ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«ការ​ចងចាំ​កេរមត៌ក​របស់​ប្រទេស​កម្ពុជា» ដោយ ម៉ម កល្យាណនី


«ពុះពារ​ការពារ​ជ្រលង​អារ៉ែង» ដោយ ម៉ម កល្យាណនី
សូម​រង់ចាំ

No media source currently available

0:00 0:03:04 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ផលិតករ​ភាពយន្ត​ដែល​ទទួល​រង្វាន់ គឺ​ កញ្ញា ម៉ម កល្យាណនី បាន​ផ្ញើ​សំណេរ​មួយ​​មក​កាន់​វីអូអេ​ នៅ​ក្រោយ​ការ​សម្លាប់​អ្នក​កាសែត​ លោក តាំង ទ្រី។ សំណេរ​នេះ​ត្រូវ​អម​ដោយ​ភាពយន្ត​ខ្លី​មួយ​ដែល​នាង​បាន​ផលិត​ដើម្បី​ឧទ្ទិស​ដល់​លោក​ តាំង ទ្រី និង​រំឭក​ដល់​បញ្ហា​បរិស្ថាន​នានា​ដែល​ប្រទេស​កម្ពុជា​នៅ​ជួប​ប្រទះ។ ត​ទៅ​នេះ​ជា​ភាព​យន្ត​ខ្លី​ចេញ​ពី​ភាពយន្ត​ឯកសារ «ពុះពារ​ការពារ​ជ្រលង​អារ៉ែង» ឬ Fight for Areng Valley។

កំណត់​និពន្ធ៖ ផលិតករ​ភាពយន្ត​ដែល​ទទួល​រង្វាន់ គឺ​ កញ្ញា ម៉ម កល្យាណនី បាន​ផ្ញើ​សំណេរ​មួយមក​កាន់​វីអូអេ​ នៅ​ក្រោយ​ការ​សម្លាប់​អ្នក​កាសែត​ លោក តាំង ទ្រី។ សំណេរ​នេះ​ត្រូវ​អម​ដោយ​ភាពយន្ត​ខ្លី​មួយ​ដែល​នាង​បាន​ផលិត​ដើម្បី​ឧទ្ទិស​ដល់​លោក​ តាំង ទ្រី និង​រំឭក​ដល់​បញ្ហា​បរិស្ថាន​នានា​ដែល​ប្រទេស​កម្ពុជា​នៅ​ជួប​ប្រទះ។ កញ្ញា​ ម៉ម កល្យាណនី បាន​សរសេរ​ថា៖

ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក តាំង ទ្រី កាល​ពី ថ្ងៃ​អាទិត្យ​នេះ​ (ទី​ ១២​ ខែ​តុលា)​ ដែល​បាន​រំឭក​ខ្ញុំ​អំពី​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ដែល​ជា​វីវជន​ការពារ​បរិស្ថាន​របស់​យើង។ ឧប្បត្តិហេតុ​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​អត្ថបទ​ខ្លី​មួយនេះ​អំពី​ទស្សនៈ​ផ្ទាល់ខ្លួន​ ហើយ​និង​ផលិត​ភាពយន្ត​ខ្លី​មួយ​ ដែល​ខ្ញុំជឿ​ថា​ភាពយន្ត​ខ្លី​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិត​ប្រាកដ​អំពី​ស្មារតី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃនេះ។ សម្រាប់​ខ្ញុំ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ជា​ការ​លាត​ត្រដាង​អំពី​ឧស្សាហកម្ម​កាប់​ឈើ​ខុស​ច្បាប់ ឬ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជា​ការ​ចងចាំ និង​ការ​តស៊ូ​ការពារ​កេរ្តិ៍មត៌ក​ធម្មជាតិ​និង​ប្រពៃណី​របស់​កម្ពុជា​ផង​ដែរ។​

ការ​ចង់ចាំ​កេរមត៌ក​របស់​ប្រទេស​កម្ពុជា

លោក តាំង ទ្រី អ្នក​កាសែត​កម្ពុជា​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​(ទី​ ១២​ ខែ​តុលា)​ នៅ​ពេល​ដែល​លោក​កំពុង​ស៊ើប​អង្កេត​លើ​ករណី​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត ក្រចេះ។ លោក តាំង ទ្រី មាន​ជោគវាសនា​ដូចគ្នា​នឹង​អ្នក​កាសែត​និង​សកម្មជន​បរិស្ថាន​ពីរ​នាក់​ទៀត គឺ​លោក ហង្ស សេរីឧត្តម និង​លោក ឈុត វុទ្ធី ដែល​បាន​បូជា​ជីវិត​ដើម្បី​លាត​ត្រដាង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​និង​បរិស្ថាន​របស់​កម្ពុជា។ ការ​ស្លាប់​បាត់បង់​ជីវិត​របស់​អ្នក​ទាំង​នេះ​ រំឭក​យើង​ពី​គោលបំណង​នៃ​ការ​តស៊ូ​របស់​ពួក​គាត់ គឺ​ដើម្បីការពារ​ព្រៃឈើ​កម្ពុជា និង​ថែ​រក្សា​ជីវភាព​រស់នៅ​មួយ​បែប​ដែល​មិន​អាច​រស់រាន​បាន​ប្រសិន​បើ​គ្មាន​ធម្មជាតិ។ ការ​ស្លាប់​របស់​អ្នក​ទាំងអស់​នេះ​ក៏​រំឭក​យើង​ឲ្យ​គិតគូរ​អំពី​អ្វី​ដែល​សំខាន់​ផង​ដែរ។ តើ​អ្វី​ដែល​សំខាន់​នោះ​គឺ​ លុយកាក់ អំណាច និង​ទ្រព្យសម្បត្តិ​មែន​ទេ? ឬ​ក៏​ជា​សេចក្តី​ស្រឡាញ់ ជា​សេចក្តី​អាណិត​អាសូរ​ដល់​បងប្អូន​ជន​រួមជាតិ​យើង និង​ជា​ជីវិត​មួយ​ដែល​រស់នៅ​ដោយ​សន្តិភាព​និង​សុខដុម​រមនា​ជាមួយ​នឹង​ធម្មជាតិ?

កាល​ពី​ដើម​ឆ្នាំនេះ សហការី​ថត​ខ្សែ​ភាពយន្ត​របស់​ខ្ញុំ​និង​ខ្ញុំ​ បាន​ទៅ​ដល់​ជ្រលង​ភ្នំ​ អារ៉ែង​នៅ​ខេត្ត​កោះកុង ដើម្បី​ចងក្រង​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​រឿង​របស់ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ចុង និង​ការ​តស៊ូ​របស់​ពួក​គេ ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​ស្ទឹង​ជាយ​អារ៉ែង ដែល​ពួកគេ​ភ័យខ្លាច​ថា គម្រោង​សាង​សង់​នេះ​នឹង​បំផ្លាញ​សម្បត្តិ​ព្រៃឈើ ជីវភាព​រស់​នៅ និង​កេរ្តិ៍​មត៌ក​របស់គេ។ ជនជាតិ​ដើម​ភាគតិច ចុង ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ជនជាតិ​ខ្មែរ​ដើម​ បាន​រស់នៅ ធ្វើ​កសិកម្ម នេសាទ និង​ប្រមាញ់ សត្វព្រៃ​នៅ​ជ្រលង​ភ្នំអារ៉ែង​នេះ​អស់​រយៈ​ពេល​ជាង​៦០០​ឆ្នាំ​មក​ហើយ។ ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​យើង​បាន​ជួប​នៅ​ជ្រលង​ភ្នំ​អារ៉ែង​នេះ​ បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ធនធាន​ដី ព្រៃឈើ និង​ស្ទឹង​មក​លើ​ជីវភាព​រស់នៅ​ផ្ទាល់​ខ្លួន​ទំនៀម​ទម្លាប់​និង​ប្រពៃណី​របស់​ពួក​គេ​រួម​ទាំង​អនាគត​របស់​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ផងដែរ។ ធនធាន​ទាំង​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ចុង ដែល​ចំនួន​ទឹក​ប្រាក់​ប៉ុន្មានក៏​មិន​អាច​ទិញ​យក​ធនធាន​ទាំង​នេះ និង​សុភមង្គល​របស់​ពួក​គេ​បាន​ទេ​ ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ ចុង ជឿ​ថា​ជា​កម្មសិទ្ធិ​របស់​ពួកគេ​នោះ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ជំទាស់​ដាច់​អហង្ការ​មិន​ទទួល​យក​សំណង​ដែល​ផ្តល់​ឲ្យ​គាត់ និង​អ្នក​ភូមិ​ផ្សេង​ទៀត ប្រសិន​បើ​អ្នកភូមិ​ទាំងអស់​គ្នា​យល់ព្រម​ចាកចេញ​ពី​ដី​ភូមិ​របស់​គេ។ គាត់​និយាយ​ថា «លុយ​ទាំង​អស់​នេះ​ ខ្ញុំ​អាច​យក​មក​ចាយ​បាន​តែក្នុង​ជាតិ​នេះ​ទេ។ ខ្ញុំ​មិន​អាច​ទុក​វត្ថុ​ទាំង​នេះ​បន្ត​ទៅ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្ញុំ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​គ្រាន់តែ​ចង់​ថែរក្សា​ភូមិ​និង​ដី​ស្រែ​ចម្ការ​របស់​ខ្ញុំ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ»។

នាង រ៉ីម សាវស៊ី ជា​ស្រ្តី​ដែល​ក្រុម​ការងារ​យើង​តាម​ថត​គាត់​នៅ​ពេល​ដែល​យើង​ទៅ​ដល់​អារ៉ែង ហើយ​ដែល​សាច់រឿង​គាត់​មាន​នៅ​ក្នុង​ខ្សែ​វីដេអូ​ឯកសារ​របស់​យើង បាន​និយាយ​ថា «អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ដែល​ខ្ញុំ​មាន​ គឺ​ជា​អំណោយ​ពី​ធម្មជាតិ»។ «សូម្បី​តែ​មាសពេជ្រ​ដ៏​មាន​តម្លៃ​ខ្ពស់​បំផុត​ក៏​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​តម្លៃ​ធម្មជាតិ​ឬ​សេចក្តី​ស្រឡាញ់​និង​សេចក្តី​ស្ងប់​ដែល​យើង​មាន​បាន​ដែរ»។

ប្រជាពលរដ្ឋ​កម្ពុជា​ចង់​បាន​ដី ព្រៃឈើ ស្ទឹង និង​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ដើម្បី​ឲ្យ​ផ្សាភ្ជាប់​ទៅ​នឹង​សម្រស់​នៃ​ធម្មជាតិ។ ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវការ​ការ​អប់រំ អគ្គិសនី ទឹកស្អាត ផ្លូវ​គមនាគមន៍ និង​ការ​ទទួល​បាន​នូវ​ជីវភាព​រស់នៅ​បែប​ទំនើប​ផង​ដែរ។ ក៏​ប៉ុន្តែ យើង​អាច​ទទួល​បាន​អ្វីៗ​ទាំងអស់​នេះ ដោយ​មិន​ចាំបាច់​លះបង់​កេរ្តិ៍​មត៌ក​ធម្មជាតិ និង​ប្រពៃណី​របស់​យើង ឬ​អាយុ​ជីវិត​របស់​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ការ​តស៊ូ​ដើម្បី​ការពារ​កេរ្តិ៍​មត៌ក​ទាំង​នេះ​ឡើយ៕

-----

កញ្ញា ម៉ម កល្យាណនី គឺ​ជា​ផលិតករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង។ ខ្សែ​ភាពយន្ត​រូបភាព​ឯកសារ​លើក​ដំបូង​បង្អស់​របស់​នាង​គឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល​និយាយ​អំពី​ការ​តស៊ូ​របស់​គ្រួសារ​ខ្មែរ​៣គ្រួសារ ក្នុង​អំឡុង​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ពិភព​លោក បាន​ឈ្នះ​ពាន់​រង្វាន់ Grand Jury Prize សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ពិភពលោក​នៅ​ឯ​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន (Sundance Film Festival) នៅ​ឆ្នាំ​២០១៣។

XS
SM
MD
LG