ អាយុ​៨៣​ឆ្នាំ ​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហមទាំង​ពីរ​នាក់​គឺ​ជា​ជន​ជាប់​ចោទ​តែ​ពីរ​នាក់​គត់​ដែល​នៅ​រស់​រាន​មាន​ជីវិតក្នុង​សំណុំ​រឿង​០០២​ដែល​ត្រូវ​ដាក់​ទោស​ចំពោះ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​២លាន​នាក់។

លោកហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ក្រោយ​ពីកិច្ច​ប្រជុំសភា​នៅ​ថ្ងៃ​សុក្រ​នេះ​គឺ​ក្រោយ​មួយថ្ងៃ​នៃ​សាលក្រម​ផ្តន្ទាទោស​នួន ជា​និង​ខៀវ សំផន​ ដោយ​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​សាល​ក្រម​នេះ។

លោក​បញ្ជាក់​ថា៖

«ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាល​ក្រម​នៃ​តុលាការ​កូន​កាត់​មួយ​នេះ»។
តុលាការ​បានរកឃើញ​ថា​ជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផន ​មាន​ពិរុទ្ធភាព​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទាក់ទង​ទៅ​នឹង​ការសម្លាប់​មនុស្ស ​ការជម្លៀស​ដោយ​បង្ខំ ​ការធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោ​បាយ​ជាដើម។

​លោកហ៊ុន សែន ​ចាត់ទុក​ថា​ការដាក់ទោស​នេះ​ជា​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ខ្មែរ។

«ម្សិលមិញ​នេះ​ យុត្តិធម៌​បាន​ផ្តល់​សម្រាប់​ជនរងគ្រោះ​ហើយ។​បានន័យថា​យើង​បាន​រង់​ចាំ​យុត្តិធម៌​នេះ​អស់រយៈ​ពេល​៣៥​ឆ្នាំ​និង​៨​ខែ។រង់ចាំ​យុត្តិធម៌​មួយ​នេះ​វាលំបាក​ វាឈឺចាប់​ប៉ុន្តែ​ម្សិលមិញ​យើង​មាន​ការធូរ​អារម្មណ៍។​យុត្តិធម៌​ត្រូវ​បាន​ផ្តល់ ​ពិតមែន​តែអ្នក(ទាំង)​នេះ​រស់​មិន​បានយូរ​ប៉ុន្មាន​ប៉ុន្តែ​ទោស​មួយ​ជីវិត​នេះ​ល្មម​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋសាទរ​ហើយ»។
នៅថ្ងៃ​នេះ​ដែរ​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​សម្រាប់​សាលាក្តី​ខ្មែរក្រហម​បាន​បង្ហាញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​បន្ថែម​ទៀត។

​លោកចន ឃែរី ​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ថា​សាល​ក្រម​នេះ​គឺជា​អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រង់​ចាំ​ជាយូរណាស់​មកហើយ។​ហើយ​សាលក្រម​នេះ​គឺជា​«សាល​ក្រម​ប្រវត្តិសាស្ដ្រ»។​ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​តែជួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជាឲ្យ​ពួកគេ​សម្ពោធ​សករាជ​ថ្មីនៃ​យុត្តិធម៌ ​និង​ការផ្សះផ្សារ​ជាតិ»។​

ជាមួយគ្នា​នេះ​ដែរ​ក្រសួង​ការបរទេស​ជប៉ុន​លើកឡើង​ថា​សាលក្រម​គឺជា​«ជំហាន​មួយ​ឆ្ពោះ​ទៅ​បញ្ចប់​ជាស្ថាពរ​នូវ​ដំណើរ​ការស្វែងរក​សន្តិភាព​នៅ​កម្ពុជា​និង​ជា​ការរួម​ចំណែក​ដល់​ការ​នាំមក​នូវ​យុត្តិធម៌​និង​ការពង្រឹង​នីតិរដ្ឋ»។

ដោយឡែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បានចាត់ទុក​ថា​សាលក្រម​ដាក់ទោស​នួន ជា ​និង​ខៀវ សំផន ​បាន​បង្ហាញ​ពី​ស្តង់ដា​ខ្ពស់​បំផុត​ផ្នែក​ផ្លូវច្បាប់​និង​នីតិរដ្ឋ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG