ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា ​នឹង​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​តុលាការ​ឆាប់ៗ


រដ្ឋ​សភា​គ្រោង​នឹង​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ការរៀបចំ​អង្គ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ​និងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា ​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃ​យ៍ ​នៅថ្ងៃ​ទី ​២៨​​ខែ​មេសា​​នេះ។
រដ្ឋ​សភា​គ្រោង​នឹង​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ការរៀបចំ​អង្គ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ​និងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា ​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃ​យ៍ ​នៅថ្ងៃ​ទី ​២៨​​ខែ​មេសា​​នេះ។
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បីដែល​គេ​រង់ចាំយ៉ាង​យូរសម្រាប់​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិ​ធម៌។​ ក៏​ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​ នៅ​មិន​ទាន់​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ជាតិ​ ដើម្បី​ពិនិត្យ​និង​អនុម័ត​នៅ​ឡើយ ​ស្រប​ពេល​ដែល​រដ្ឋ​សភា​គ្រោង​នឹង​ដាក់សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃ​យ៍​នៅថ្ងៃទី​២៨​ខែ​មេសា​នេះ។​ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ​ដែល​បាន​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ។

គណៈ​រដ្ឋ​មន្ត្រី​របស់​ប្រទេស​កម្ពុជា​បានអនុម័ត​កាលពី​ថ្ងៃសុក្រសប្តាហ៍​មុន​នូវ​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ចំនួន​បី ​ដោយ​ទទួល​រង​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល។​ នោះ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការរៀបចំ​អង្គ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ​និងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា។

​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះដែល​សហគមន៍​អន្តរជាតិ​ទទូច​ជាច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិ​ធម៌​និង​ប្រពន្ធ័​តុលាការ​របស់​ខ្លួន​ឲ្យ​មាន​ឯករាជ្យ​ភាព​ត្រឹម​ត្រូវ។

​លោកផៃ​ ស៊ីផាន រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​គណ​រដ្ឋ​មន្ត្រី​នឹង​ត្រូវ​ការ​ពេល​វេលា​ពីរ​ទៅ​បី​ថ្ងៃ​សម្រាប់​រៀប​ចំ​នីតិវិធី​រដ្ឋបាល​ក្នុង​ការ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។

«សម្តេច​បាន​ចុះហត្ថលេខា​រួច​ទៅ​ហើយ។​បាន​សេចក្តី​ថា​ដំណើរការ​រដ្ឋ​បាល​ក្នុង​ការ​បញ្ជូន​ឯកសារ​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​អាទិត្យ​នេះ។​តាម​ធម្មតា​វាត្រូវ​ការពីរ​ថ្ងៃ​យ៉ាង​ច្រើន។​ខ្ញុំជឿថា​យ៉ាងយូរ​ថ្ងៃ​សុក្រ​នឹង​ទៅ​ដល់​រដ្ឋ​សភា»។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គតុលាការ​រួម​មាន៩១​មាត្រា​ចែកជា​ប្រាំបី​ជំពូក។​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​លើក​ពី​ការធានា​អំពី​ឯករាជ្យ​ភាព​របស់​តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​រឿង​ក្តី​គ្រប់​ប្រភេទ។​

រីឯសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​មាន​ប្រាំមួយ​ជំពូក​និង៣១​មាត្រា។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ចែងថា​ព្រះ​មហាក្សត្រ​ទ្រង់​គង់​ជា​ព្រះរាជា​ធិបតី​នៃ​ស្ថាប័ន​កំពូល​នេះ​និង​មាន​សមាជិក​ចំនួន​ប្រាំបួន​រូប។​ហើយ​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ទាំង​អស់​ត្រូវ​តែងតាំង​ដោយ​ព្រះរាជ​ក្រិត្យ​និង​ត្រូវ​ស្នើ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។​ និង​សេចក្តី​ព្រាង​ច្បាប់​ទី៣​គឺសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា ​មាន​១១១​មាត្រា​និង​ចែកចេញ​ជា​ប្រាំមួយ​ជំពូក។​

មាត្រា​ទី​៦​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ចៅ​ក្រម​ និង​ព្រះរាជ​អជ្ញា​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឬផ្នែក​រដ្ឋ​ប្បវេណី​ណាមួយ​ដោយសារ​ការសម្រេច​ក្នុង​ក្រប​ខណ្ឌ័​នៃ​ការងារនិង​តួនាទី​របស់​ខ្លួន​នោះ​ទេ។​ហើយ​មាត្រា​ទី​៧​ចែង​ថា​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​រដ្ឋ​បាល​កណ្តាល​នៃ​ក្រសួង​យុត្តិធម៌។

​លោក​ជាម យៀប ​ប្រធាន​គណ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ​ធនាគារ​និង​សវនកម្មរបស់​រដ្ឋ​សភា​មាន​ប្រសាសន៍​ថា​រដ្ឋ​សភា​កំពុង​រង់​ចាំ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដើម្បី​រៀប​ចំ​ដាក់​ចូល​របៀប​វារៈ​សម្រាប់​កិច្ច​ពិភាក្សា​និង​អនុម័ត​ច្បាប់។

«យើង​រង់​ចាំយូរ​មកហើយ។​ខ្ញុំ​យល់​ឃើញ​ថា​មិន​យូរទេ។​នៅ​ក្នុង​អាទិត្យ​នេះ​ឬដើម​អាទិត្យ​ក្រោយ​នឹង​ទៅ​ដល់​រដ្ឋ​សភា​។​ហើយ​គណៈ​អចិន្ត្រៃ​យ៍​នឹង​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៨ដោយ​រង់​ចាំ​ច្បាប់​ទាំង​នេះ​ទៅ​ដល់​ដើម្បី​ប្រគល់​ជូន​ទៅ​គណៈ​កម្មការ​ជំនាញ​នៅ​ពេល​ខាង​មុខ​នេះ»។​

​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០​ខែមេសា​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាបាន​ចេញ​សេចេក្តី​ថ្លែង​ការណ៍​មួយ​ដោយប្រឆាំង​ជំទាស់​ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​ទាំងបី​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា។​ សេចក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋា​ភិបាល​ការពារ​នេះ​ត្រូវ​គេ​ដឹង​ថា​ដើម្បីជា​ប្រយោជន៍​ដល់​ការ​កែ​ទម្រង់​យុត្តិធម៌​នោះ។​ មូល​ហេតុ​នៃ​ការ​ជំទាស់ដោយសារ​តែ​សេចក្តី​ព្រាងច្បាប់​ទាំង​នេះ​មិនត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជាមុន​និងមិន​បាន​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​ចំហ​និង​បើក​ទូលាយ»។

​មជ្ឈ​មណ្ឌល​ដដែល​បាន​ទទូច​ឲ្យ​រដ្ឋសភា​ផ្អាក​ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​ដោយ​រង់​ចាំ​ឲ្យ​មាន​សមាជិក​សភានៃគណបក្ស​ដែល​ជាប់​ឆ្នោត​ទាំងពីរ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​អង្គុយ​ពិភាក្សារួម​គ្នា។​គណបក្ស​ជំទាស់​មិន​ព្រម​ចូល​ប្រជុំ​សភា​ដោយ​សារ​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ខ្លួន​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន។

​លោក​ឌុច ​ពិសិដ្ឋ ​អ្នក​សម្រប​សម្រួល​គម្រោង​សង្កេត​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា​កិច្ច​ពិភាក្សា​ដោយ​មាន​តំណាង​រាស្ដ្រ​គណបក្ស​ជំទាស់​ចូល​គឺជា​ការ​តំណាង​ឲ្យ​យ៉ាង​ពេញ​លេញ​នូវ​សម្លេងម្ចាស់ឆ្នោត។

«យើង​ចង់​ឲ្យ​មាន​ការចូល​រួម​ពី​តំណាង​រាស្ត្រ​ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំងមូល​ មាន​ន័យថា​មក​ពី​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឲ្យ​ការ​ពិភាក្សា​ដេញ​ដោល​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នោះ​ជជែក​គ្នា​ដើម្បី​រក​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​និង​របស់​ជាតិ​ទាំង​មូល»។

ឆ្លើយ​តប​មកវិញ​លោក​ជាម យៀប ​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ខាង​លើ​ទទួល​បាន​ការ​ពិភាក្សា​ល្អិត​ល្អន់​រួច​ទៅ​ហើយ​។​ម្យ៉ាងវិញទៀត​បើ​សិន​ជា​នៅ​មាន​ការខ្វះ​ចន្លោះ​នោះ​សមាជិក​សភា​អាច​នឹង​ធ្វើ​វិសោធន​កម្ម​ឡើង​វិញ។​ ដូច្នេះ​សង្គម​ស៊ីវិល​មិន​អាច​ឃាត់​មិន​ឲ្យ​សភា​ដែល​មាន​តែ គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះប្រជុំពិភាក្សា​និង​អនុម័ត​ច្បាប់​ទាំង​នោះ​ទេ៕
XS
SM
MD
LG