ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គរុ​និស្សិត​ កែវ សុវណ្ណឫទ្ធិ​ ច្រាន​ចោល​សំណើ​ក្រសួង​អប់រំ ​ ដោយ​ចាត់​ទុក​ថា​ជា​សំណូក


រូបឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ​​ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ​​ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)

គរុ​និស្សិត​កម្រិត​មូលដ្ឋាន​ឯក​ទេស​អប់រំ​កាយ ​និង​កីឡា​លោក​ កែវ សុវណ្ណឫទ្ធិ ​បដិសេធ​ការ​សម្រប​សម្រួល​របស់​ក្រសួង​អប់រំ​ដែល​បាន​ផ្តល់​លក្ខខណ្ឌ​ចំនួន​ពីរ​ដែល​លោក​ចាត់​ទុក​ថា​ជា​សំណូក ​ព្រោះ​ក្រសួង​ខកខាន​មិន​បាន​ផ្តល់​ការ​ពន្យល់​ឱ្យ​ច្បាស់​ ជុំវិញ​និស្សិត​ឯទៀត ​ដែល​មាន​អាយុ​មិន​ត្រូវ​តាម​ការ​កំណត់​សម្រាប់​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ តែ​នៅ​តែ​បន្ត​ចូល​រៀន​បាន​ធម្មតា។​

លោក ​កែវ សុវណ្ណឫទ្ធិ ​ដែល​ធ្លាប់​ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​អូស​ទាញ​ចូល​ក្នុង​រថយន្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ​ខែ​សីហា​ នៅ​ពេល​លោក​កំពុង​ឈរ​លើក​បដា​ទាមទារ​យុត្តិធម៌​ពី​ក្រសួង​អប់រំ​ ដែល​លោក​ចោទ​ថា​ បាន​កាត់​ឈ្មោះ​លោក​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២១​នោះ​ ប្រាប់​វីអូអេ​ថា​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​នេះ​ ក្រសួង​អប់រំ​បាន​ធ្វើ​ការ​សម្រប​សម្រួល​ឱ្យ​លោក​ជ្រើសរើស​លក្ខខណ្ឌ​ពីរ​គឺ​អាហារូបករណ៍​បួន​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ និង​ធ្វើ​ជាមន្ត្រី​កិច្ច​សន្យា។ ​ប៉ុន្តែ​លោក​បាន​ទាត់​ចោល​លក្ខខណ្ឌ​ទាំង​ពីរ​នោះ​ដោយ​ថា ​វា​គឺ​ជា​ទម្រង់​នៃ​ការ​សូកប៉ាន់​ដើម្បី​ឱ្យ​លោក​ស្ងប់ចិត្ត ​ហើយ​បញ្ឈប់​ការ​តវ៉ា។​

លោក​បញ្ជាក់​ថា៖​«ឱ្យ​លក្ខខណ្ឌ​ជម្រើស​ដល់​ខ្ញុំ​ពីរ​ ទី​មួយ​អាហារូបករណ៍​បួន​ឆ្នាំ​ សម្រាប់​សាកល​វិទ្យាល័យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​អប់រំ។​ លក្ខខណ្ឌ​មួយ​ទៀត​ឱ្យ​ខ្ញុំ​ហ្នឹង​ ធ្វើ​ជា​មន្រ្តី​កិច្ច​សន្យា​ ប៉ុន្តែ​សម្រាប់​បដា​ថ្ងៃ​ចន្ទ​ដែល​ខ្ញុំ​លើក​ហ្នឹង​ ខ្ញុំ​ទាមទារ​ឱ្យ​បក​ស្រាយ​រឿង​យុវជន​បី​នាក់​ មូលហេតុ​អី​បាន​គាត់​នៅ​បន្ត​សិក្សា? ​ហើយ​គាត់​ប្រឡង​ចេញ​ចូល​ជា​ក្រប​ខណ្ឌ។ ​គាត់​ទៅ​ធ្វើការ​តាម​មណ្ឌល​ដែល​គាត់​ដាក់​ប៉ុស្តិ៍​ ​ហើយ​អ៊ីចឹង។ ​តែ​គាត់​អាច​ថាហៅ​ខ្ញុំ​ឱ្យ​ទទួល​សំណូក។​អ្វី​ដែល​គាត់​រៀបចំ​ឱ្យ ​សម្រាប់​សំណូក​ទាំង​អស់​នេះ​ ខ្ញុំ​អត់​ចង់​បាន​ទេ»។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ការណ៍​ដែល​លោក​នៅ​តែ​បន្ត​តវ៉ា​ឈរ​លើក​បដា​នៅ​មុខ​ក្រសួង​អប់រំ​ គឺ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ផ្តល់​នូវ​យុត្តិធម៌​មក​កាន់​រូប​លោក ​ និង​យុវជន​១១​នាក់​ទៀត​ដែល​ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​ដោយ​ខុស​ស្តង់ដារ​កម្ពស់​ដូច​គ្នា​នឹង​រូប​លោក​ដែរ​ ហើយ​ក្នុង​នោះ​ក៏​មាន​ម្នាក់​ខុស​លក្ខខណ្ឌ​ដែល​មិន​មាន​ភាព​នៅ​លីវ​ផង​ដែរ។​

លោក​បន្ថែម​ថា៖​«ការ​លើក​បដា​រៀង​រាល់​ថ្ងៃ​ចន្ទ​នេះ ​ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ស្វែង​រក​ភាព​តម្លាភាព។​ ការ​អនុវត្ត​លេខ​ ៥៨​គួរ​ណាស់​តែ​អនុវត្ត​ឱ្យ​ស្មើ​ភាព។ ​ដូច​យុវជន​បី​នាក់​ គាត់​លើស​អាយុ​គាត់​ខុស​លក្ខ​ខណ្ឌ ​គាត់​អាច​នៅ​រៀន​បាន។ គួរតែ​ពួកខ្ញុំ​ទាំង​១២​នាក់​ក៏​អាច​នៅ​រៀន​បាន​ដែរ»។​

បើ​តាម​លោក​កែវ សុវណ្ណឫទ្ធិ ​អំឡុង​ពេល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ​និង​កីឡា​រយៈ​ពេល​១​ខែ​ មុន​នឹង​មាន​ការ​លុប​ឈ្មោះ​រូប​លោក​នោះ ​ លោក​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រៀន​ ដោយ​សារ​តែ​កន្លែង​ស្នាក់​នៅ​របស់​លោក​ឆ្ងាយ​ពី​វិទ្យាស្ថាន។​

លោក​ថ្លែង​ថា៖​«ចំណាយ​ជិះ​ម៉ូតូ​ឆ្ងាយ​ផង​ កាល​ហ្នឹង​គឺ​រៀបចំ​សម្ពោធ ​មរតក​តេជោ​ហ្នឹង​ យើង​ត្រូវ​ហាត់​មុន​សម្ពោធ​មរតក​តេជោ​១​អាទិត្យ​ទៅ​២​អាទិត្យ​អ៊ីចឹង។​ ហើយ​អំឡុង​ពេល​ខ្ញុំ​ហ្វឹក​ហាត់​ហ្នឹង​ ខ្ញុំ​ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។ ​ ខ្ញុំ​នៅ​តែ​តស៊ូ​ទៅ​ហ្វឹក​ហាត់​នៅ​វិទ្យាស្ថាន​ជាតិ​ អប់រំ​កាយ​ និង​កីឡា​ដដែល។ ទោះ​ខ្ញុំ​មាន​របួស​រាង​កាយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ទៅ​ដែរ។ ​ ហើយ​ក៏​ខ្ញុំ​អត់​នឹក​ស្មាន​ដែរ​ ចុង​ក្រោយ​លុប​ខ្ញុំ​ចោល​ទាំង​មូលហេតុ​ថា​ ខ្វះ​កម្ពស់​បែប​នេះ​ដែរ»។​

គិតត្រឹម​សប្តាហ៍​នេះ​ លោក​កែវ សុវណ្ណឫទ្ធិ ​បាន​ទៅ​តវ៉ា​លើក​បដា​នៅ​មុខ​ក្រសួង​អប់រំ​ បាន​៥​ដង​មក​ហើយ​ ក្នុង​នោះ​ដែរ​លោក​ថា​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា ​និង​ថ្ងៃ​ទី​៤ ខែ​កញ្ញា ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​ដូច​ជា​សន្តិសុខ​សណ្តាប់​ធ្នាប់​តែងតែ​មក​រារាំង​ និង​បញ្ជូន​លោក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ជា​ដើម។​

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​ដូច​ជា​ មន្ត្រី​សន្តិសុខ​សណ្តាប់​ធ្នាប់​ទាំង​អស់​គួរ​ណាស់​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ចៀស​វាង​ការ​ចាប់​ខ្លួន​និង​បង្ក​ជា​សកម្ម​ភាព​មិន​សមរម្យ​មក​លើ​រូប​លោក​ដោយ​មិន​មាន​ហេតុ​ផល​ច្បាស់​លាស់។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ទើប​តែត្រូវ​បាន​តែងតាំង​ថ្មី​លោក​អ៊ុង បូរ៉ាត ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ថា​ លោក​មិន​មាន​ភារកិច្ច​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​នាយក​រង​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​លោក​តូ រិទ្ធីយ៉ា​ បាន​នៅ​ឡើយ​ទេ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត ​យល់​ឃើញ​ថា ​ ករណី​របស់​គរុនិស្សិត​កែវ សុវណ្ណឫទ្ធិ​នេះ​គឺ​ជា ​ករណី​មួយ​ដែល​ក្រសួង​អប់រំ​គួរតែ​មាន​ដំណោះ​ស្រាយ​ជា​រួម​មួយ​ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ គ្រប់​ភាគី​ទាំង​អស់​នោះ​ទទួល​យក​បាន​តាម​អ្វី​ដែល​ពួកគេ​ស្នើ​សុំ​ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​បន្ត​កើត​មាន​តទៅ​ទៀត។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ការ​ដោះស្រាយ​ភាគ​ច្រើន​គឺ​ គេ​យក​ចំណុច​រួម​និង​គោល​ការណ៍​ជា​រួម​ដើម្បី​បញ្ចប់​នូវ​បញ្ហា​ឱ្យ​កុំ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​ត​ទៅ​ទៀត។​ ខ្ញុំ​គិត​ថា​ ការ​ដោះស្រាយ​អី​ក៏​ដោយ​ក៏​វា​ មិន​ម្តង​ចប់​ដែរ។ ​វា​ត្រូវ​មាន​ការ​ជជែក​គ្នា​បន្ត​ដើម្បី​រក​ចំណុច​រួម​ហើយ​នឹង​ការ​ដោះ​ស្រាយ​គឺ​គិត​អំពី​ដំណោះ​ស្រាយ​រួម​ហើយ​មិន​ឱ្យ​មាន​បញ្ហា​ត​ទៅ​មុខ​ទៀត។ ​អាហ្នឹង​ជា​រឿង​សំខាន់​ដែល​ត្រូវ​ដោះស្រាយ»។​

លោក​បាន​បញ្ជាក់​ទៀត​ថា ​ មន្រ្តី​ ឬ​កម្លាំង​សន្តិសុខ​ដែល​ចុះ​ទៅ​អនុវត្ត​ច្បាប់​គួរ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អប់រំ​ត្រឹម​ត្រូវ​ទាំង​ផ្នែក​សីលធម៌​ និង​ជំនាញ​ទំនាក់​ទំនង​ និង​សម្រប​សម្រួល​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ផ្សេងៗ​ទៅ​លើ​ប្រជា​ពលរដ្ឋ។​

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ និង​ជា​អតីត​ទីប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​លោក រ៉ុង ឈុន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រសួង​អប់រំ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ដោយ​ថា​ នេះ​គឺ​ជា​កំហុស​ឆ្គង​របស់​ក្រសួង​ខ្លួន​ឯង​ ដែល​បាន​អនុញ្ញាត​ឱ្យ​គរុនិស្សិត​កែវ សុវណ្ណឫទ្ធិ​បាន​ចូល​រៀន​បាន​រហូត​១​ខែ​ហើយ​ បែរ​ជា​លុប​ឈ្មោះ​គាត់​ចោល​ទៅ​វិញ។​

លោក​ថ្លែង​ថា៖​«នេះ​វា​មិន​មែន​ជា​រឿង​កំហុស​របស់​ប្អូនៗ​ទេ ​ វា​ជា​កំហុស​របស់​ក្រសួង​ខ្លួន​ឯង​ដែល​មិន​បាន​ពិនិត្យ​ឱ្យ​ល្អិត​ល្អន់​ទៅ​តាម​ក្បួន​ខ្នាត​ ដល់​ក្រោយ​មក​ចូល​រៀន​រយៈ​ពេល​១ខែ​ហើយ​បាន​ថា​ អ្នក​ឯង​ខ្វះ​នេះ​ខ្វះ​នោះ​….កម្ពស់​មិន​គ្រប់ ​....​ត្រូវ​បាន​បញ្ឈប់។ ​ហើយ​អាការ​បញ្ឈប់​ហ្នឹង​វា​ក៏​មិន​បាន​បញ្ឈប់​ទូទៅ​ថែម​ទៀត​ មាន​អ្នក​ខ្លះ​នៅ​បន្ត​ការ​សិក្សា​ មួយ​ចំនួន​ត្រូវ​បាន​បញ្ឈប់។​ វា​គឺ​ជា​រឿង​មួយ​អាក្រក់​មែន​ទែន​សម្រាប់​ក្រសួង​អប់រំ»។​

គួរ​បញ្ជាក់​ថា​ លោក​ កែវ សុវណ្ណឫទ្ធិ ​ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​អូស​ទាញរុញ​ចូល​ក្នុង​រថ​យន្ត​យ៉ាង​កំរោល កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ​ខែ​សីហា ​នៅ​ពេល​លោក​កំពុង​ឈរ​លើក​បដា​ទាមទារ​យុត្តិធម៌​ពី​ក្រសួង​អប់រំ​ ដែល​បាន​កាត់​ឈ្មោះ​លោក​ចេញ​ពី​វគ្គ​បណ្តុះ​បណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាយ​និង​កីឡា។​ ក្រសួង​អប់រំ​ក៏​បាន​សេចក្តី​បំភ្លឺ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លុប​ឈ្មោះ​នោះ​ ដោយ​បក​ស្រាយ​ថា ​កម្ពស់​របស់​លោក​កែវ សុវណ្ណឫទ្ធិ​គឺ ១,៦២​ម៉ែត្រ​ ដែល​ខុស​នឹង​កម្ពស់​១,៦៥​ម៉ែត្រ​ ជា​កម្ពស់​ដែល​កំណត់​ឱ្យ​បេក្ខជន​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​រៀន​យក​ឯក​ទេស​អប់រំ​កាយ ​និង​កីឡា​កម្រិត​មូលដ្ឋាន៕

XS
SM
MD
LG