ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​នឹង​ចុះ​អ្នក​បោះឆ្នោត​ថ្មី​បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់


គ.ជ.ប​រំពឹង​ថា​នឹង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ​ជាលើក​ដំបូង​និង​អ្នក​ដែល​បាន​ផ្លាស់ប្តូរ​​ទីលំនៅ​ចំនួន​ជាង​៣០​ម៉ឺននាក់​នៅ​ពេល​ដែល​ខ្លួន​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​នៅ​​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។
គ.ជ.ប​រំពឹង​ថា​នឹង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ​ជាលើក​ដំបូង​និង​អ្នក​ដែល​បាន​ផ្លាស់ប្តូរ​​ទីលំនៅ​ចំនួន​ជាង​៣០​ម៉ឺននាក់​នៅ​ពេល​ដែល​ខ្លួន​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​នៅ​​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​កំពុង​ត្រៀម​រៀបចំ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដោយ​ចាប់ផ្តើម​ពី​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​លើ​កា​រចុះ​បញ្ជី​បោះឆ្នោត​នៅ​ថ្ងៃទី​២៥​ខែ​កញ្ញា​ខាងមុខ​នេះហើយ​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នឹង​ចាប់ផ្តើម​នៅថ្ងៃទី​០១ ខែតុលា។

ដំណើរ​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជាធម្មតា​បើ​ទោះ​បី ជា​មានការ​ជំទាស់​ពី​គណបក្ស​ប្រឆាំង​នឹង​អ្នក​ជំនាញការបោះឆ្នោត​ឱ្យ​រង់ចាំ​ដល់​ពេល​គណបក្ស​ដែល​មាន​អាសនៈ​នៅ ក្នុង​រដ្ឋ​សភា​រៀបចំ​បង្កើត​ស្ថាប័ន​បោះឆ្នោត​ថ្មី​និង​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​តាម​ការ​ព្រម​ព្រៀង​នយោបាយ​កន្លង​មក។

លោក​ទេព នីថា អគ្គលេខា​ធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) ​បាន​បញ្ជាក់​ថា ច្បាប់​ដែល​មាន​ជាធរមាន​តម្រូវ​ឱ្យ​គ.ជ.​ប​អនុវត្តការងារ​នេះ​ហើយ​ការ​លើក​ឡើង​នានា​គ្រាន់​តែ​ជា​ «ការ​យល់​ច្រឡំ»​តែ​ ប៉ុណ្ណោះ។ ​

«តាម​ពិត​ការព្រម​ព្រៀង​របស់​គណបក្ស​នយោបាយ​ជារឿង​របស់​គណបក្ស​នយោបាយ​ក៏ប៉ុន្តែ​ច្បាប់​នៅ​ជាធរមាន​គ.ជ.ប​នៅ​តែ​អនុវត្ត​ទៅតាម​ច្បាប់​ហើយ​ម្យ៉ាងទៀត​ការចុះ​បញ្ជី​នេះ​ គឺ​បញ្ជីបោះឆ្នោត​មិន​មែន​ប្រើ​សម្រាប់តែ​ការបោះឆ្នោត​តំណាងរាស្រ្ត​ទេ គឺ​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ទៀត»។​

គណបក្ស​ប្រជាជក​ម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី និង​លោក​កឹមសុខា​បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​ស្ថាប័ន​បោះឆ្នោត​ជាតិ​ថ្មី​មួយ​ដែល​ឯករាជ្យ​និង​មានការ​ធានាសិទ្ធិ​របស់​សមាជិក​របស់​ស្ថាប័ន​នេះ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញមក​ជំនួស​គជប​នាពេល​បច្ចុប្បន្ន​ដែល​រង​ការចោទប្រកាន់​ថា​បាន​លម្អៀង​ទៅ រក​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ការ​រៀបចំ​នៅ​មិនទាន់​ចប់​សព្វគ្រប់​នៅឡើយ​ដោយ​ក្រុម​ការងារ​ត្រូវ​សម្រាក​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ​សភា​កំពុង​សម្រាក​វិស្សមកាល។

សភាកម្ពុជា​នឹង​វិល​ត្រឡប់​មក​ពី សម្រាក​វិញ​ហើយ​ចូល​ប្រជុំ​នៅ​ដើម​ខែ​តុលាដើម្បីធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​សម្រាប់​បើក​ផ្លូវ​ឱ្យ​រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​តាម​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរនេះ។

លោក​ យ៉ែម បុញ្ញរិទ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា៖​

«យើ​ងបាន​ស្នើ​សុំ​ឱ្យ​ផ្អាកដែរ​ក៏​ប៉ុន្តែ​គាត់​ថា​ច្បាប់​ចាស់​នៅ​ជា​ធរមានហើយ​គាត់​អនុវត្ត​តាម​ច្បាប់​ចាស់​ពីព្រោះ​យើង​យល់​ថា​ជាការ​ចាយ​វាយ​ថវិកា​ជាតិ​មិន​ចាំ​បាច់​ពីព្រោះ​បន្តិច​ទៀត​យើង​ឯកភាព​គ្នា​រៀបចំ​គណៈកម្មការ​រៀបចំ ការបោះឆ្នោត​ដោយ​រៀបចំ​បញ្ជី​ថ្មី​ជាដើម។​ យើង​បាន​ស្នើ​ដែរ​ក៏​ប៉ុន្តែ​គាត់​យល់​ថា​ច្បាប់​ចាស់​នៅ ជា​ធរមាន​ហើយ​គាត់​នៅ អនុវត្ត​រហូត​ដល់​មាន​គ.ជ.ប​ថ្មី និង​ច្បាប់​ថ្មី​មក​ជំនួស»។​

លោក​ហង្ស ពុទ្ធា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និកហ្វិក​បាន​សម្តែង​ការជំទាស់​នឹង​ការចុះ​ឈ្មោះ អ្នក​បោះឆ្នោត​ថ្មី និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​បញ្ជី​បោះឆ្នោត​នៅ​ពេល​នេះ​ដែរ។​

«យើង​មាន​ការ​សោក​ស្តាយ​ដោយ​មិន​ចង់​ឱ្យ​មាន​ការ​ចុះ ឈ្មោះ ប្រចាំ​ឆ្នាំ​ដោយសារ​យោងទៅ​តាម​កិច្ច​ព្រម​ព្រៀង​បញ្ជី​បោះឆ្នោត​ថ្មី នឹង​ត្រូវ​តែ​ធ្វើ​ឡើង​អញ្ចឹង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ប្រចាំ​ឆ្នាំ​នៅ ពេល​នេះ​យើង​បារម្ភ​ថា​បញ្ជី​បោះឆ្នោត​នេះ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ឆ្នាំ​បោះឆ្នោត​ខាង​មុខ​។ អញ្ចឹង​គឺជា​ការ​ប្រើប្រាស់​ថវិកា​អត់ប្រយោជន៍​»។

គ.ជ.ប​រំពឹង​ថា​នឹង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ​ជាលើក​ដំបូង​និង​អ្នក​ដែល​បាន​ផ្លាស់ប្តូរទីលំនៅ​ចំនួន​ជាង​៣០​ម៉ឺននាក់​នៅ​ពេល​ដែល​ខ្លួន​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​នៅថ្ងៃ​ទី​៣១​ខែ​ធ្នូ។

​គ.ជ.បបាន​ប៉ាន់​ស្មាន​ថា​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​អាច​នឹង​មាន​ជាង​១០ម៉ឺននាក់​ដោយសារ​បាន​ស្លាប់​បាត់​បង់​ជីវិត មាន​ពិរុទ្ធភាព និង​អ្នក​ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញ​ពី​មណ្ឌល​បោះឆ្នោត​ចាស់៕

XS
SM
MD
LG