ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ក្រុម​ទីពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស


រូបឯកសារ៖ បណ្តាញ​យុវជន​សហគមន៍​ម្នាក់ ឈរ​នៅក្បែរ​ស្នាដៃ​សិល្បៈ ដើម្បី​លើកកម្ពស់ការយល់ដឹងពីបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព ក្នុងពិធីបិទ​​សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជា ទៅលើលទ្ធផល និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)
រូបឯកសារ៖ បណ្តាញ​យុវជន​សហគមន៍​ម្នាក់ ឈរ​នៅក្បែរ​ស្នាដៃ​សិល្បៈ ដើម្បី​លើកកម្ពស់ការយល់ដឹងពីបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព ក្នុងពិធីបិទ​​សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជា ទៅលើលទ្ធផល និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)

ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​បញ្ជី​តាម​ដាន​ការ​ជួញ​ដូរ​មនុស្ស​នា​ឆ្នាំ​២០១៥​ ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​មិនទាន់​បាន​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ហើយផ្សាយ​បន្ត​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ។

សេចស្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ ប្រទេស​កម្ពុជា​នៅតែស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីររយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នានៅ​ក្នុង​តារាងស្តីពីការ​ការពារ​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ ​ឬ​ Trafficking​ in​ Person​ (TIP)​ ដែលធ្វើការ​វាយ​តម្លៃដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។ របាយ​ការណ៍​ស្តីពីចំណាត់​ថ្នាក់​នេះត្រូវបាន​ប្រកាស​ផ្សាយ​ដោយ​លោក ​John Kerry ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នៅ​សហ​រដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បាន​សរសេរ​ថា៖​«ពិតមែន​តែ​រដ្ឋាភិបាល​បាន​បន្ត​នាំ​ខ្លួនជនល្មើស​យក​មក​កាត់​ទោស​ ​ហើយ​បាន​ដាក់​ទោស​ជន​ប្រព្រឹត្ត​ការ​ជួញ​ដូរ ​ដោយ​រួម​ទាំង​ករណី​ពាក់​ព័ន្ធ​នឹង​ការ​បង្ខំ​ឲ្យបុរស​ជនជាតិ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ក៏ដោយ​ ​តែ​រដ្ឋាភិបាល​បាន​ខក​ខាន​មិន​បាន​បង្កើន​ការ​ខិតខំ​ជា​រួមដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្សគ្រប់​ទម្រង់​ទាំងអស់​ឲ្យបាន​ច្រើន​ជាង​ឆ្នាំ​កន្លងទៅ​នោះ​ទេ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សហ​រដ្ឋ​អាមេរិកបាន​ធ្វើ​ចំណាត់​ថ្នាក់​ឲ្យ​ប្រទេស​ចំនួន១៨៨​នៅ​ក្នុង​ពិភព​លោក​ ជា​បី​ប្រភេទសម្រាប់ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នានាក្នុង​ការ​ការពារ​ និង​ប្រយុទ្ធ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ក្នុង​នោះ​ក្រុម​ប្រទេស​ចំណាត់​ថ្នាក់​ទី១​គឺ​ប្រទេស​ដែលរដ្ឋាបាល​បានខិតខំ​ប្រយុទ្ធ​នឹង​ការពារ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​ពេញ​ទំហឹង​ ចំ​ណាត់​ថ្នាក់​ទី២​ ដូច​ជា​ប្រទេស​កម្ពុជា​គឺ​ប្រទេស​ដែល​រដ្ឋាភិបាល​មិន​បាន​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្លួន​ និង​ទីបី​គឺ​មិន​បាន​ប្រឹង​ប្រែង​អី្វ​សោះ។​

របាយ​ការណ៍​នេះ​ ដែល​ចេញផ្សាយក្នុង​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក បាន​ឲ្យ​ដឹង​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការការពារ​ជន​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​នេះ ​ជា​ពិសេស​ក្រុម​បុរស​ដែល​ត្រូវគេ​ឆបោក​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ក្នុង​មហា​សមុទ្រ​នា​ប្រទេស​ថៃ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី​នោះ។​ របាយ​ការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ មាន​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ មាន​បញ្ហា​កង្វះ​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​កង្វះ​ការ​ខិតខំ​ប្រឹង​ប្រែង​ការពារ​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ថ្នាក់​មូលដ្ឋាន។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ក៏​សហ​រដ្ឋ​អាមេរិកមើល​ឃើញ​ពី​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​ជា​ច្បាប់​ប្រឆាំង​ការ​ជួញដូរ ​ជាពិសេស​លើកុមារ​ និង​ការ​ដាក់​ផែន​ការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ឡើង​ពី​ចំណាត់​ថ្នាក់​ទី​បី​មកនៅ​ត្រឹមទីពីរ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក​ស្រី​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​បាន​ប្រាប់​VOA​ ថា​ កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បាន​ចំណាត់​ថា្នក់​ណា​នោះ​ទេ​ ​ក៏​ប៉ុន្តែ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ដើម្បី​ប្រជា​ពល​រដ្ឋកម្ពុជា។​ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ការ​ចូលរួម​ពី​គ្រប់​ដៃគូ​ដែរក្នុង​កិច្ចការ​នេះ។​

«កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នៅ​តែ​បន្ត​ មាន​ន័យ​ថា​ យើង​មិន​បាន​ធ្វើ​ការងារ​នេះ​ដើម្បី​ចំណាត់​ថ្នាក់​នោះ​ទេ​ គឺ​យើង​ធ្វើ​ការ​ដើម្បី​ប្រជា​ពលរដ្ឋ​យើង។​ នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ កម្ពុជា​នៅតែ​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​បញ្ហា​នេះ​ជា​និច្ច»។​

លោក​ស្រី​ក៏​បាន​បន្ត​ដែរ​ថា​ ភាគ​ច្រើន​គឺ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ករណី​ជួញ​ដូរ ​ដូច​ក្នុង​ករណី​កម្មករ​នៅ​លើ​ទូកនេសាទជា​ដើម​ ​ហើ​យ​វា​ត្រូវ​ការ​កិច្ច​សហការ​ពី​ប្រទេស​ផ្សេងៗក្នុង​ការ​ប្រយុទ្ធ​នឹង​រឿង​នេះ។​

«អញ្ចឹង​អំពើ​ជួញ​ដូរ​មនុស្ស​សម្រាប់កម្ពុជា​គឺ​មាន​ន័យ​ថា ​គឺ​ប្រជា​ពល​រដ្ឋ​របស់​កម្ពុជា​ត្រូ​វបាន​គេ​ជួញ​ដូរ​ទៅ​ក្រៅ​ប្រទេស ដែ​ល​ក្នុង​ហ្នឹងយើង​ចង់​និយាយ​ថា ​វា​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​តែ​ម្នាក់​ឯង​នោះ​ទេ។​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ ក៏​កិច្ច​ខំប្រឹងប្រែង​ក្នុង​កម្រិតមួយ​ដែល​រដ្ឋាភិបាល​យើង​បាន​ចាត់​ទុក​ជា​អាទិភាព​រួច​ហើយ ​ពីព្រោះ​យើង​បាន​រៀបចំ​ជា​យន្តការ​ជាតិ​ដែល​មាន​២២​ស្ថាប័ន​ និង​៥​អង្គភាព​មាន​សមត្ថកិច្ច​ចូល​រួម»។​

ដោយ​ឡែក​លោក​មឿន តុលា​ ​ប្រធាន​កម្ម​វិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ទទួល​ស្គាល់​ថា ​បញ្ហា​ជួញដូរ​មនុស្ស​ ជា​ពិសេស​ការ​ឆបោក​ឲ្យ​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការខុស​ច្បាប់​នៅ​ប្រទេស​ជិត​ខាង​នោះ​ នៅ​តែជា​បញ្ហាប្រឈម។​ ​ហើយ​បញ្ហា​គ្មាន​ការងារ​ធ្វើ​ និង​ការ​អូស​ទាញ​ពី​ជន​ឆបោក​គឺ​ជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ​នោះ។​

«នៅ​តែ​មាន​រឿង​ច្រើន​ណាស់​ រឿង​ដែល​មេ​ខ្យល់​សំខាន់ៗ​នៅ​ថៃ​ហ្នឹង​គឺ​នៅ​មិន​ទាន់​ចាប់​បាន​គ្រប់​គ្រាន់​ទេ​ ហើយ​ដូច​ដែល​របាយ​ការណ៍​នេះ​បាន​លើក​ឡើងនោះ​គឺ​ប្រភព​នៃ​ជន​រង​គ្រោះ​គឺ​សឹង​តែ​គ្រប់​ស្រុក ​គ្រប់​ខេត្ត​ទាំង​អស់»។​

លោក​បាន​បន្ថែម​ថា​ មក​ដល់​ពេល​នេះ ​មាន​ប្រជាជន​ជា​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ និង​ទុក​កូន​តូចៗ​របស់​ខ្លួន​ឲ្យ​នៅ​ជា​មួយ​តាយាយ​ចាស់ៗ​តាម​ភូមិ។​

ស្រប​ពេល​នោះ​ដែរ​ ពលករ​ខ្មែរ​៣៣​នាក់​ ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​នាប្រ​ទេស​ឥណ្ឌូនេស៊ី​បាន​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

សូម​បញ្ជាក់​ផង​ដែរ​ថា ​ការ​ឲ្យ​ចំណាត់​ថ្នាក់​ពី​សហ​រដ្ឋ​អាមេរិកដែល​ចេញ​ផ្សាយ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភព​លោកឆ្នាំ​ទី១៥ហើយ៕​

XS
SM
MD
LG