ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖​ ជំនួប​ជាមួយ​លោក​ចន ឃែរី​​ទទួល​បាន​ផលវិជ្ជមាន​ជា​ច្រើន


លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។​

លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោកក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«នៅ​ក្នុង​ជំនួប​ថ្ងៃ​ម្សិលមិញរវាង​ខ្ញុំ​ និង​ ​John Kerry​ ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ ​ដែល​មាន​រយៈជាង​១ម៉ោងនៅ​វិមាន​សន្តិភាព​គឺ​បាន​ទទួល​លទ្ធផល​វិជ្ជមាន​ល្អ​ជា​ច្រើន​សម្រាប់​កម្ពុជា។​ ​ខ្ញុំ​បាន​ស្នើ​ឲ្យអាមេរិកបើក​ទីផ្សារសម្រាប់​ផលិត​ផល​កម្ពុជា​ឲ្យបាន​ទូលំទូលាយដើម្បី​ប្រជា​ពល​រដ្ឋ​ ​និង​ពាណិជ្ជករ​ខ្មែរ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​នាំចេញ​ផលិត​ផល​ពី​កម្ពុជា​ចេញ​ទៅ​ទី​ផ្សារ​អាមេរិក។​ ​ក្រៅ​ពី​នោះ​គឺ​ខ្ញុំបាន​បញ្ជាក់​អំពី​គោល​ជំហរ​កម្ពុជា ​ក្នុង​ការ​រួម​ដៃ​សហការ​ជា​មួយ​អាមេរិកដើម្បី​ទប់ស្កាត់​អំពីភេរវ​កម្ម​ក៏​ដូច​ជា​ជំហរ​កម្ពុជា​គាំ​ទ្រ​ដំណោះ​ស្រាយ​បញ្ហាលើ​ការ​ចរចា​ពិភាក្សា​ដែល​នាំ​មក​នូវ​សន្តិភាព​សម្រាប់​តំបន់​ទាំង​មូល»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្ត្រីមិន​បានបញ្ជាក់​ពី​ចំណុច​លម្អិត​នៃ​ការ​ចំណេញ​សម្រាប់កម្ពុជា​ និង​កិច្ច​ព្រមព្រៀង​ណា​មួយ​នោះ​ទេ។​

ការ​លើក​ឡើង​នេះធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់​លោក​ចន ឃែរី​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហ​រដ្ឋ​មេរិក​ ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​នេះ។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេលពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ​លោកចន ឃែរី​នៃ​សហ​រដ្ឋ​អាមេរិក ​បាន​ជួប​លោកហ៊ុន សែន​ និង​ ​លោក ​ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​និងបាន​ជួបតំណាង​អង្គការ​សង្គម​ស៊ីវិល​ និង​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ។​

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌​មាន​ដែល​បូក​សរុប​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ ​លោកឃែរីថ្លែង​ថា៖​

​«ពាណិជ្ជកម្ម​ទ្វេរ​ភាគី​របស់​យើងបាន​ជំរុញ​ទំនាក់​ទំនង​របស់​យើង​ទៅ​មុខ។ យើង​បាន​យល់​ស្រប​ថា​ ​កម្ពុជា​គួរតែ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ចម្រុះ​គឺ​មិន​ត្រូវ​ឲ្យ​ជម្រើស​ណា​មួយ​ល្អ​ជាង​គេ​នោះ​ទេ។ ​គ្រប់ៗ​គ្នា​ត្រូវ​មាន​ឱកាសគឺ​ឱកាស​ដើម្បីឱ្យ​មានសមត្ថភាព​ក្នុង​ការ​រីក​ចម្រើន។​ ​ហើយ​ខ្ញុំ​គិត​ថា​ គឺ​ជា​កត្តាគួរ​ឲ្យ​កត់​សម្គាល់​ណាស់​ថា​ ​សហ​រដ្ឋ​អាមេរិកគឺ​ជា​ទីផ្សារនាំ​ចេញ​ដ៏​ធំ​បំផុត​សម្រាប់ប្រទេស​កម្ពុជា ​ថ្វី​បើ​ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នាមួយ​ចំហៀង​ផែន​ដី​ក៏​ដោយ»។​

លោក​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនក៏​បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍របស់​លោក​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆំាង​ភេវរកម្ម​ និងក្រុម​ហិង្សាជ្រុល​និយម​ផង​ដែរ។​

«ថ្ងៃ​នេះ​ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី[ហ៊ុន សែន] ​ទាក់ទិន​នឹង​ការ​ធ្វើ​ការ​ឆ្លើយ​តប​ភា្លមៗ​ ប្រយុទ្ធ​នឹង​ពួក​ហិង្សា​ជ្រុលនិយម។ ហើយ​យើងក៏​យល់​ស្រប​គ្នាផង​ដែរ​ថា​ ការ​នេះ​ជា​ចំណុចដ៏​សំខាន់​បំផុត​សម្រាប់​ចំណង​ទាក់​ទង​រវាង​ប្រទេស​នានាក្នុង​ពេល​បច្ចុប្បន្ន។ ​លោក​នាយក​រដ្ឋមន្ត្រីក៏​បាន​បញ្ជាក់​ពី​ការ​ចាប់អារម្មណ៍​ខ្លាំង​របស់​កម្ពុជា​ ​ក្នុង​ការ​ចូលរួម​ប្រ​យុទ្ធ​ប្រឆាំង​នឹង​ពួក​ឥស្លាម​ជ្រុល​និយម​ផង​ដែរ»។

ក៏​ប៉ុន្តែ​លោក​ថា​ កិច្ចការ​ទាំង​នោះ​នឹង​ត្រូវ​ពិភាក្សា​បន្តទៀតនៅ​ក្នុង​កិច្ច​ប្រជុំនៃ​ប្រជាជាតិអាស៊ី​អាគ្នេយ៍​និង​សហ​រដ្ឋអាមេរិក​ ​នា​ខែ​កុម្ភៈ​ខាង​មុខ​ ​នៅទីក្រុង​លំហែ​កាយ​ Sunnylands​ ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មុន​នឹង​ធ្វើ​ការ​បញ្ជូន​អ្នក​ជំនាញខាង​ភេវរកម្មមក​ជួយ​ហ្វឹកហ្វឺនកង​កម្លាំង​មានសមត្ថ​កិច្ច​ររបស់​កម្ពុជា។ ​មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នា​ល្ងាច​ថ្ងៃ​អង្គារ​កន្លងមក​នេះ​ ​លោកឃែរី​ ​ក៏​បាន​សង្កត់​ធ្ងន់​ថា ​ការ​ពង្រឹង​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​អភិបាល​កិច្ច​ល្អ​គឺ​ជា​ក្តី​បារម្ភ​សំខាន់​បំផុត​របស់​សហ​រដ្ឋ​អាមេរិក។

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​នាថ្ងៃ​ពុធនេះ​ថា​ ជំនួប​របស់​លោក​ជាមួយ​លោក​ចន ឃែរីនា​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​គឺ​មិន​ត្រឹមតែ​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​សំខាន់​ដល់ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ជា​ផល​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ទំនាក់​ទំនងរវាង​អាស៊ាន​និងសហ​រដ្ឋ​អាមេរិក​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG