ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​​ភ្នំពេញ​​រំឭក​ឱ្យ​ប្រយ័ត្ន​ពី​​អគ្គិភ័យ​ដែល​អាច​កើត​មាន​ក្នុងពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


រូបឯកសារ៖ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជួបជុំ​គ្នា​រីករាយ​កម្សាន្ត​នា​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ នៅរមណីយដ្ឋាន​វត្តភ្នំដូនពេញ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)​
រូបឯកសារ៖ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជួបជុំ​គ្នា​រីករាយ​កម្សាន្ត​នា​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ នៅរមណីយដ្ឋាន​វត្តភ្នំដូនពេញ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ហាម​មិន​ឱ្យ​បង្ហោះ​គោម និងអុជ​កាំ​ជ្រួច​គ្រប់​ប្រភេទក្នុងពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ និង​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហាដែល​អាច​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង ខណៈ​ពេល​ដែល​អាកាស​ធាតុ​កំពុង​ក្ដៅ​ស្ងួត​ខ្លាំង​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ចេញ​នៅ​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០២៤​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ នៅ​តាម​វត្ត​អារាម ក្រសួង​ ស្ថាប័ន មន្ទីរ​អង្គភាព ក្រុមហ៊ុន​រោងចក្រ ផ្សារ ​និង​តាម​គេហដ្ឋាន ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ដើម​ហេតុ​ដែល​អាច​បង្ក​ជា​អគ្គិភ័យ​រួម​មាន ភ្លើង​ចង្រ្កាន ភ្លើង​ចង្កៀង ភ្លើង​ធូប​ទៀន និង​ពិនិត្យ​មើល​ការ​ទុក​ដាក់​ប្រេង​ឥន្ធនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ ឬ​ផ្ទុះ​។ សាលា​រាជធានី​ក៏​ហាម​ដាច់​ខាត​ចំពោះ​ការ​បង្ហោះ​គោម និង​ការ​អុជ​កាំ​ជ្រួច​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង​។

សេចក្ដី​ជូន​ដំណឹង​នោះ​បន្ថែមថា៖ «​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល និង​ម្ចាស់​ទីតាំង​ណា​ដែល​បង្ក​ការអុជ​កាំជ្រួច និង​បង្ហោះ​គោម​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង​ត្រូវ​ទទួល​ខុសត្រូវ​មុខច្បាប់ជាធរមាន»​។

សាលារាជធានី​ភ្នំពេញ​ក៏បាន​ណែនាំឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រៀម​រៀប​ចំ​មធ្យោបាយ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​កើត​មាន​អគ្គិភ័យ​ជាយ​ថា​ហេតុ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

ព្រះ​រាជ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៤​ នឹង​ប្រារព្ធ​ឡើង​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG