ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី ​នួន​ ជា​ ប្តឹង​ដក​ចៅក្រម​បួនរូប


ទេសចរ​​មើល​​រូប​ នួន ជា ​​អតីត​​មេដឹកនាំ​​នៃ​​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «បងធំ​ទីពីរ» នៅ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង ក្នុង​​រាជធានី​​ភ្នំពេញ នៅ​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០១៤។
ទេសចរ​​មើល​​រូប​ នួន ជា ​​អតីត​​មេដឹកនាំ​​នៃ​​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «បងធំ​ទីពីរ» នៅ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង ក្នុង​​រាជធានី​​ភ្នំពេញ នៅ​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០១៤។

ក្រុម​មេធាវី​របស់​ជនជាប់​ចោទ ​នួន ជា​ បាន​ប្តឹងឲ្យ​ដក​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូងរបស់​សាលា​ក្តី​ខ្មែរ​ក្រហម​ចំនួន​បួន​រូបចេញ​ពីការកាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​២ ដោយ​ចោទ​ប្រកាន់​ថា ​ចៅ​ក្រម​ទាំង​នោះលំអៀង​និងទទួល​រងការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។

​បណ្តឹង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​កាត់​ទោស​វគ្គ​ទី​នៃ​សំណុំ​រឿង​០០២​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុ​ងរយៈ​ពេល​ដប់​ថ្ងៃ​ទៀត។ នៅ​ក្នុ​ងបណ្តឹង​ដិតចិត្ត​ទៅ​កាន់តុលាការ​ខ្មែរ​ក្រហម​កាល​ពី​ចុង​ខែ​កញ្ញា​ ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ច័ន្ទ​លោក​សុន ​អរុណ ​និង​លោក​វ៉ិចទ័រ កូប៉េ ​សហមេធាវី​ជាតិ​និង​អន្តរជាតិ​របស់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហមបានសុំ​ឲ្យ​ដក​ចៅ​ក្រម​និល ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង ​លោកចៅក្រម​សញ្ជាតិ​បារាំង Jean-Marc Lavergne លោកចៅក្រម​យ៉ា សុខន និង​លោកចៅក្រម​យូរ ឧត្តរា។

​សហមេធាវី​ចុង​ចោទ​ទាំង​ពីរ​បានផ្តោត​លើ​ការ​ខក​ខាន​របស់​ចៅ​ក្រម​នៃអង្គជំនុំ​ជម្រះ​ជាន់​ទាប​ក្នុ​ងការ​កោះ​ហៅ​សាក្សី​សំខាន់​ដែល​ជា​មន្ត្រី​រដ្ឋា​ភិបាល​សព្វថ្ងៃ​និង​លោក​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ​ឲ្យ​ចូល​បំភ្លឺ​តុលាការ។ក្រុម​មេធាវី​នេះ​បញ្ជាក់​ថា​លោក​ហេង ​សំរិន ​គឺជា​សាក្សី​សំខាន់​សម្រាប់​លោក​នួន ជា។​ក្រុម​មេធាវី​បាន​រៀបរាប់​កំហុស​នីតិវិធីច្បាប់​ជាច្រើន​ក្នុង​ការកាត់ក្តី​លើ​ចុងចោទ​ក្នុ​ងដំណាក់​កាល​ទី​១​កន្លងមករួម​ទាំង​ការ​កាត់​ក្តី​ក្នុង​សំណុំរឿង​០០១​ដែល​មាន​ជនជាប់ចោទ ឌុច ​អតីត​ប្រធាន​គុកទួល​ស្លែង​ផង​ដែរ។

​លោក​មេធាវី​សុន ​អរុណ ​និង​លោក​វ៉ិចទ័រ កូប៉េ បាន​ទទូចដកចេញ​ចៅ​ក្រម​ទាំង​បួន​រូប​ចេញ​ពី​ការជំនុំ​ជម្រះ​សំណុំ​រឿង​០០២​វគ្គទី​២ ​ហើយ​ត្រូវ​ពន្យា​ពេល​សវនាការ​រហូត​ដល់​មាន​ការសម្រេច​លើ​បណ្តឹង​នេះ។ លោកសុន អរុណ ​លើក​ឡើង​ថា​ក្រុម​មេធាវី​ការពារ​ក្តី​លើក​ឡើង​ថា​ក្រុមស្មា​ក្តី​បាន​រក​ឃើញ​កំហុស​ជាច្រើន​របស់​ចៅ​ក្រម​ទាំងនោះ​ក្នុ​ងការ​កាត់​ក្តី​កន្លង​មក​នេះ។

«ដោយសារ​តែ​ចៅ​ក្រម​មាន​កំហុស​ច្រើនហើយ​បាន​យើង​ប្តឹង​ដិតចិត្ត​ផង​និង​ប្តឹង​ឧទ្ធរណ៍​ផង»។

ថ្វី​បើ​មាន​ការទាមទារ​បែប​នេះ​ក្តី ​លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​ក្រុម​ចៅ​ក្រម​ទាំង​បួន​រូបនៅ​តែ​មាន​លទ្ធ​ភាព​ចូល​រួម​ដំណើរ​ការ​នីតិវិធី​កាត់​ក្តី​សំណុំ​រឿង០០២​វគ្គ​ទី​២​នេះ​រហូត​ដល់​មាន​ការ​សម្រេច​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ដោយ​គណ​កម្មាធិការរដ្ឋបាល​តុលាការ។​

​«ក្រុម​ប្រឹក្សា​ជំនុំ​ជុម្រះ​នេះ​មាន​ការចូលរួម​ពី​ចៅ​ក្រម​ចំនួន​ប្រាំរូប​ដែល​នៅ​ក្នុង​នោះ​មាន​ចៅ​ក្រម​អន្តរជាតិ​ចំនួន​ពីររូប​និង​ចៅក្រម​កម្ពុជា​ចំនួន​បីរូប​ដែល​នឹងត្រូវ​ដោះ​ស្រាយ​លើ​បណ្តឹង​ដិត​ចិត្តនេះ។​ហើយ​ទោះ​បី​ជាមាន​បណ្តឹង​ដិតចិត្ត​នេះ​ប្រឆាំង​នឹង​ចៅក្រម​នៃ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ ប៉ុន្តែ​បណ្តឹង​ដិតចិត្ត​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​តុលាការ​សាលា​ដំបូង​ទេ ​លុះ​ត្រា​តែ​មាន​ការសម្រេច​រួច​រាល់​លុះ​ត្រា​តែ​មាន​ការសម្រេច​ចេញ​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ»។


នួន ជា ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ថ្ងៃ​ទី​៧​ខែសីហា​បន្ទាប់​ពី​ឆ្លង​កាត់​ការ​កាត់​ទោស​ដំណាក់​កាល​ទី១​ក្នុង​សំណុំ​រឿង​០០២។​ទោស​នេះ​ដោយ​តុលាការ​បាន​រកឃើញ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​ជាប់​ចោទ​ចំពោះ ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​២លាននាក់​ចន្លោះ​ពី​ខែមេសា​ឆ្នាំ​១៩៧៥​ដល់​ខែមករា​ឆ្នាំ​១៩៧៩។

យោងតាមវិធាន​ផ្ទៃ​ក្នុ​ងក្រុម​ប្រឹក្សា​ជំនុំជម្រះមាន​រយៈ​ពេលបី​ខែ​ក្នុង​ការសម្រេច​លើ​បណ្តឹង​ដិតចិត្ត​នេះ៕

XS
SM
MD
LG