ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា​រំលឹក​​ខួប​ទី​៣៩​នៃ​ការ​ឡើង​កាន់​អំណាច​របស់​របប​ខ្មែរ​ក្រហម​


ទាហាន​ខ្មែរ​ក្រហម​ម្នាក់​​កាន់​កាំភ្លើង​បញ្ជា​ឲ្យ​អាជីវករ​ចោល​ហាង​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។ (រូបថត​ឯកសារ)
ទាហាន​ខ្មែរ​ក្រហម​ម្នាក់​​កាន់​កាំភ្លើង​បញ្ជា​ឲ្យ​អាជីវករ​ចោល​ហាង​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។ (រូបថត​ឯកសារ)
គិត​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​ ដល់​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០១៤​ នេះ​គឺជា​ខួប​ ៣៩​ឆ្នាំ​គត់​នៃ​ការ​ឡើង​កាន់​អំណាច​របស់​កង​ទ័ព​ខោអាវ​ខ្មៅ​នៃ​ពួក​កុម្មុយនិស្ត​ម៉ៅនិយម​ ខ្មែរ​ក្រហម។​

កាល​ពី​៣៩​ឆ្នាំ​មុន​ពួក​កុម្មុយនិស្ត​បាន​បង្កើត​របប​ដឹក​នាំ​ផ្តាច់​ការ​មួយ​ឈ្មោះ​ថា​កម្ពុជា​ប្រជាធិប​តេយ្យ​ដែល​មាន​មេ​ដឹកនាំ​កំពូលៗ​ដូច​ជា​ ប៉ុល ពត​ នួន ជា​ ខៀវ សំផន​ និង​ អៀង សារី​ ជាដើម។​

ក្រោម​ការ​គ្រប់​គ្រង​នៃ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំងនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ត្រូវ​ជម្លៀស​ចេញ​ពី​ទី​ក្រុង​ ចេញពី​ទី​ប្រជុំ​ជន​ ទៅ​កាន់​តំបន់​វាល​ស្រែ​ជនបទ។​ មាន​ប្រជាពលរដ្ឋ​យ៉ាងតិច​ ១,៧​ លាន​នាក់បាន​ស្លាប់​ដោយសារ​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ ដោយ​ការ​ធ្វើ​ទារុណកម្ម​ ដោយ​ការ​បង្អត់​អាហារ​និង​ដោយ​សារ​ការ​ធ្វើ​ការ​ដោយ​បង្ខំ។​

​នៅ​ថ្ងៃ​នេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ មន្ត្រី​តុលាការ​ មន្ត្រី​រដ្ឋាភិបាល​ និង​ជន​រងគ្រោះ​ដោយ​របប​ឃោរ​ឃៅ​នេះ​បាន​ពិនិត្យ​មើល​ឡើង​វិញ​ពី​ដំណើរការ​យុត្តិធម៌​និងកេរដំណែល​នៃ​ការ​កាប់​សម្លាប់។​

លោក​ ប៊ូ ម៉េង​ ជា​អតីត​អ្នកទោស​គុក​ទួល​ស្លែង​ម្នាក់។​ គាត់​ត្រូវ​ឃុំឃាំង​នៅ​ទី​នេះ​ជាមួយ​ប្រពន្ធ​របស់​គាត់។​ ប្រពន្ធ​របស់​គាត់​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ចោល។​

«ថ្ងៃ​ទី​១៧​មេសា ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ដ្រ​មួយ​ ដែល​យើង​ទាំង​អស់​គ្នា​មិន​អាច​បំភ្លេច​បាន»។​

ជិត​បួន​ទសវត្ស​មក​នេះ​ឧក្រិដ្ឋកម្ម​ខាង​លើ​ ទើ​ប​តែ​បាន​នាំ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ​ សម្រាប់​លោក​ប៊ូ ​ម៉េង​ តាម​រយៈ​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​គេ​ស្គាល់​ថាជា​សាលាក្តី​ខ្មែរក្រហម។​ យុត្តិធម៌​មួយ​ផ្នែក​តូច​នោះ​គឺ​ តាម​រយៈ​ការ​ផ្តន្ទាទោស​ឌុច ​អតីត​ ប្រធាន​គុក​ទួល​ស្លែង​ឬ​មន្ទីរ​ស ​២១។​

ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ នៅ​ឆ្នាំ​២០០៦​ តុលាការ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចាប់​ផ្តើម​បើកទា្វរ។​ ជន​ជាប់ចោទ​មាន​ កាំង ហ្គិចអ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ នួន ជា​ ខៀវ សំផន​ អៀង សារី​ អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ អៀង ធីរិទ្ធ​ ភរិយា​របស់​គាត់​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។​ជន​ជាប់​ចោទ​ទាំង​នេះ​ត្រូវ​ចោទ​ប្រកាន់​ទាក់ទង​ទៅ​នឹង​អំពើ​ឃោរឃៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។​

នៅ​ក្នុង​ពេល​នេះ​ អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​តែ​ពីរ​នាក់​គត់​ ដែល​កំពុង​ស្ថិត​ក្នុង​រង្វង់​ក្រចក​សេះ។​ គឺ​ នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ និង​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​នេះ។​ ចំណែក​ឯ​ អៀង សារី​ បាន​ស្លាប់​មុន​ការ​កាត់ទោស​បាន​បញ្ចប់​ និង​ភរិយា​របស់​គាត់​ត្រូវ​ដោះលែង​ដោយ​ភ្ជាប់​ជា​មួយ​លក្ខខណ្ឌ័​ដោយសារ​ជំងឺ​វង្វេង​វង្វាន់។​

លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សង្គម​សេរី​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ​ OSJI​ របស់​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ អតីតកាល​កាល​ពី​៣៩​ឆ្នាំមុន​ បាន​រំលឹក​ដល់​កម្ពុជា​អំពី​អំពើ​ឧក្រិដ្ឋ​ដែល​មិន​អាច​លើក​លែង​ឲ្យ​បាន​ និង​រំលឹក​អំពីការ​ទទួល​ខុសត្រូវ​នៃ​មេ​ដឹក​នាំ​ ចំពោះ​ការ​ដឹក​នាំ​របស់​ខ្លួន។​

«ទី​មួយ​យើង​អាច​និយាយ​បាន​ថា​បទល្មើស​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ដូច​ជា​ឧ​ក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ បទ​ល្មើស​ប្រល័យ​ពូជ​សាសន៍​ គ្មាន​អាជ្ញាយុកាល​ និង​ទី​២​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា​ទោះ​បី​ជា​ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ​អ្នក​ដែល​ទទួល​ខុសត្រូវ​រឿង​ព្រហ្មទណ្ឌត្រូវ​តែ​ប្រឈម​មុខ​នឹង​ការផ្តន្ទាទោស​នៅ​ក្នុង​ពេល​ដែល​ខ្លួន​ដឹក​នាំ​ប្រទេស​ ដែល​ការ​ដឹក​នាំ​របស់​ខ្លួន​នោះ​បណ្តាល​ឲ្យ​មាន​ការ​សម្លាប់​រង្គាល»។​

យ៉ាង​ណា​ក៏​ដោយ​លោក​ ឡុង បញ្ញាវុធ​ កត់​សម្គាល់​ថា​ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​កម្ពុជា​ក្រោយ​ថ្ងៃ​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥ ​នៅ​មាន​ភាព​យឺត​យ៉ាវ​នៅ​ឡើយ។​

ប៉ុន្តែ​លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍ថា​ សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ព្យាយាម​ពន្លឿនដំណើរការ​ក្តី។​

«យើ​ងឃើញ​ថា​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​ គឺ​ជា​ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​ក៏ប៉ុន្តែថ្ងៃ​ទី​១៧​មេសា​ ឆ្នាំ​២០១៤​ គឺ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​សរសេរ​សាល​ក្រម​លើ​សំណុំ​រឿង​ដែល​ជា​អតីត​អ្នក​គ្រប់​គ្រង​សម័យ​ខ្មែរ​ក្រហម​នៅ​ពេល​នោះ។​ គឺ​យើង​កំពុង​ពន្លឿន​និតិវិធី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប្រយោជន៍​យុត្តិធម៌​របស់​ជន​រងគ្រោះ»។​

លោក​ ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ត្រី​អធិប្បាយ​ថា​ ការ​ឡើង​កាន់​អំណាច​របស់​ពួកខ្មែរ​ក្រហម​នៅ​ថ្ងៃទី​១៧​ខែ​មេសា​បាន​ក្លាយ​ជា​មេរៀន​នៃ​ការ​ដឹកនាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន។​

សម្រាប់​លោក​ ផៃ ស៊ីផាន​ គឺ​ជា​មេរៀន​ដែល​នាំ​ឲ្យ​មាន​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​និង​ជន​ជាប់​ចោទ​ និង​ការ​បំបាត់​នូវ​អតីតកាល​មិន​ឲ្យ​វិល​ត្រឡប់​ឡើង​វិញ។​

«យើង​បាន​រៀនសូត្រ​ច្រើន​នៃ​បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ហឹង្សា​ដែល​របប​ខ្មែរ​ក្រហម​បាន​ធ្វើ​និង​ការ​កសាង​ប្រទេស​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ហឹង្សា​ជាធំ»។​

នៅ​ក្នុង​ពេលនេះ​ដែរ​ សាលាក្តី​ខ្មែរ​ក្រហមបាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​កំពុង​ជំរុញ​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​កាត់ក្តី​សំណុំ​រឿង​ ០០៣​ និង​០០៤​ បន្ថែម​ទៀត។​ ជន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ទាំង​ពីរ​ មាន​ចំនួន​ប្រាំ​នាក់​ហើយ​សុទ្ធសឹង​តែ​មាន​វ័យ​កាន់​តែ​ចាស់ជរា​ទៅ​ហើយ។​ ពួកគេ​គឺ​ជា​កម្មាភិបាល​ជាន់​ខ្ពស់​បំផុត​ដែល​គេ​ជឿ​ថា​ ពួកគេ​មាន​សិទ្ធិ​ដាក់​បញ្ជា​ក្នុង​ការ​ចាប់​ខ្លួន​ ជម្លៀស​ ឬ​សម្លាប់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​ខ្មែរ​ក្រហម៕
XS
SM
MD
LG