ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាតា​អំពាវនាវ​ឱ្យមាន «វិធានការ​អន្តរជាតិ​បន្ទាន់» ដើម្បី​កុំឱ្យ​អ៊ីស្រាអែល​លុកលុយ​ទីក្រុង Rafah


កងកម្លាំង​អ៊ីស្រាអ៊ែល​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ Rafah ភាគខាងត្បូង​តំបន់ហ្កាហ្សា។
កងកម្លាំង​អ៊ីស្រាអ៊ែល​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ Rafah ភាគខាងត្បូង​តំបន់ហ្កាហ្សា។

នៅ​ថ្ងៃ​ពុធ​នេះ គេ​ឃើញ​មាន​ការ​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​លើ​ការ​លុកលុយ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា (Gaza) ដោយ​ប្រទេស​កាតា​និង​សហភាព​អាហ្វ្រិក​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​វិបត្តិ​មនុស្សធម៌​ដែល​កាន់តែ​រីក​រាលដាល។

ប្រទេស​កាតា​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ចរចា​នាំមុខ​ក្នុងការ​ស្វែងរក​ការ​ព្រមព្រៀង​លើ​បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​នេះ​បាន​បញ្ជាក់​ថា ការ​បង្ខំ​ណាមួយ​ឱ្យ​ជន​ស៊ីវិល​ចាកចេញ​ពី​ទីក្រុង Rafah គឺជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ។

ក្រសួង​ការបរទេស​កាតា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង Rafah និង​បាន​អំពាវនាវ​ឱ្យ​មាន «វិធានការ​អន្តរជាតិ​បន្ទាន់» ដើម្បី​ធ្វើយ៉ាង​ណា​កុំឱ្យ​កងទ័ព​អ៊ីស្រាអែល​លុកលុយ​ទីក្រុង​នេះ។

ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​លោក Moussa Faki Mahamat បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​ដ៏​ប្រល័យ​នៃ​សង្គ្រាម​នេះ​ចូល​ក្នុង​ទីក្រុង Rafah ដោយ​លោក​បាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​តំបន់​នេះ​ថា​ជា​ច្រក​របៀង​សម្រាប់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅកាន់​តំបន់​ហ្កាហ្សា។

អ៊ីស្រាអែល​បាន​ដណ្ដើម​កាន់កាប់​តំបន់​ច្រក​ព្រំដែន​ទីក្រុង Rafah នៃ​តំបន់​ហ្កាហ្សា​កាលពី​ថ្ងៃ​អង្គារ ហើយ​ស្រប​ពេល​នោះ​ដែរ​បាន​បិទ​តំបន់​ច្រក​ព្រំដែន Kerem Shalom ដែល​នៅ​ក្បែរ​នោះ ដោយ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​អង្គការ​មនុស្សធម៌​នានា។ អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បើក​ច្រក​ព្រំដែន Kerem Shalom នេះ​ឡើងវិញ​ហើយ។

ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths បាន​និយាយ​ថា ការ​បិទ​ច្រក​ព្រំដែន​ទីក្រុង Rafah បាន​កាត់ផ្ដាច់​លទ្ធភាព​ទទួល​បាន​ប្រេង​ឥន្ធនៈ​និង​លទ្ធភាព​របស់​បុគ្គលិក​ផ្ដល់​ជំនួយ​ក្នុង​ការ​ឆ្លង​ចូល​ទៅកាន់​តំបន់​ហ្កាហ្សា៕

អ្នកស្រី Margaret Besheer នៃ VOA រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG