ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម រង្ស៊ី៖ សូម​ចាំ​មើល​លទ្ធផល​សិន​មុន​ថ្កោល​ទោស​គណបក្ស​សង្គ្រោះ​ជាតិ


លោក សម រង្ស៊ី​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក សម រង្ស៊ី​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី ​ជំរះ​មន្ទិល​សង្ស័យ​ពាក់ព័ន្ធ​ នឹង​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ ដោយ​បញ្ជាក់​ថា​ គណបក្ស​លោក​ចូល​ក្នុង​សភា​មិន​មែន​ដើម្បី​រណប​គណបក្ស​គ្រប់គ្រង​ប្រទេស​ តែ​តតាំង​តាម​ផ្លូវ​ច្បាប់​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពេល​លោក​អញ្ចើញ​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​រង់ចាំ​មើល​គោលជំហរ​ លទ្ធភាព​ និង​លទ្ធផល​ ក្នុង​ដំណាក់កាល​ថ្មី​នៃ​ការ​ប្រយុទ្ធ​របស់​គណបក្ស​លោក។

«ហើយ​បង​ប្អូន​ចាំមើល​ទៅ​របៀប​ប្រឆាំង​តាមផ្លូវ​ច្បាប់​នេះ​ នឹង​មាន​ប្រសិទ្ធភាព​ លើស​អ្វីៗ​ដែល​យើង​បាន​ឃើញ​ពី​មុន​ពីព្រោះ​មិន​ដែល​មាន​ទេ​ស្ថានការណ៍​ បែប​នេះ​នៅ​កម្ពុជា​ ដែល​មាន​គណបក្ស​តែ​ពីរ​គណបក្ស​ធំៗ​តែ​ពីរ​តទល់​គ្នា​នៅ​ក្នុង​រដ្ឋសភា ​ហើយ​ជា​លើក​ទី១​ហើយ​ដែល​កម្លាំង​ប្រជាធិបតេយ្យ​ កម្លាំង សេ្នហាជាតិ​រួបរួមគ្នា​ទៅជាធ្លុង​តែមួយ​ មាន​គោល​ជំហរ​ដូចគ្នា ​ប្តេជ្ញាចិត្ត​ទាំង អស់គ្នា​ដើម្បី​សង្គ្រោះ​ជាតិ»។

គណបក្ស​ជំទាស់​ដែលមាន​អាសនៈ​៥៥ក្នុង​ចំណោម​១២៣​បាន​សម្រេច​ចិត្ត បញ្ចប់​ពហិការ​ចូលប្រជុំ​សភាវិញ​ដើម្បី​បញ្ចប់ការ​ជាប់គាំង​នយោបាយ​ជិត មួយឆ្នាំ​ ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៤។​ គណបក្ស នេះបាន ​ព្យាយាម​ឲ្យមាន​ការរៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​ កែទម្រង់​គណៈ កម្មការ​ជាតិ​ រៀបចំ​ការបោះ​ឆ្នោត ​ស្ថាប័នជាតិ​ធំៗតាម​បែបផែន​ប្រជាធិបតេយ្យ។ តែក្រុម​ប្រជា​ពលរដ្ឋ​មួយចំនួន​បានរអ៊ូ​ថាអ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន ទទួល​ពីកិច្ចព្រម​ព្រៀង​កាលពី​ថ្ងៃអង្គារ​ទី២២ ​ខែកក្កដា​នោះតិច​ជាងការ​រំពឹង​ទុក ហើយអាច​នឹង​ទំនងជា​មិន​កើតមាន​ឡើង។

តែលោក​ សម រង្ស៊ី​បានអំពាវ​នាវ​ថាការ​ចរចាទោះ​ជាមិនអាច​សម្រេច​បានដូច​បំណង​មែន​ ទាំង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ តែ សម្រាប់​លោកៗ​បានចាត់​ទុកថា​ជាជោគ​ជ័យ​មួយ។

«ឥឡូវ​យើងបាន​គជបថ្មី​ គជប​ត្រឹមត្រូវ​ហើយយើង​មាន​ស្ថានីយ៍​ទូរទស្សន៍​មួយ ទៀត ​ឃើញថា​គណបក្ស​សង្គ្រោះជាតិ​គឺបោះ​ជំហាន​ទៅមុខហើយ។​អញ្ចឹង ហើយ​បានខ្ញុំ​សុំអំពាវ​នាវ​បងប្អូន​ដែលបាន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​តាំងពី ដើម ​យើងត្រូវ​ចាប់ដៃគ្នា​បន្តការ​តស៊ូរបស់​យើង។​ ការតស៊ូនេះ​គឺក្នុង​រូបភាព​ថ្មី ក្នុងដំណាក់​កាលថ្មី​ តែគោល​ជំហរ​នៅតែ​ដដែល​ សង្គ្រោះជាតិ​យើង​ឲ្យទាល់ តែបាន»។

លោកបាន​សំដែងការ​អរគុណ​និងមិន​ភ្លេច​ដល់ក្រុម​អ្នកគាំទ្រ​និងពលរដ្ឋ​ដែលលះ បង់​ដើម្បី​ជួយដល់​ការផ្លាស់​ប្តូរនេះ​ទេ។

«បើយើង​មិនបាន​ធ្វើបាតុកម្ម​ យើងមិន​បានបង្ហាញ​កម្លាំង​យើង​មាន​មនុស្ស​រាប់​លាន​នាក់​ ដង្ហែ​ក្បួន​តាម​ផ្លូវថ្នល់​ សម្បទាន​ដែល​គេ​ឲ្យ​ហ្នឹង​ ស្មាន​តែ​គេ​ឲ្យ​ ទទេៗ។​ ទាល់​តែ​យើង​តស៊ូ​ យើង​លះបង់​ យើង​ធ្វើ​ពលិកម្ម​ គ្នា​យើង​ស្លាប់​ គ្នា​យើង​របួស​ គ្នា​យើង​ជាប់គុក។​ ក្នុង​ការ​តស៊ូ​មុន​នឹង​បាន​ទទួល​ផល​អ្វី​មួយ​ ទាល់តែ​មាន​ការ​លះបង់»។

លោក​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ធ្វើ​ការ​បែងចែក​ឲ្យ​ដាច់​រវាងការ​ចូល​ក្នុង​រដ្ឋាភិបាល​ដើម្បី​ទោរទន់​ជាមួយ​គណបក្ស​កាន់​អំណាច​និង​ការ​ចូល​ក្នុង​សភា​ដើម្បី​ប្រយុទ្ធ​តតាំង​គ្នា​តាម​នីតិវិធី​ច្បាប់។

«តំណែង​នេះ​គឺ​តំណែង​ប្រជារាស្ត្រ​ឲ្យ​មក​យើង ​យើង​មិន​ទាន់​ទៅ​យក​ភ្លាម​ តែ​យើង​ត្រូវ​រៀបចំ​ស្ថានការណ៍​ដើម្បី​ធានា​ថា​ យើង​ចូល​ទៅ​ប្រយុទ្ធ​មាន​ប្រសិទ្ធភាព​ បាន​យើង​ចូល។​ យើង​ចូល​ឆាប់​ពេក​ក៏​អត់​មាន​ប្រយោជន៍​ទេ​ អាច​គ្រោះថ្នាក់។ ​ឥឡូវ​នេះ​ ស្ថានការណ៍​វា​ទុំ​ហើយ​ បន្ទាប់​ពី​យើង​បាន​តស៊ូ​តាម​រូបភាព​បាតុកម្ម។​ហើយ​ឥឡូវ​វា​ត្រូវ​ឈាន​ដល់​ដំណាក់កាល​មួយ​ទៀត​មុន​នឹង​សម្រេច​ចូល​ហ្នឹង​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​ធានា​រូបមន្ត​ណា​មួយ ​ហើយ​រូបមន្ត​មួយ​ចំនួន​ធ្វើ​ម៉េច​ ឲ្យ​យើង​មាន​មធ្យោបាយ​ប្រយុទ្ធ។​ ប្រយុទ្ធ​ឈ្នះ​ បានយើង​ចូល យើង​មិន​ទៅ​ប្រយុទ្ធ​ដៃ​ទទេ​ទេ​ ហើយ​អ្វី​ដែល​យើង​ត្រូវការ​គឺ​យើង​បាន​ហើយ។ ការ​ធានា​នេះ​ យើង​បាន​ហើយ»។

លោក​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែទម្រង់​ដល់​ការ​បោះឆ្នោត​មុន​គេ​ ជា​អទិភាព​នៅ​ពេល​ ចូល​សភា​ដោយ​ពន្យល់​ពី​នីតិវិធី​ខ្លះ​ថា៖

«ឥឡូវ​នេះ​យើង​មិន​មែន​ត្រឹម​ធ្វើ​ឲ្យ​គជប​ចែង​ក្នុង​ច្បាប់​ធម្មតា​ទេ​គឺ​ឲ្យ​មាន​ការ​ចែង ក្នុង​ច្បាប់​កំពូល។ ​ច្បាប់​កំពូល​ហ្នឹង​មិនមែន​កែ​បាន​តាម​ចិត្ត។​ រដ្ឋាភិបាល​ដឹកនាំ​ ប្រទេស​ពី​អាណត្តិ​មួយ​ទៅ​អាណតិ្ត​មួយ​គេ​សម្រេច​តាម​មតិ​ភាគច្រើន​ដាច់​ខាត​ គឺ​៥០ភាគរយ​បូក​មួយ ​តែ​កាល​ណា​យើង​ដាក់​អ្វី​ប្រការ​ណា​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​ទាមទារ​ឲ្យ​មាន​មតិ​ភាគ​ច្រើន​យ៉ាង​តិច​២ភាគ៣​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ​អត់​មាន​មតិ​២ភាគ៣​ទេ​ ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ។​ ដូច្នេះ​ការងារ​អ្វីៗ​ទាំង​អស់​គឺ​ត្រូវ​យក​យោបល់​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ពិចារណ។​ នេះ​ហើយ​ដែល​យើង​ថា​យើង​បាន​សម្រេច​អ្វី​ដែល​យើង​ទាមទារ»។

លោក​សម រង្ស៊ីក៏​បាន​អះអាង​ថា ​ក្រុម​មេដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​បន្ទាប់​ពី​ចូល​គាល់​ព្រះមហាក្សត្រ​កាលពី​ថ្ងៃព្រហស្បតិ៍​ថានឹង​រៀប ចំ​មិន​ឲ្យ​មាន​ការ​ជាប់គាំង​ក្នុង​រឿង​ជ្រើសរើស​សមាភាព​គជប​ទេ។

«យើង​បាន​សម្រេច​ថា ​យើង​ជ្រើសរើស​ឲ្យ​ហើយ​មុន​ដាក់​ចូល​សភា។​ ដូច្នេះ​អត់​ មាន​ការ​ជាប់​គាំង​ទេ។​ យើង​ដោះស្រាយ​តាំង​ពី​ឥឡូវ​ថា​មនុស្ស​នោះ ​អាច​ទុក​ ចិត្ត​បាន​ ឯករាជ្យ​ ឥត​លម្អៀង​ ធ្វើ​ការ​ត្រឹមត្រូវ​គឺ​ធ្វើការ​យោង​តាម​គតិ​យុត្តិធម៌។ បើ​មាន​សំណុំរឿង​ណាមួយ​ត្រូវ​យក​មក​ពិនិត្យ​ដោះស្រាយ​ អត់​មាន​បញ្ហា​ថា​ត្រូវ​ កាន់​ជើង​គណបក្ស​នេះ​ឬ​គណបក្ស​នោះ​ទេ។ ​អ្វី​ដែល​សមរម្យ​ អ្វី​ដែល​យុត្តិធម៌​ ត្រូវ​តែ​សម្រេច​តាម​ហ្នឹង។​ អញ្ចឹង​ហើយ​យើង​នឹង​ដឹង ​ស​ខ្មៅ​ឆាប់ៗ ​ខាង​មុខ​នេះ​ ដឹង​ពី​សមាភាព​ទាំង​៩​រូប​នៃ​គជប​ថ្មី។​ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ និង​បង​ប្អូន​ដែល​ តាម​ដាន​រឿង​នេះ​ជាប់​លាប់​មាន​សេចក្តី​សង្ឃឹម​ថា​ការ​បោះឆ្នោត​លើក​ក្រោយ​ មិន​មែន​ដូច​ការ​បោះឆ្នោត​មុនៗ​ទៀត​ទេ»។

លោក​ថ្លែង​ថា​ គជប​ថ្មី​នឹង​មាន​អាណត្តិ​ មាន​លក្ខន្តិកៈ ​មាន​មធ្យោបាយ​ មាន​ ថវិកា​ស្វយ័ត​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ធ្វើ​កិច្ចការ​ដោយ​ខ្លួន​ឯង​ រឿង​ការ​ចុះ​ឈ្មោះ​ និង​ដំណើរការ​បោះឆ្នោត​ផ្សេងៗ​ដោយ​មិន​ពឹង​ពាក់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​៩៨​ភាគរយ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទៀត​ទេ។

XS
SM
MD
LG