ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភូមា​​កាត់ទោស​ជនជាតិ​ចិន​១៥៣​នាក់​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់


ស្រ្តី​ម្នាក់​ដើរ​ជាមួយ​កូនៗ​នៅ​ក្បែរ​វាល​កាប់​ឈើ​នៅ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​ភូមា កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។
ស្រ្តី​ម្នាក់​ដើរ​ជាមួយ​កូនៗ​នៅ​ក្បែរ​វាល​កាប់​ឈើ​នៅ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​ភូមា កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។

ភូមា​បាន​កាត់​ទោស​ជនជាតិ​ចិន​១៥៣​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតចំពោះ​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​រដ្ឋ​កាជីន (Kachin) ​ភាគ​ខាង​ជើង។

តុលាការ​ក្នុង​រដ្ឋធានី Myitkyina នៃ​រដ្ឋ​កាជីន​បាន​ធ្វើ​ការ​កាត់​ទោស​នោះ​កាល​ពី​ថ្ងៃ​ពុធ។ ជនជាតិ​ចិន​២​នាក់​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ក្នុង​ម្នាក់ៗ។

មេធាវី Khin Maung ​ដែល​តំណាង​ឲ្យ​ជន​ជាតិ​ចិន ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ភូមា​ថា ​ការ​កាត់​ទោស​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ចៅក្រម​២​រូប។

លោក​និយាយ​ថា «ពួកគេ​ស្ថិត​ក្នុង​ក្រុម២។ ក្រុម​ទី​មួយមាន​គ្នា​៨៥​នាក់​ ហើយ​ក្រុម​មួយ​ទៀត​មាន​គ្នា​៧០​នាក់។ ​ចៅក្រមក្រុង Myitkyina ​បាន​សម្រេច​កាត់​ទោស​ឲ្យ​ក្រុម​ទី​មួយ​ដែល​មាន​គ្នា​៨៣​នាក់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ហើយ​និង​ដាក់​ឲ្យមនុស្ស​២​នាក់​ផ្សេង​ទៀត​ដែល​ជា​យុវជន​ជាប់​ពន្ធនាគារ​១០​ឆ្នាំ។​ ចៅក្រម​ម្នាក់​ទៀត​របស់​តុលាការ​ស្រុក​បាន​សម្រេច​ដាក់​ទោស​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​ទី​២‍​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ហើយ​វាដូច​គ្នា​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជី​វិត​ដែរ»។

ចុង​ចោទ​ទាំង​អស់​នឹង​មាន​ឱកាស​ប្តឹង​ឧទ្ធរណ៍​ដល់​ការ​សម្រេច​របស់​តុលាការ​នេះ។

កាសែត​ដែល​រៀបចំ​ចាត់​ចែង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ដក​ស្រង់​សម្តី​មន្រ្តី​ស្ថាន​ទូត​ចិន​ម្នាក់​មក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ទីក្រុង​មាន​ការ​ព្រួយ​បារម្ភអំពី​សាល​ក្រម​នេះ ​ហើយ​កំពុង​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​ក្រសួង​ការបរទេស​ភូមា។

ពលរដ្ឋ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​ពាណិជ្ជកម្ម​ឈើ​នៅ​ក្នុង​រដ្ឋ​កាជីន។

ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​អាជ្ញាធរ​និយាយ​ថា ​ពួកគេ​ក៏​បាន​រឹបអូស​រថយន្ត​ដឹក​ឈើ​ហុប​ចំនួន​៤៣៦​គ្រឿង រថយន្ត​ដឹក​ឈើ​ហុប​ប្រភេទ​តូច​ចំនួន​១៤​គ្រឿង​ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ហុប​ ថ្នាំ​ញៀន អាភៀន​មិន​ទាន់​ចម្រាញ់​ និងប្រាក់​ចិន។ ការ​កាប់​ឈើ​ខុស​ច្បាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បញ្ហា​យ៉ាងធំ​មួយ​នៅ​ក្នុង​ប្រទេស​ភូមា ​ដែល​នៅ​ទី​នោះ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​បាន​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​អស់​រាប់​ទសវត្សរ៍៕

XS
SM
MD
LG