ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​ជំរុញ​ឲ្យ​​គណបក្ស​គូ​ជម្លោះ​នៅ​កម្ពុជា​ចូល​​តុ​ចរចា​ឡើង​វិញ


លោក​​ Scot Marciel ​ឧបការីរង​ជាន់​ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣។
លោក​​ Scot Marciel ​ឧបការីរង​ជាន់​ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣។
មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឲ្យគណបក្ស​គូជម្លោះទាំង​ពីរ​ចូល​រួម​តុ​ចរចា​ឡើង​វិញ​ដើម្បី​បញ្ចប់​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ ​បន្ទាប់​ពី​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ពី​កង​កម្លាំងមាន​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាលមក​លើក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​កាល​ពី​ខែ​មុន។​

ការ​លើក​ឡើង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ជំនួប​គ្នា​មួយ​រវាង​លោក Scot Marciel ​ឧបការីរង​ជាន់​ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​បូព៌ា​ និង​បាស៊ីហ្វិក​ ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោកសន ម៉ាក​ឃីនថោះ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នៅ​ឯក្រសួង​ការបរទេស​ថា​ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ចូល​រួម​តុ​ចរចា​ឡើង​វិញ​ដើម្បី​បញ្ចប់ជម្លោះនយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​និយាយ​ថា៖ ​«សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ស.រ.អា.​លើក​ទឹក​ចិត្ត​ឲ្យគណបក្ស​ទាំង​ពីរ​គួរ​តែ​បន្ត​ការ​ចរចា​គ្នា​ឡើង​វិញ​ជាជាង​ការ​ធ្វើ​ឲ្យរឿង​ជម្លោះនេះ​កាន់​តែ​ធំឡើង។ ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ដែលគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អង្គុយ​ជាមួយ​គ្នា​ ថា​តើត្រូវ​ដោះ​ស្រាយ​ដោយ​របៀប​ណា​ និង​ចាប់​ផ្តើម​កំណែ​ទម្រង់របៀប​ណា​ដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ»។​

លោកឧបការី​រង​ជាន់​ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Scot Marciel ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​លោក​គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃពុធ​នេះ។​

ដំណើរ​ទស្សន​កិច្ច​មិន​ប្រកាស​ជា​សារធារណៈ​ជាមុនរបស់​លោក Marciel​ មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​គឺ​ក្នុង​ដំណើរ​បេសកកម្ម​ដើម្បី​ស្វែងយល់​ពី​គំនិត​ផ្តួច​ផ្តើម​ទន្លេ​មេគង្គ​ក្រោម​រវាង​កម្ពុជា​ជាមួយសហរដ្ឋ​អាមេរិកតែ​ប៉ុណ្ណោះ។​

លោកកុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ក្រៅ​ពី​ជជែក​អំពី​ស្ថាន​ភាព​ទន្លេ​មេគង្គ​ក្រោម​ ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​អំពី​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​កុយ​ គួង​បាន​បញ្ជាក់​ថា​ ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ទ្វារ​នៅ​តែ​បើ​ចំហ​សម្រាប់​ការ​ចរចា។ ​ក៏​ប៉ុន្តែ​ការ​ចរចា​ណា​មួយ​ធ្វើ​ឡើង​បាន​ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​សភា​ដើម្បី​ចាប់​ជជែក​ពី​កំណែ​ទម្រង់ផ្សេងៗ។​

លោក​និយាយ​ថា៖​ «លោក​ឧបនាយក​រដ្ឋ​មន្ត្រី​លោក​បាន​ទទូច​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គឺ​ត្រូវ​តែ​វិល​មក​ចូល​តុចរចា​ គឺ​ត្រូវ​តែ​ចូល​រួម​ប្រជុំ​នៅ​សភា​ មាន​ន័យ​ថា ​ការ​ទាមទារ​កំណែ​ទម្រង់ផ្សេងៗ​ ត្រូវ​តែ​មក​ពិភាក្សា​គ្នា​នៅ​ឯ​សភា​ មិន​មែន​ការ​ទាម​ទារ​ហ្នឹង​ឲ្យចរចា​នៅ​តាម​ថ្នល់​នៅ​តាម​ដង​ផ្លូវ​ទេ»។​

ក្រោយ​ពី​ជំនួប​ជាមួយ​លោក​ហោ ណាំហុង​ លោក Scot Marciel​ ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ទៀត​ជាមួយ​និង​គណបក្ស​សង្គ្រោះជាតិ​ដែរ។​

លោកកឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ក្រោយ​ពី​ជំនួប​ថា​ លោក​បាន​និយាយ​ប្រាប់​លោក​ឧបការី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ថា លោក​ស្វាគមន៍​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ។ ក៏ប៉ុន្តែ​លោក​មិន​អាច​ចូល​រួម​តុ​ចរចា​ណាមួយ​ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​ ដរាបណា​គេ​វាយ​បង្ខំ​ឲ្យគណបក្ស​សង្គ្រោះជាតិ​ចូល​រួម​តុចរចា។​

លោក​និយាយ​ថា៖ ​«យើង​ត្រៀម​នឹង​ជួប ​បើ​សិន​ជា​ផ្លាស់​ប្តូរ​បរិយាកាស​ហ្នឹង ឲ្យល្អ​ប្រសើរ​មក​វិញ​ទៅ ​ដូច​ជាដោះ​លែង​២៣​នាក់​ហ្នឹង​ជាដើម ​ហើយ​ឲ្យយើង​មាន​សិទ្ធិ​ធ្វើ​ការ​ជួប​ប្រជុំ​ធម្មតាឡើង​វិញ។ យើង​អាច​ជជែក​គ្នា​បាន​ ព្រោះ​យើង​ដឹង​ថា​ដំណោះ​ស្រាយត្រូវ​តែ​មាន​ហើយ មិន​អាច​នៅ​ជាប់​គាំង​អញ្ចឹង​រហូត​ទេ»។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អសនៈចំណែក​ឯក​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អសនៈ។

គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​បែរ​ខ្នង​ដាក់​គ្នា ក្រោយ​ពេល​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ និង​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​កម្មករកាល​ពី​ដើម​ខែ​មករា។​

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​រិត​បន្តឹង​សេរី​ភាព​បញ្ចេញ​មតិ​ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការ​ជួប​ប្រជុំ​ណា​មួយ ​ដែល​មាន​ចំនួន​មនុស្ស​លើក​ពី​១០​នាក់​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG