ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខភាព​អៀង ធីរិទ្ធ​បាន​ប្រសើរ​ឡើង​ប៉ុន្តែ​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ


អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ ​ក្នុង​រូបថត​នេះ​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​ពិធី​បញ្ចុះ​​សព​ស្វាមី​គឺ អៀង សារី នៅ​ស្រុក​ម៉ាឡៃ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣។
អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ ​ក្នុង​រូបថត​នេះ​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​ពិធី​បញ្ចុះ​​សព​ស្វាមី​គឺ អៀង សារី នៅ​ស្រុក​ម៉ាឡៃ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣។

ជន​ជាប់​ចោទ​អៀង ធីរិទ្ធ​ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហមមាន​សុខ​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​បន្ទាប់​ពី​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃអស់​រយៈ​ពេល​ជិត​បួន​ខែ​មក​នេះ។

លោក​ផាត់ ពៅស៊ាង ​សហមេធាវី​កម្ពុជា​របស់​អៀង ធីរិទ្ធ ​បាន​ឲ្យ​ដឹងថា​កូន​ក្តី​របស់​លោក​អាច​ដក​ដង្ហើម​ដោយមិន​ចាំ​បាច់​ប្រើ​ខ្យល់​អុកស៊ីសែន​ជំនួយ​ដូច​មុន​ទេ​ ចាប់តាំង​ពី​សប្តាហ៍​មុន​មក​ម្ល៉េះ។​ ប៉ុន្តែ​ជនជាប់ចោទ​នៅ​តែ​មិន​ទាន់​អាច​ចាក​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅឡើយ។

«គាត់​គ្រាន់​បើ​ជាង​មុន​ហើយ។​ គាត់​អាច​ដក​ដង្ហើម​ខ្លួន​ឯង​បាន​ហើយ។​ លើក​មុន​គាត់​ដក​ដង្ហើម​ដោយ​ប្រើ​ម៉ាស៊ីន»។

​លោក​មេធាវី​បញ្ជាក់​ថា​ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​តាមដាន​សុខភាព​ជន​ជាប់​ចោទ​អៀង ធីរិទ្ធ ​នៅ​ឡើយ។

«ដោយសារ​គាត់​រលាក​តម្រង​នោម​ធ្ងន់​ធ្ងរ ​រលាក​សួត​ទៀតដូច្នេះ​គាត់​នៅ​ស្លេក​ស្លាំងហើយ​គេ​នៅ​បំប៉ន​សិន​ពីព្រោះ​សភាព​ជំងឺ​របស់​មនុស្ស​ចាស់​មាន​លក្ខណៈ​ប្រែប្រួល​ឆាប់​ម្ល៉ោះ​ហើយ​ពេទ្យ​ថា​ត្រូវ​ស្ថិត​នៅ​ក្រោម​ការតាមដាន​សិន។​លុះ​ដល់​ស្ថាន​ភាព​សុខ​ភាព​គាត់​ថេរ​ហើយ​គេ​នឹង​ឲ្យ​គាត់​ចេញ​ពី​ពេទ្យ»។ ​

អៀង ធីរិទ្ធ ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ​ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ។ ​គាត់​ត្រូវ​ក្រុម​គ្រួសារបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ​កាល​ពី​ខែ​មិនា។

ក្រុម​គ្រួសារ​របស់​ជនជាប់ចោទ​បាន​អះអាង​កាល​ពី​ពេល​មុន​ថា​អៀង ធីរិទ្ធ ដាច់​បាយ​និង​បាត់​បង់​ស្មារតីដែល​មិន​អាច​និយាយ​រក​កូន​ចៅ​បាន។

​លោក​អៀង វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​និង​ត្រូវជា​កូន​បង្កើត​របស់​អៀង ធីរិទ្ធ ​បញ្ជាក់​ថា​ម្តាយ​របស់​លោក​មាន​ភាព​ប្រសើរ​ជាង​មុន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

«មិន​ជា​ធូរ​អីទេ​ដូច​តែ​ពី​មុន​ចឹង​គាត់​នៅ​តែ​លើ​គ្រែ​ហើយ​ដាក់​ទុយោ​បង្ហូរ​ចំណី​ឲ្យ​គាត់​រហូត។​កាល​ពី​ធ្ងន់​ធ្ងរ​មែនទែន​គឺ​ដាក់​ម៉ាស៊ីន​ច្របាច់​អុក​ស៊ីសែន​ទាំងអស់។ ​បើ​ដក​ម៉ាស៊ីន​នោះ​គឺ​ផុត​ដង្ហើម។​ គឺ​ពី​មុន​គាត់​ស្ថិត​ក្នុង​ដំណាក់​កាល​ដូច្នោះ។ ​តែ​ឥឡូវ​គាត់​នៅ​តែ​ត្រូវ​ការ​អុកស៊ីសែន​ប៉ុន្តែមិន​បាច់​ប្រើ​អុកស៊ី​សែន​ទេ។​ គឺ​ធូរ​បន្តិច​ត្រង់​ហ្នឹង»។​

អៀង ធីរិទ្ធ ​ត្រូវ​ចាប់​ខ្លួន​ដោយ​សាលា​ក្តីខ្មែរក្រហម​នៅ​ឆ្នាំ​២០០៧​ក្នុង​ចំណោម​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បី​នាក់ផ្សេង​ទៀតក្នុង​សំណុំរឿង​០០២​ក្នុង​នោះ​មាន​ប្តី​របស់​គាត់​ដែរ​គឺ​អៀង សារី​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។ ​ជនជាប់​ចោទ​អៀង សារី ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុងភ្នំពេញ។

​ជនជាប់ចោទ​ទាំងបួន​ត្រូវចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ទាក់ទង​នឹង​ការស្លាប់និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរយ៉ាង​តិច​១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩។

អៀង ធីរិទ្ធ ​ត្រូវ​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​តាម​ឃ្លាំមើល​របស់​តុលាការ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២​ដោយសារ​ជំងឺវង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។

លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហមបញ្ជាក់​ថា​តុលាការ​កូន​កាត់​នេះទទួល​បានរបាយការណ៍​ពី​សភាព​ជំងឺ​របស់​ជនជាប់​ចោទ​ជា​ប្រចាំ ​ប៉ុន្តែ​របាយការណ៍នោះ​ស្ថិត​ជា​ការ​សម្ងាត់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG