ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​កំពុង​ពិចារណា​អំពី​ជម្រើស​នៃ​បេក្ខជន​ប្រធានាធិបតី


ការ​បោះឆ្នោត​​នៅ​អំឡុង​សមាជ​សភា​លើក​ទី​១១៤ នៅ​ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន​។ ដំណាក់ការ​ដំបូងៗ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​សរអា​ ឆ្នាំ​ ២០១៦​ បាន​ចាប់​ផ្តើម​ ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធំ​ ដែល​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។
ការ​បោះឆ្នោត​​នៅ​អំឡុង​សមាជ​សភា​លើក​ទី​១១៤ នៅ​ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន​។ ដំណាក់ការ​ដំបូងៗ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​សរអា​ ឆ្នាំ​ ២០១៦​ បាន​ចាប់​ផ្តើម​ ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធំ​ ដែល​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។

ដំណាក់ការ​ដំបូងៗ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​សរអា​ ឆ្នាំ​ ២០១៦​ បាន​ចាប់​ផ្តើម​ ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធំ​ ដែល​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មាន​តែ​លោក​ស្រី​ Hillary​ Clinton​ ម្នាក់​ប៉ុណ្ណោះ​ ដែល​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។​ សមាជិក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​នាក់​ កំពុង​ស្វះ​ស្វែង​ខំ​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ខណៈ​ដែល​លោក​ស្រី​ Clinton​ ហាក់​ដូច​ជា​មាន​សេចក្តី​ត្រេកអរ​ចំពោះ​ការ​មិន​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​លោកស្រី​ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ។​ លោក​ស្រី​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ Hillary​ Clinton​ នៅ​ជា​អ្នក​ពេញ​និយម​ ក្នុង​ការ​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ បើ​សិន​ជា​លោក​ស្រី​សម្រេច​ឈរ​ឈ្មោះ។​ ហើយ​លោក​ស្រី​ Clinton​ នៅ​តែ​នាំ​មុខ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ ស្ទើរ​ទាំង​អស់​ នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ​ ទោះ​ជា​លោក​ស្រី​មិន​រំពឹង​ថា​នឹង​ប្រកាស​អំពី​គោល​បំណង​របស់​លោក​ស្រី​ ក្នុង​ពេល​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ក៏​ដោយ។​

សកម្មភាព​ភាគ​ច្រើន​សព្វ​ថ្ងៃ​មាន​ទាក់​ទង​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធំ​ ដែល​បាន​បង្ហាញ​សញ្ញា​ផ្សេងៗ​គ្នា​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ការ​ចូល​នៅ​សេតវិមាន​ក្នុង​ឆ្នាំ​ ២០១៦។​

នៅ​លើ​គេ​ក្នុង​បញ្ជី​គឺ​ អតីត​អភិបាល​រដ្ឋ​ Florida​ លោក​ Jeb​ Bush​ ដែល​បាន​បង្កើត​គណកម្មាធិការ​ស្ទាប​ស្ទង់​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អាច​ជួល​បុគ្គលិក​និង​អង្គាស​ប្រាក់។​

នៅ​ពេល​គេ​សួរ​ឲ្យ​ប្រៀប​ធៀប​ខ្លួន​លោក​ទៅ​នឹង​អតីត​ប្រធានាធិបតី​ពីរ​រូប​ដែល​ជា​ឪពុក​និង​បង​ប្រុស​របស់​លោក​ លោក​ Jeb Bush​ ក៏​បាន​គូស​បញ្ជាក់​អំពី​ពេល​វេលាដែល​លោក​បាន​ធ្វើ​ជា​អភិបាល​រដ្ឋ​ផង​ដែរ៕​

«មនុស្ស​ដឹង​ថា​ខ្ញុំ​មិន​គ្រាន់​តែ​ជា​ប្អូន​របស់​លោក​ George​ W.​ Bush និង​ជា​កូន​របស់​លោក​ឪពុក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ។​ ខ្ញុំ​មាន​គោល​គំនិត​ផ្ទាល់​របស់​ខ្ញុំ»៕​

លោក​ Jeb​ Bush​ ជា​អ្នក​ពេញ​និយម​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​ ដែល​ចង់​បាន​បេក្ខជន​ដ៏​ខ្លាំង​បំផុត​ម្នាក​ដើម្បី​ត​ទល់​នឹង​លោក​ស្រី​ Clinton​ ដែល​មុខ​ជា​នឹង​ក្លាយ​ជា​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជា​មិន​ខាន។​

តែ​លោក​ Scot​ Faulkner​ អ្នក​វិភាគ​នៃ​គណបក្ស​សាធារណរដ្ឋ​ ថ្លែង​ថា​ លោក​ Bush​ អាច​ជួប​ប្រទះ​ការ​ប្រឆាំង​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​ ដែល​ចង់​បាន​មនុស្ស​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦៕​

«លោក​ Jeb Bush​ ជា​អភិបាល​រដ្ឋ​ដ៏​ប្រសើរ​ម្នាក់​នៅ​រដ្ឋ​ Florida​ តែ​លោក​មាន​ឈ្មោះ​ខុស​ ពីព្រោះ​ប្រទេស​អាមេរិក​បាន​ធ្វើ​បដិវត្តន៍​ ដើម្បី​លែង​ឲ្យ​មាន​សន្តតិវង្ស»៕

ក្នុង​ចំណោម​វរជន​ដែល​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​បេក្ខជន​ថ្មី​ ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​ចង់​បែរ​ទៅ​គាំទ្រ​ គឺ​លោក​ Rand​ Paul​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Kentucky។​ លោក​ Paul​ ជា​អ្នក​ពេញ​និយម​ក្នុង​ចំណោម​អ្នក​និយម​សេរីភាព​ដែល​ចង់​កំណត់​មុខ​នាទី​របស់​រដ្ឋាភិបាល៕​

«ខ្ញុំ​ប្រហែល​ជា​អ្នក​អភិរក្ស​ជាង​គេ​ខាង​វិស័យ​សារពើពន្ធ។​ ខ្ញុំ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ចលនា​ដើម្បី​តុល្យភាព​ថវិកា។​ ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​នៅ​ក្នុង​កិច្ច​ការពារ​ប្រទេស​ដ៏​ខ្លាំង​មួយ​ដែរ​ ក៏​ប៉ុន្តែ​គ្រប់​សង្គ្រាមទាំង​អស់​មិន​មែន​ជា​សង្គ្រាម​ល្អ​ ដែល​យើង​ត្រូវ​តែ​ចូល​ជំពាក់​ជា​មួយ​ទេ»៕

ការ​ប្រឆាំង​របស់​លោក​ Paul​ មិន​ឲ្យ​បញ្ជូន​កង​ទ័ព​ទៅ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​បរទេស​ ធ្វើ​ឲ្យ​លោក​ខុស​ប្លែក​ពី​អ្នក​ចង់​ធ្វើ​ជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត​ ដូច​ជា​លោក​ Marco​ Rubio​ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Florida​ លោក​ Lindsay​ Graham​ សមាជិក​ព្រឹទ្ធសភា​ នៃ​រដ្ឋ​ South​ Carolina ​និង​លោក​ Scott​ Walker​ អភិបាល​រដ្ឋ​ Wisconsin​ ជា​ដើម។​

អ្នក​ចង់​ធ្វើ​ជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​បាន​និយាយ​រិះគន់​គោល​នយោបាយ​បរទេស​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ជំហរខ្លាំង​ជាង​មុន​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់​ និង​ក្រុម​រដ្ឋ​អ៊ីស្លាម​Islamic​ State។​ ការ​ស្ទង់​មតិ​របស់​សាកលវីទ្យាល័យ​ Quinnipiac​ ថ្មីៗ​នេះ​ នៅ​ក្នុង​រដ្ឋ​ ៣​ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ គឺ​ Pennsylvania,​ Ohio​ និង​ Florida​ បាន​បង្ហាញ​ថា​ លោក​ Jeb​ Bush​ នាំ​មុខ​បន្តិច​បន្តួច​ក្នុង​ចំណោម​គូ​ប្រជែង​ជា​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ។​

លោក​ Peter​ Brown​ អ្នក​ស្ទង់​មតិ​របស់​ Quinnipiac​ ថ្លែង​ថា​ ពេល​នេះ​ជា​ពេល​ឆាប់​ពេក​ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​អំពី​យុទ្ធនាការ​សម្រាប់​ឆ្នាំ​ក្រោយ៕​

«អ្នក​នាំ​មុខ​បណ្តោះ​អាសន្ន​ បើ​មាន​ម្នាក់​គឺ​ប្រហែល​ជា​លោក​ Jeb​ Bush​ អតីត​អភិបាល​រដ្ឋ​ Florida​ ដែល​ជា​កូន​របស់​ប្រធានាធិបតី​ម្នាក់​ និង​ជា​ប្អូន​របស់​ប្រធានាធិបតី​ម្នាក់​ទៀត។​ លោក​ Bush​ មិន​មែន​ជា​បេក្ខជន​ដែល​មាន​គុណសម្បត្តិ​ខ្លាំង​ដើម្បី​ទទួល​ការ​តែង​តាំង​នៃ​គណបក្ស​សាធារណរដ្ឋ​ ស្មើ​និង​លោក​ស្រី​ Clinton​ សម្រាប់​ការ​តែង​តាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទេ។​ លោក​ Bush​ ប្រហែល​ជា​បេក្ខជន​ម្នាក់​ដែល​អាច​ចូល​ប្រកួត​បាន​ប្រសើរ​នៅ​គ្រប់​ទី​កន្លែង»៕​

លោក​ Phillip​ Stutts​ អ្នក​ធ្វើ​យុទ្ធសាស្រ្ត​នៃ​គណបក្ស​សាធារណរដ្ឋ​ រំពឹង​ថា​នឹង​មាន​បេក្ខជន​ច្រើន​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ហើយ​ថា​នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិត​ស្វាញ​ ដើម្បី​ឲ្យ​បាន​ទទួល​ការ​តែង​តាំង៕​

«យើង​គួរ​បញ្ចេញ​បេក្ខជន​ទាំង​អស់​ ឲ្យ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​សេរី។​ ទុក​ឲ្យ​អ្នក​ឈ្លាសវៃ​ចេញ​ទៅ​និយាយ​អំពី​គោល​នយោបាយ​របស់​ខ្លួន។​ បើក​ឲ្យ​មាន​ការ​ពិភាក្សា​តស៊ូ​មតិ​ដ៏​សកម្ម​ ហើយ​ចាំ​មើល​ថា​តើ​លទ្ធផល​នឹង​ចេញ​ទៅ​ជា​ដូច​ម្តេច»៕​

ការ​ស្ទង់​មតិ​របស់​ Quinnipiac​ បង្ហាញ​ថា​ លោក​ស្រី​ Hillary​ Clinton​ ជា​អ្នក​នាំ​មុខ​គេ​ដើម្បី​ការ​តែង​តាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ដាច់​ឆ្ងាយ​ពី​លោក​អនុ​ប្រធានាធិបតី​ Joe​ Biden​ និង​លោក​ស្រី​ Elizabeth​ Warren​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Massachusetts។​

គ្មាន​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ណា​ម្នាក់​បាន​ប្រកាស​បេក្ខភាព​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ តែ​អ្នក​ស្ទង់​មតិ​ Peter​ Brown​ និយាយ​ថា​ នៅ​ដំណាក់​ការ​ដំបូងនេះ​ លោក​ស្រី​ Clinton​ មើល​ឃើញ​ហាក់​ដូច​ជា​គួរ​ឲ្យ​ខ្លាច៕​

«​លោក​ស្រី​មាន​ប្រជាប្រីយភាព​ណាស់​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ។​ លោក​ស្រី​មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​ ដែល​អាច​ថា​ជា​ផល​ល្អ​ក៏​បាន​ ជា​ផលវិបាក​ក៏​បាន។​ តែ​គ្មាន​អ្វី​ដែល​ជា​ការ​សង្ស័យ​ទេ​ ថា​លោក​ស្រី​ជា​អ្នក​នាំមុខ​គេ​ដ៏​លើស​លប់​សម្រាប់​ការ​តែង​តាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​ ២០១៦​ បើ​សិន​ជា​លោក​ស្រី​សម្រេច​ថា​នឹង​ឈរ​ឈ្មោះ»។

ការ​ស្ទង់មតិ​ Quinnipiac​ បាន​បង្ហាញ​ថា​ បើ​សិន​ជា​អ្នក​ទាំង​ពីរ​ជា​បេក្ខជន​ លោក​ស្រី​ Clinton​ នឹង​ទទួល​ជ័យ​ជំនះ​បន្តិច​បន្តួច​លើ​លោក​ Bush​ នៅ​ក្នុង​រដ្ឋ​ Florida​ តែ​ទទួល​ជ័យជំនះ​ដ៏​ច្រើន​នៅ​ក្នុង​រដ្ឋ​ Ohio​ និងរដ្ឋ​ Pennsylvania៕​

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG