ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ


អ្នកស្រី Rahima kato ជនជាតិ​រ៉ូហ៊ីងយ៉ា បង្ហាញ​អត្តសញ្ញាណ​បណ្ណ​របស់​សមាជិក​ក្រុម​គ្រួសារ​អ្នកស្រី ដែល​ចេញ​ដោយ​អង្គការ UNHCR នៅ​ជំរំ​ជន​ភៀសខ្លួន​មួយ ដែល​ស្ថិត​នៅ​ជាយក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
អ្នកស្រី Rahima kato ជនជាតិ​រ៉ូហ៊ីងយ៉ា បង្ហាញ​អត្តសញ្ញាណ​បណ្ណ​របស់​សមាជិក​ក្រុម​គ្រួសារ​អ្នកស្រី ដែល​ចេញ​ដោយ​អង្គការ UNHCR នៅ​ជំរំ​ជន​ភៀសខ្លួន​មួយ ដែល​ស្ថិត​នៅ​ជាយក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ ២២០​នាក់​នៅ​ក្រុង Jammu ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ប៉ូលិស​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នៅ​ក្នុង​ចំណោម​សហគមន៍​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​ចេញ​ពី​អំពើ​ហិង្សា​ប្រល័យ​ពូជសាសន៍​នៅ​មីយ៉ាន់ម៉ា ទៅ​ជ្រក​កោន​នៅ​ឥណ្ឌា។

ប៉ូលិស​បាន​ប្រាប់​ទៅ​ក្រុម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​នៅ​ក្រុង​ Jammu ថា ជន​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​ចាប់​ឃុំខ្លួន ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។ ជនភៀសខ្លួន​ទាំង​នោះ​បាន​អំពាវនាវ​សុំ​មិន​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ទេ ដោយ​ពួកគេ​លើកឡើង​ថា ជីវិត​របស់​ពួកគេអាច​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ទីនោះ។

បន្ទាប់​ពី​ស្វាមី​អាយុ២៨​ឆ្នាំ​ឈ្មោះ Abdul Adli ត្រូវ​បាន​ឃុំ​ខ្លួន អ្នកស្រី Minara Begum ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់​នៅ​តំបន់ Kiryani Talab នៃ​ក្រុង Jammu បាន​និយាយ​ថា៖ «ប្តី​របស់​ខ្ញុំ​ត្រូវបាន​គេ​ឃុំខ្លួន​ ទោះ​បី​ជា​គាត់​មាន​បណ្ណ​ជនភៀស​ខ្លួន​ផ្តល់​ដោយ​ទីភ្នាក់ងារ​ការពារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ UNHCR ក៏​ដោយ។ ប៉ូលិស​បាន​និយាយ​ដូច្នេះ​ទៅ​កាន់​ជន​រ៉ូហ៊ីងយ៉ា​ដទៃ​ទៀត​ថា គាត់​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​មីយ៉ាន់ម៉ា​វិញ។ គ្មាន​ជន​រ៉ូហ៊ីងយ៉ា​ណា​ម្នាក់​ចង់​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​នោះ​ទេ។ មីយ៉ាន់ម៉ា​នៅ​តែ​ជា​កន្លែង​ដែល​មិនទាន់​មាន​សុវត្ថិភាព​សម្រាប់​យើង​នោះ​ទេ»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ មិន​ដឹង​ថា ប្តី​របស់​ខ្ញុំ​នឹង​វិលត្រឡប់​មក​ជួប​ពួកយើង​វិញ​បាន​ឬ​ក៏​អត់​ទេ។ គាត់​ធ្វើ​ការ​ស៊ីឈ្នួល​រក​ចំណូល​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ ហើយ​គាត់​ជា​អ្នក​រក​ចំណូលតែ​ម្នាក់​គត់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នេះ។ ខ្ញុំ​មិន​ដឹង​ថា នឹង​រស់​នៅ​តែ​ម្នាក់​ឯង​ជាមួយ​នឹង​កូន​តូច​ពីរ​នាក់​ទៀត​យ៉ាង​ដូចម្តេច​នោះ​ទេ»។

ជន​ភាគតិច​រ៉ូហ៊ីងយ៉ាកាន់​សាសនា​ឥស្លាម​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស​នៅ​ជិត​ខាង និង​បណ្តា​ប្រទេស​ដទៃ​ទៀត​រួម​ទាំង​ឥណ្ឌា​ផង​ដែរ ​ដើម្បី​គេច​ពី​ការ​រើសអើង អំពើ​ហិង្សា និង​ភាព​ក្រីក្រ។ កាល​ពី​ឆ្នាំ​មុន មាន​ការ​ប៉ាន់​ប្រមាណ​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រហែល ៤​ម៉ឺ​នាក់​បាន​រស់នៅ​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ហើយ​ជន​រ៉ូហ៊ីងយ៉ា​ប្រមាណ ៦.៥០០​នាក់​រស់​នៅ​ក្នុង​ក្រុង Jammu។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ភាព​មិន​ពេញចិត្ត​ទៅ​នឹង​ជន​រ៉ូហ៊ីងយ៉ា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​តំបន់​កាន់​សាសនា​ហិណ្ឌូ​នៃ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​គណបក្ស​ហិណ្ឌូ​ជាតិ​និយម Bharatiya Janata Party (BJP) បាន​ចូល​កាន់​អំណាច​នៅ​ឆ្នាំ ២០១៤។ គណបក្ស​កាន់​អំណាច​នេះ​ចាត់​ទុក​ជន​រ៉ូហ៊ីងយ៉ា​ជា​ជន​ចំណាកស្រុក​ខុស​ច្បាប់ និង​ជា​ហានិភ័យ​ផ្នែក​សន្តិសុខ។ កាល​ពី​ឆ្នាំ ២០១៧​ នៅ​ក្រុង Jammu មេដឹកនាំ​គណបក្ស BJP បាន​ធ្វើ​យុទ្ធនាការ​មួយ​ ដោយ​ទាមទារ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ទាំងអស់​ ដែល​រស់​នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ​ និង​ប្រកប​របប​ចិញ្ចឹម​ជីវិតដោយ​ស៊ីឈ្នួល​ឲ្យ​គេ ត្រូវ​ចាកចេញ​ពី​ក្រុង​នេះ។

កាល​ពី​ថ្ងៃ​ទី០៦ ខែ​មីនា ប៉ូលិស​នៅ​ក្រុង Jammu បាន​កោះហៅ​ជនភៀសខ្លួន​មួយ​ចំនួន ដោយ​និយាយ​ថា ព័ត៌មាន​លម្អិត​ពី​រូបសណ្ឋាន​របស់​ពួកគេ​នឹង​ត្រូវ​ប្រមូល​កត់ត្រា​ទុក។ បន្ទាប់​ពី​ជនភៀសខ្លួន​ទៅ​ដល់​កន្លែង​កោះហៅ​ ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទី​នោះ។ ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​ជនភៀសខ្លួន​ដទៃ​ទៀត​ពី​តំបន់​ដែល​ពួកគេ​រស់​នៅ​ផង​ដែរ​នៅ​ក្រុង Jammu និង​នៅ​សង្កាត់ Samba ក្បែរ​នោះ។ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំឃាំង​ជាប់​នោះ។

ជនភៀសខ្លួន​រ៉ូងហ៊ីងយ៉ា​ឈរ​នៅ​ខាង​ក្រៅ​ជំរំ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ជនភៀសខ្លួន​រ៉ូងហ៊ីងយ៉ា​ឈរ​នៅ​ខាង​ក្រៅ​ជំរំ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

លោក Mukesh Singh អគ្គ​អធិការ​នគរបាល​ឥណ្ឌា បាន​និយាយ​ថា បន្ទាប់​ពី​សញ្ជាតិ​ជា​ជន​រ៉ូហ៊ីងយ៉ា​របស់​ពួកគេ​ត្រូវ​បាន​បញ្ជាក់​រួចរាល់​ហើយ ពួកគេ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅមីយ៉ាន់ម៉ា​វិញ។

ដោយ​ព្រួយបារម្ភ​ពី​ការ​ចាប់ខ្លួន ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រាប់រយ​នាក់​គ្រោង​នឹង​ភៀសខ្លួន​ចេញ​ពី​ក្រុង Jammu ដើម្បី​ស្វែងរកកន្លែង​សុវត្ថិភាព។ ប៉ុន្តែ​ សាក្សី​បាននិយាយ​ថា ប៉ូលិស​បាន​ឡោមព័ទ្ធ​ជំរំ​របស់​ពួកគេ​ ហើយមិន​ឲ្យ​ពួកគេ​ចាកចេញ​នោះ​ទេ។

លោក Azizur Rahman ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​រូប ដែល​រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​ក្នុង​ក្រុង Jammu ជាមួយ​នឹង​ភរិយា​ និង​កូន​បី​នាក់ បាន​ប្រាប់ VOA ថា៖ «សាច់ញាតិ​របស់​ខ្ញុំ​បី​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន។ ប៉ូលិស​បាន​និយាយ​ថា បណ្ណ​របស់​អង្គការ UNHCR មិន​អាច​ជួយ​រារាំងជន​រ៉ូហ៊ីងយ៉ា​ពី​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ​នោះ​ទេ ហើយ​ថា នៅ​ទី​បំផុត​ក្រុង Jammu នឹង​លែង​មាន​ជន​រ៉ូហ៊ីងយ៉ា​ទៀត​ហើយ។ ខ្ញុំ​បារម្ភ​ថា គ្រួសារ​របស់​ខ្ញុំ​នឹង​ត្រូវ​ចាប់ខ្លួន​នា​ពេល​ឆាប់ៗ​នេះ។ ហើយនេះ​នឹង​ក្លាយ​ជា​រឿង​អាក្រក់​មួយ ប្រសិន​បើ​យើង​ត្រូវ​បាន​ចាប់ខ្លួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​នោះ»។

លោក​បាន​បន្ត​ថា៖ «ដូច​គ្រួសារ​ជនរ៉ូហ៊ីងយ៉ា​ជា​ច្រើន​ទៀត​ដែរ​ នៅ​ក្រុង Jammuគ្រោង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដែលី ហើយ​សម្រេច​បន្ត​ដំណើរ​ទៅ​ប្រទេស​បង់ក្លាដែស។ ប៉ុន្តែ​ប៉ូលិស​បាន​បញ្ឈប់​ពួកយើង។ យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ជំរំ​នោះ​ទេ»។​

​លោក Mohammad Sirajul មេដឹកនាំ​សហគមន៍​យុវជន​រ៉ូហ៊ីងយ៉ា​ ដែល​កំពុង​រស់នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង​ដែលី បាន​និយាយ​ថា យោង​តាម​បរិបទ​មនុស្សធម៌ ការ​បន្ត​បង្រ្កាប​មក​លើ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ឥណ្ឌា​គឺ​ជា​រឿង​អយុត្តិធម៌។​

លោក Sirajul បាន​ចោទសួរ​ថា៖ «ដោយសារ​តែ​គ្រប់​ជន​រ៉ូហ៊ីងយ៉ា​ទាំងអស់​មិន​ត្រូវ​បាន​ទទួលស្គាល់​នៅ​មីយ៉ាន់ម៉ា គ្មាន​នរណា​ម្នាក់​ពី​សហគមន៍​របស់​យើង​អាច​ទទួល​បាន​លិខិត​ឆ្លង​ដែន​មីយ៉ាន់ម៉ា​នោះ​ទេ។ ប៉ូលិស​នៅ​ឥណ្ឌា​បាន​សួរ​រក​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​ឥណ្ឌា​របស់​ពួកយើង។ តើ​យើង​អាច​មាន​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​យ៉ាង​ដូចម្តេច​ នៅ​ពេល​ដែល​យើង​មិនមាន​សូម្បី​តែ​រដ្ឋ​រស់នៅ​ជា​ផ្លូវ​ការ​ផង​នោះ?»។

លោក​បាន​បន្ត​ថា៖ «យើង​បាន​ភៀសខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា​ ដើម្បី​គេច​ចេញ​ពី​យុទ្ធនាការ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​សហគមន៍​របស់​យើង​នៅ​ទី​នោះ។ ពិភពលោក​ទាំងមូល​ចាត់​ទុក​ពួក​យើង​ជា «ក្រុម​ជនភាគតិច​ដែល​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក»។ ប៉ុន្តែ​យើង​កំពុង​រង​ការ​ចាប់ឃុំ​ខ្លួន​នៅឥណ្ឌា»។ ​

អង្គការ​គាំពារ​សិទ្ធិ​មនុស្ស​និយាយ​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​នៅ​តែ​មិនទាន់​អំណោយផល​សម្រាប់​ជនភាគតិច​រ៉ូហ៊ីងយ៉ា​នោះ​ទេ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បញ្ឈប់​គម្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​វិញ។

អ្នកស្រី Meenaksi Ganguly នាយិកា​អង្គការ Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និយាយ​ថា​ រាល់​ផែនការ​ណាមួយ​នៅ​ក្នុង​ការ​បញ្ជូន​ជនរ៉ូហ៊ីងយ៉ា​ដោយ​បង្ខំ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ នឹង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​យោធា​ ដែល​ពួកគេ​បាន​ព្យាយាម​គេចវេះ។

អ្នកស្រី Ganguly បាន​ថ្លែង​ថា៖ «យោធា​មីយ៉ាន់ម៉ា​ ដែល​តែងតែ​ធ្វើ​ការ​រំលោភបំពាន​ជា​យូរ​មក​ហើយ កាន់​តែ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់​ទម្លាប់ នៅ​ពេល​ពួកគេ​ចូល​កាន់​អំណាច​ឡើង​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ រដ្ឋាភិបាល​ឥណ្ឌា​គួរ​តែ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​ជន​ដែល​ត្រូវ​ការ​ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ខ្លួន។ ការ​គាបសង្កត់​កាន់​តែ​ឃោរឃៅ​ដោយ​យោធា​មីយ៉ាន់ម៉ា បន្ទាប់​ពី​រដ្ឋប្រហារ ធ្វើ​ឲ្យ​ជនរ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​ត្រឡប់​ទៅវិញ​ ប្រឈម​ខ្លាំង​នឹង​ការ​រំលោភបំពាន»។

លោក​បាន​បន្ត​ថា៖ «ជាជាង​ការ​ដាក់​ជីវិត​មនុស្ស​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់ ឥណ្ឌា​គួរ​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​យោធា​[មីយ៉ាន់ម៉ា]​ឲ្យ​ស្តារ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG