ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីថាខ្លួនបានរារាំងការវាយប្រហាររបស់អ៊ុយក្រែននៅតំបន់ Belgorod


មន្ត្រីមានសមត្ថកិច្ចត្រួតពិនិត្យទីតាំង​ដែលត្រូវបានវាយប្រហារដោយ​ដ្រូនរបស់រុស្ស៊ី នៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
មន្ត្រីមានសមត្ថកិច្ចត្រួតពិនិត្យទីតាំង​ដែលត្រូវបានវាយប្រហារដោយ​ដ្រូនរបស់រុស្ស៊ី នៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​រារាំង​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​អ៊ុយក្រែន​ដែល​សំដៅ​លើ​តំបន់ Belgorod រី​ឯ​អ៊ុយក្រែន​វិញ​បាន​លើកឡើង​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​កាលពី​យប់មិញ​ដោយ​ប្រើ​ដ្រូន ១៣ គ្រឿង។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​រ៉ុក្កែត​របស់​អ៊ុយក្រែន ១៨ គ្រាប់។

អភិបាល​តំបន់ Belgorod លោក Vyacheslav Gladkov បាន​បញ្ជាក់​តាម Telegram ថា ផ្ទះ​នៅ​ក្នុង​ភូមិ​ជាច្រើន​បាន​រង​ការ​ខូចខាត​មួយ​ចំនួន និង​ថា​មនុស្ស​យ៉ាងតិច​ម្នាក់​បាន​រង​របួស។

តំបន់ Belgorod ដែល​ស្ថិត​នៅតាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន ជា​ញឹកញយ​គឺ​ជា​គោលដៅ​វាយ​ប្រហារ​របស់​អ៊ុយក្រែន នៅ​ពេល​ដែល​អ៊ុយក្រែន​មាន​បំណង​តតាំង​នឹង​ការ​ឈ្លានពាន​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​កាលពី​ជាង​ពីរ​ឆ្នាំ​មក​នេះ។

យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី ១០ គ្រឿង​ក្នុង​ចំណោម​ ១៣ ​គ្រឿង​នៅ​លើ​តំបន់ Kharkiv ​តំបន់​ Sumy និង​តំបន់​រដ្ឋធានី​កៀវ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​អំពី​ការ​ផ្លាស់ប្ដូរ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក។

លោក Zelenskyy បាន​និយាយ​នៅ​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អង្គារ​ថា ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន​លោក Oleksiy Danilov ត្រូវបាន​ជំនួស​ដោយ​លោក Oleksandr Lytvynenko ដែលជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​បរទេស​របស់​អ៊ុយក្រែន។

លោក Zelenskyy បាន​ហៅ​ការ​ផ្លាស់ប្ដូរ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ «ការ​សើរើ​ឡើង​វិញប្រព័ន្ធ​អភិបាលកិច្ច​របស់​រដ្ឋ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG