ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​​ជប៉ុន៖​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា


គណៈប្រតិភូ​​ជំនាញ​ជប៉ុនខាងការបោះឆ្នោត​​ជួប​ជាមួយ​​​តំណាងរាស្ត្រ​ខ្មែរដឹកនាំ​ដោយ​លោក​កឹម សុខា ​អនុប្រធាន​ទីមួយ​សភាជាតិ​
គណៈប្រតិភូ​​ជំនាញ​ជប៉ុនខាងការបោះឆ្នោត​​ជួប​ជាមួយ​​​តំណាងរាស្ត្រ​ខ្មែរដឹកនាំ​ដោយ​លោក​កឹម សុខា ​អនុប្រធាន​ទីមួយ​សភាជាតិ​

អ្នក​ជំនាញ​មកពី​ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ថា ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ប្រាកដ​មែន ​ដែល​បង្ក​ឲ្យមាន​ការ​តវ៉ា​អំពី​លទ្ធផល​បោះ​ឆ្នោត​ថា ​គណបក្ស​គ្រប់គ្រង​អំណាច​បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​

ការ​ប្រកាស​ការ​រក​ឃើញនេះ​ធ្វើ​ឡើង​នៅ​ក្នុងជំនួប​រវាងក្រុម​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មកពី​គណ​បក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះជាតិ ​ជាមួយ​អ្នក​ជំនាញ​ការ​បោះឆ្នោត​មក​ពីជប៉ុន។​

ក្រោយ​ពី​ជំនួប​អស់​រយៈ​ពេល​ជិត​៣​ម៉ោង​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ Kumamaru ​Yuji ​តំណាង​ឲ្យ​ក្រុម​ជំនាញ​ការ​ជប៉ុន​បាន​មាន​ប្រសាសន៍​ប្រាប់ក្រុម​អ្នក​កាសែត​នៅ​ឯមន្ទីរ​រដ្ឋសភា​ថា​ ក្រុម​ជំនាញ​របស់​ជប៉ុន​បាន​រក​ឃើញ​ថា​ ភាព​មិន​ក្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​តែ​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា​ឡើយ​វិញ​នូវ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សារ​ជាថ្មី។​

លោក​មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​បចេ្ចកទេស​មក​ពី​ប្រទេស​ជប៉ុន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​រៀប​ចំបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ឲ្យការ​បោះ​ឆ្នោត​លើក​ក្រោយៗ​ទៀត​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំង​អស់។

លោក​និយាយ​ថា៖​«យើង​មាន​ឆន្ទៈ​ក្នុង​ការ​កែ​ប្រែ​ប្រព័ន្ធបោះ​ឆ្នោតដើម្បី​ផល​ប្រយោជន៍​នៃ​ការ​ធានា​ថា​ ការ​បោះ​ឆ្នោត​លើក​ក្រោយ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ជោគជ័យ​សម្រាប់​គ្រប់​ការ​បោះ​ឆ្នោត​ទាំង​អស់​ មិន​មែន​ត្រឹម​តែ​លើក​ក្រោយ​នេះ​ទេ​គឺ​សម្រាប់​ការ​បោះ​ឆ្នោត​នាពេល​អនាគត»។​

ជំនួប​រវាង​ក្រុម​ជំនាញ​មកពី​ប្រទេស​ជប៉ុន​ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុញ្ញាត​ឲ្យអ្នក​សារព័ត៌មាន​បាន​ចូល​យក​ព័ត៌មាន​ទេ។​ ក៏ប៉ុន្តែ​ក្រុម​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ជួប​ជាមួយ​លោក​កឹម សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។​

លោក​គួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​បោះ​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ប្រាប់​អ្នក​កា​សែត​ថា​ ប្រទេស​ជប៉ុន​បាន​រក​ឃើញ​រចនា​សម្ព័ន្ធ​ដែល​មាន​ទំនាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​រួម​មាន​បញ្ហា​ច្បាប់​ កង្វះ​ខាត​មន្ត្រី​ និង​ភាព​មិន​ទុក​ចិត្ត​ចំពោះ​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ព្រម​ទាំង​ការ​ដោះ​ស្រាយ​វិវាទ​មិន​បាន​ត្រឹម​ត្រូវ​អាច​បង្ក​ឲ្យមាន​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​និយាយ​ថា៖​«សម្រាប់​គណបក្ស​សង្គ្រោះជាតិ​គឺ​គាំទ្រ​១០០​ភាគ​រយ។​ ​អ្វី​ដែល​ជា​លទ្ធផល​របស់​ជប៉ុន​ដែល​បាន​រក​ឃើញ​ហ្នឹង​គឺ​មិន​ខុស​ពី​អ្វី​គណបក្ស​សង្គ្រោះ​ជាតិបាន​ចង​ឯក​សារ​អំពី​ភាព​មិន​ប្រក្រតី​ ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ដូច​គ្នា​អញ្ចឹង​ដែរ។​ ដូច្នេះ​យើង​គាំទ្រ​នូវ​របាយ​ការណ៍​នៃ​ការ​ស្រាវ​ជា្រវ​របស់​ជប៉ុន»។

លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គេច​ចេញ​ពី​ក្រុម​អ្នក​កាសែត។​ ​វីអូអេព្យាយាម​ទាក់​ទង​តាម​ទូរស័ព្ទ​សុំ​ការ​ឆ្លើយតប​ពី​លោក​ព្រំ​ សុខា​ និង​លោក​សក់ សេដ្ឋា​ សមាជិក​ក្រុម​ការ​ងារ​ខាង​គណបក្ស​ប្រជាជន​ តែមិន​អាច​ទាក់ទងបាន​ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។​

គណបក្ស​ប្រឆាំង​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​ធ្លាប់​បាន​រក​ឃើញ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​និង​មាន​ឈ្មោះ​ប្រមាណ​ជាង​១​លាន​នាក់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៕

XS
SM
MD
LG