ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារា​ភាពយន្ត​ម៉ាឡេស៊ី Michelle Yeoh បង្កើត​ប្រវត្តិសាស្ត្រ​ជា​ស្ត្រី​អាស៊ី​ដំបូង​ដែល​ឈ្នះ​ពាន​រង្វាន់​អូស្ការ


លោកស្រី Michelle Yeoh ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​តួឯកស្រី​​ល្អ​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឈ្មោះ “Everything Everywhere All At Once" នៅក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Academy Awards លើកទី ៩៥ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោកស្រី Michelle Yeoh ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​តួឯកស្រី​​ល្អ​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឈ្មោះ “Everything Everywhere All At Once" នៅក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Academy Awards លើកទី ៩៥ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

កម្មវិធី​ប្រគល់​ពានរង្វាន់​អូស្ការ​ដែល​គេ​ហៅ​ជា​ផ្លូវការថា Academy Awards លើក​ទី​៩៥ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ក្លាយជា​រាត្រី​ដ៏​សំខាន់​មួយ​សម្រាប់​បញ្ហា​ការ​តំណាង​ជនជាតិ​អាស៊ី​នៅ​ក្នុង​ភាពយន្ត​អាមេរិក​និង​អន្តរជាតិ ដោយមាន​កំណត់ត្រា​ថ្មី រួម​មាន​ស្ត្រី​អាស៊ី​ទី​មួយ​ដែលទទួល​បាន​ពាន​រង្វាន់​អូស្ការ​ផ្នែក​តួឯក​ស្រី​ល្អ​បំផុត និង​ពាន​រង្វាន់​អូស្ការ​ដំបូង​សម្រាប់​ផលិតកម្ម​ឥណ្ឌា​ផង​ដែរ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ CNN។​

លោកស្រី Michelle Yeoh បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដោយ​បាន​ដើរ​ជា​តួអង្គ​នាង Evelyn Quan Wang នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឈ្មោះ “Everything Everywhere All At Once"។ ភាពយន្ត​នេះ​បាន​ទទួល​បាន​រង្វាន់​អូស្ការ​ចំនួន​៧ រួម​មាន​ទាំង​ពានរង្វាន់​រូបភាព​ល្អ​បំផុត (Best Picture) និង​ពាន​រង្វាន់​តួរង​ប្រុស​ល្អ​បំផុត​សម្រាប់​លោក Ke Huy Quan ផង​ដែរ។​

លោក Ke Huy Quan ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​តួរង​ប្រុស​ល្អ​បំផុត មកដល់​កម្មវិធី ជប់លៀង Vanity Fair Oscar Party នៅ​ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ នៅ​មជ្ឈមណ្ឌល Wallis Annenberg នៅ​ទីក្រុង Beverly Hills រដ្ឋCalifornia។
លោក Ke Huy Quan ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​តួរង​ប្រុស​ល្អ​បំផុត មកដល់​កម្មវិធី ជប់លៀង Vanity Fair Oscar Party នៅ​ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ នៅ​មជ្ឈមណ្ឌល Wallis Annenberg នៅ​ទីក្រុង Beverly Hills រដ្ឋCalifornia។

តារា​ភាពយន្ត Michelle Yeoh មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​នៅ​ឆ្នាំ​២០០១ លោកស្រី​បាន​ដើរតួ​នៅ​ក្នុងភាពយន្ត​រឿង “Crouching Tiger, Hidden Dragon"។ លោក Ke Huy Quan ជា​ពលរដ្ឋ​អាមេរិក​មាន​កំណើត​នៅ​ប្រទេស​វៀតណាម។ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដំបូង​នៅ​ឆ្នាំ​១៩៨៤ ជា​តួ​ក្មេង​ជំទង់​ក្នុង​ខ្សែ​ភាពយន្ត “Indiana Jones and the Temple of Doom"។ ​

បណ្ដាញ​ព័ត៌មាន​ CNN រាយការណ៍​ទៀត​ថា ចំណែក​ខ្សែ​ភាពយន្ត​ស្រមើស្រមៃ​បែប​ប្រវត្តិសាស្ត្រ​ជា​ភាសា Telegu ឈ្មោះ RRR បាន​ក្លាយ​ជា​ភាពយន្ត​ខ្នាត​វែង​របស់ឥណ្ឌា​ដំបូង​ដែល​បាន​ឈ្នះ​រង្វាន់​អូស្ការ​តាម​រយៈ​បទ​ចម្រៀង Naatu Naatu។​

ឥណ្ឌា​ក៏​បាន​ទទួល​រង្វាន់​អូស្ការ​មួយ​ទៀត​ដែរ​នៅ​ឆ្នាំ​នេះ គឺ​សម្រាប់ភាពយន្ត​ឯកសារ​ខ្លី​ឈ្មោះ “The Elephant Whisperers"។

ជ័យជម្នះ​របស់​លោកស្រី Yeoh ធ្វើ​ឱ្យ​លោកស្រី​ក្លាយ​ជា​ស្ត្រី​ដើម​កំណើត​អាស៊ី​ដំបូង​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ផ្នែក​តួឯក​ស្រី​ល្អ​បំផុត និង​ជា​ស្ត្រី​មិនមែន​ស្បែក​ស​ទី​២​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ។ តារា​ភាពយន្ត​អាមេរិក​ស្បែក​ខ្មៅ​លោកស្រី Halle Berry ជា​ស្ត្រី​មិន​មែន​ស្បែកស​ដំបូង​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ ហើយ​លោកស្រី Berry ជា​អ្នក​ប្រគល់​ពាន​រង្វាន់​នេះ​ផ្ទាល់​ដល់​លោកស្រី Yeoh។

តារា​ភាពយន្ត Michelle Yeoh ក៏​ជា​អ្នក​មាន​ដើមកំណើត​អាស៊ី​ដំបូងដែល​បាន​ឈ្នះ​ក្នុង​ផ្នែក​តួអង្គ​ឯក ​ដំបូង និង​ជា​តារាភាពយន្ត​ស្ត្រី​ដំបូង​ដែល​បាន​ឈ្នះ​ដោយ​សារ​ការ​ដើរតួ​ជា​តួអង្គ​និយាយ​ភាសា​ចិន​កុកងឺ​និង​ភាសា​ចឹ២ចិន​កាតាំង។

លោកស្រី Yeoh បាន​បញ្ជាក់​ពី​សារៈសំខាន់ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​នេះ នៅ​ក្នុង​សុន្ទរកថា​ដ៏​រំជើបរំជួល​របស់​លោកស្រី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ហូលីវូដ។ ​

បណ្ដាញ​ព័ត៌មាន CNN បាន​រាយការណ៍​ថា​ លោកស្រី​បាន​លើក​ពាន​អូស្ការ​ឡើង​ដោយ​ថ្លែង​ថា៖ «សម្រាប់​កុមារា និង​កុមារី​ ​ដែល​មាន​មុខមាត់​ស្រដៀង​នឹង​ខ្ញុំ ហើយ​កំពុង​ទស្សនា​នៅ​រាត្រី​នេះ សូម​ដឹង​ថា​នេះ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​និង​លទ្ធភាព​នានា‍»។​

លោកស្រី​បាន​ថ្លែង​អំណរគុណ​ជា​ពិសេស​ដល់ម្តាយ​អាយុ​៨៤​ឆ្នាំ​របស់​លោកស្រី​ដោយ​ថ្លែង​ថា៖ «ខ្ញុំ​នឹង​យក​ពានរង្វាន់​នេះ​ជូន​គាត់​នៅ​ផ្ទះ។ គាត់​កំពុង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នេះ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​របស់​គាត់។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​នឹង​នាំ​ពានរង្វាន់​នេះទៅ​កាន់​អ្នក​ទាំងអស់​គ្នា​នៅ​ផ្ទះ»។

លោកស្រី Yeoh ក៏​បាន​ថ្លែង​អំណរគុណ​ដល់​«សាច់ញាតិ​នៅ​ទីក្រុង​ហុងកុង‍» ដែល​បាន​ជួយ​ឧបត្ថម្ភ​រហូត​លោកស្រី​បាន​ទទួល​ជោគជ័យ​ដល់​សព្វ​ថ្ងៃ​នេះ​ផងដែរ។​

តារា​ភាពយន្ត Michelle Yeoh កើត​នៅ​ទី​ក្រុង​ Ipoh ប្រទេស​ម៉ាឡេស៊ី ហើយ​ចាប់​ផ្តើម​អាជីពក្នុង​វិស័យ​សិល្បៈដោយ​សម្តែង​ក្នុង​ភាពយន្ត​ហុងកុង​ជា​ច្រើន៕

ប្រែសម្រួល​ដោយ​លោក សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG