ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ IMF ជំរុញ​ចិន​ឱ្យ​បង្កើន​សេដ្ឋកិច្ច​តាម​រយៈ​«កំណែ​ទម្រង់​គាំទ្រទីផ្សារ»


រូបឯកសារ៖ នាយក​គ្រប់គ្រង​អង្គការ IMF អ្នកស្រី Kristalina Georgieva បាន​ថ្លែង​នៅ​ក្នុង​វេទិកា Boao នៅក្រុង Boao ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយក​គ្រប់គ្រង​អង្គការ IMF អ្នកស្រី Kristalina Georgieva បាន​ថ្លែង​នៅ​ក្នុង​វេទិកា Boao នៅក្រុង Boao ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​ឱ្យ​ប្រទេស​ចិន​អនុវត្ត «កញ្ចប់​កំណែ​ទម្រង់​គាំទ្រ​ទីផ្សារ​គ្រប់​ជ្រុងជ្រោយ» ដើម្បី​បង្កើន​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ តម្រូវការ​ក្នុងស្រុក​ទាប និង​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​របស់​យុវជន។

កន្លងមក អ្នក​បង្កើត​គោលនយោបាយ​របស់​ប្រទេស​ចិន​បាន​ប្រឆាំង​ទៅនឹង​ការ​អំពាវនាវ​ឱ្យ​បង្កើន​សេដ្ឋកិច្ច​តាមរយៈ​ថវិកា​ជំរុញ​ដ៏​ច្រើន​របស់​រដ្ឋាភិបាល ហើយ​ផ្ទុយ​ទៅ​វិញ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​បោះ​ជំហាន​ទៅរក​កំណើន​សេដ្ឋកិច្ច​ដែល​មាន «គុណភាព​ខ្ពស់»។

នាយក​គ្រប់គ្រង​អង្គការ IMF អ្នកស្រី Kristalina Georgieva បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អភិវឌ្ឍន៍​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​ថា៖ «ការ​ផ្លាស់ប្តូរ​ពី​កំណើន​ផ្ដោត​លើ​អត្រា​ខ្ពស់​ទៅ​កំណើន​ផ្ដោត​លើ​គុណភាព​ខ្ពស់​គឺជា​ជម្រើស​ដែល​ត្រូវ​ប្រកាន់​យក ហើយ​ប្រទេស​ចិន​តាំងចិត្ត​ធ្វើ​ដូច្នេះ»។

អ្នកស្រី Georgieva ដែល​ជា​សេដ្ឋវិទូ​ប៊ុលហ្គារី បាន​បញ្ជាក់​ថា «ការ​ផ្លាស់ប្តូរ​នេះ​នឹង​មិន​ងាយស្រួល​ទេ» ប៉ុន្តែ​ថា «ជាមួយ​នឹង​កញ្ចប់​កំណែទម្រង់​គាំទ្រ​ទីផ្សារ​គ្រប់​ជ្រុងជ្រោយ ប្រទេស​ចិន​អាច​រីកចម្រើន​លឿន​ជាង​ស្ថានភាព​ជាក់ស្តែង​នៅ​ពេល​បច្ចុប្បន្ន»។ នេះ​បើ​យោង​តាម​អត្ថបទ​សុន្ទរកថា​ផ្លូវការ​របស់​អ្នកស្រី។

អ្នកស្រី Georgieva បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​គួរតែ​ចាត់ «វិធានការ​ម៉ឺងម៉ាត់» ដើម្បី​កាត់បន្ថយ​ចំនួន​លំនៅឋាន​ដែល​មិន​ទាន់​សង់​រួច និង​ផ្តល់​លំហ​បន្ថែម​ទៀត​សម្រាប់ «ការ​កែតម្រូវ​ផ្អែកលើ​ទីផ្សារ» នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ជា​វិស័យ​ដ៏​សំខាន់​កំពុង​ជាប់​បំណុល​វ័ណ្ឌក។

អ្នកស្រី​បាន​បន្ថែម​ថា អាជ្ញាធរ​គួរតែ​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ចាយវាយ​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​សោធននិវត្តន៍​របស់​ប្រទេស​ចិន និង​ចាត់​វិធានការ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ដ៏​ធំ​របស់​ខ្លួន​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង។

ជាង​នេះ​ទៀត អ្នកស្រី Georgieva បាន​ជំរុញ​ប្រទេស​ចិន​ឱ្យ​ពង្រឹង «បរិយាកាស​អាជីវកម្ម​និង (ធានា) ការ​ប្រកួត​ប្រជែង​ស្មើភាព​រវាង​សហគ្រាស​ឯកជន​និង​រដ្ឋ» ដែល​នេះ​គឺជា​ការ​ទាមទារ​ជា​យូរ​មក​ហើយ​របស់​ក្រុម​អាជីវកម្ម​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន។

អ្នក​នយោបាយ​កំពូលៗ​របស់​ចិន​មាន​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ច ដោយ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បាន​បញ្ជាក់​នៅក្នុង​វេទិកា​មួយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​ថា រដ្ឋាភិបាល​ចិន​នឹង «ចាត់​វិធានការ​ដែល​អាច​ប្រតិបត្តិ​ជាក់ស្តែង​និង​មាន​ប្រសិទ្ធភាព​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ដែល​មាន​គុណភាព​ខ្ពស់ និង​បញ្ចូល​ថាមពល​វិជ្ជមាន...ទៅក្នុង​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក»។

ប៉ុន្តែ​អត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ក្នុង​ប្រទេស​ចិន​មាន​ទំនោរ​ធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​រដ្ឋាភិបាល​ចិន​កាលពី​ខែ​មីនា​បាន​កំណត់​គោលដៅ​អត្រា​កំណើន GDP ប្រចាំ​ឆ្នាំ «ប្រហែល ៥%» ដែល​មាន​ចំនួន​ទាប​ខ្លាំង​ជាង​អត្រា​ពង្រីក​សេដ្ឋកិច្ច​ដ៏​ប្រថុយ​ខ្លាំង​ដែល​ធ្លាប់​ជួយ​ឱ្យ​ប្រទេស​ចិន​មាន​ភាព​រុងរឿង​យ៉ាង​ឆាប់​រហ័ស​កាលពី​មុន។

វេទិកា​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​នោះ​មាន​ការ​ចូលរួម​ពី​ឥស្សរជន​អាជីវកម្ម​ល្បីឈ្មោះ​នានា​នៅលើ​ពិភពលោក ដូចជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook ជាដើម ដែល​បាន​ថ្លែង​ថា លោក​រីករាយ​ពេញចិត្ត​នឹង​ការ​ប្រជុំ «ដ៏​ប្រសើរ​អស្ចារ្យ» ជាមួយ​នឹង​លោក Li Qiang។

លោក Cook បាន​ប្រាប់​អ្នក​កាសែត​របស់​បណ្ដាញ​ទូរទស្សន៍ CGTN របស់​រដ្ឋាភិបាល​ចិន​ថា «ខ្ញុំ​គិត​ថា ប្រទេស​ចិន​ពិតជា​បើក​ចំហ ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​មក​ទីនេះ»។ នេះ​បើ​យោង​តាម​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​បណ្តាញ​សង្គម​អនឡាញ​មួយ​របស់​បណ្ដាញ​ទូរទស្សន៍ CGTN។

នៅ​ក្នុង​ការ​លើកឡើង​ដាច់​ដោយឡែក​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​អនឡាញ​ដោយ​ទូរទស្សន៍ CCTV របស់​ចិន លោក Cook បាន​និយាយ​ថា ក្រុមហ៊ុន Apple នឹង​បន្ត​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​លើ​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ចិន។

លោក​បាន​បន្ថែម​ថា កាស​ស្តាប់​លំដាប់​កំពូល​របស់​ក្រុមហ៊ុន Apple ដែល​មាន​ឈ្មោះ​ថា Vision Pro នឹង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​មួយ​នៅលើ​បណ្តាញ​សង្គម​អនឡាញ។

លោក Cook បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ដើម្បី​សម្ពោធ​ហាង Apple ថ្មី​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​កាលពី​ថ្ងៃ​ទី ២២ ខែ​មីនា លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao អំពី​ផែនការ​ពង្រីក​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ចិន៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG