ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កំណត់​វិសាលភាព​នៃ​សំណុំរឿង​០០២​មាន​ភាព​ចម្រូង​ចម្រាស់


ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣១ ខែ មករា​ ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្នើ​ឱ្យ​តុលាការ​កំណត់​វិសាលភាព​នៃ​សំណុំ​រឿង​០០២/០២ ឱ្យ​នៅ​ត្រឹម​តែ​ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន​ប្រាំបី​ប៉ុណ្ណោះ។
ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣១ ខែ មករា​ ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្នើ​ឱ្យ​តុលាការ​កំណត់​វិសាលភាព​នៃ​សំណុំ​រឿង​០០២/០២ ឱ្យ​នៅ​ត្រឹម​តែ​ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន​ប្រាំបី​ប៉ុណ្ណោះ។
ការ​មិន​ចុះ​សម្រុង​គ្នា​បាន​កើត​ឡើង​ជា​ថ្មី​ជុំ​វិញ​ការ​កំណត់​វិសាលភាព​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី​២ ដែល​ជា​ការ​កាត់​ក្តី​បន្ត​ប្រឆាំង​នឹង​ជនជាប់​ចោទ នួន ជា និង​ខៀវ សំផន ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​។ ការ​ខ្វែង​គំនិត​គ្នា​នេះ​កើតមាន​ឡើង​ក្រោយ​ពី​អង្គជំនុំ​ជម្រះ​ជាន់​ទាប​នេះ​ បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣។ ប៉ុន្តែ​តុលាការ​នេះ​នៅ​ពុំ​ទាន់​សម្រេច​សាលក្រម​នៅ​ឡើយ។

ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣១ ខែ មករា​ ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្នើ​ឱ្យ​តុលាការ​កំណត់​វិសាលភាព​នៃ​សំណុំ​រឿង​០០២/០២ ឱ្យ​នៅ​ត្រឹម​តែ​ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន​ប្រាំបី​ប៉ុណ្ណោះ។ ទីតាំង​ទាំង​នោះ​រួម​មាន​មន្ទីរ​សន្តិសុខ ស-២១ ការ​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម សហករណ៍​ត្រាំកក់​និង​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់ ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល។

សំណើ​ជា​លាយលក្ខណ៍​អក្សរ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការិយាល័យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​របស់​ជន​រងគ្រោះ​ក្នុង​លិខិត​ផ្លូវ​ការ​ដោយ​ឡែក​របស់​ខ្លួន​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ។ ប៉ុន្តែ​ខាង​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​ឱ្យ​ពង្រីក​វិសាលភាព​នៃ​បទ​ចោទ​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​និង​ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិក និង​បាន​ស្នើ​ឱ្យ​ដាក់​បញ្ចូល​ទីតាំង​ចំនួន​បី​និង​បទ​ចោទ​មួយ​បន្ថែម​ទៀត​គឺ​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម មន្ទីរ​សន្តិសុខ​ភូមិភាគ​ឧត្តរ មន្ទីរ​សន្តិសុខ​កោះខ្យង និង​ការ​ជម្លៀស​ដោយ​បង្ខំ​ដំណាក់កាល​ទី​៣។

ប៉ុន្តែ​ការិយាល័យ​សហមេធាវី​ការពារ​នួន ជា នៅ​ថ្ងៃ​ទី ៣១ ខែ ​មករា ​ដដែល​នេះបាន​ស្នើ​ឱ្យ​ដាក់​បញ្ចូល​ទីតាំង​ឧក្រិដ្ឋ​កម្ម​និង​អង្គហេតុ​មួយ​ចំនួន​ផ្សេង​ពី​សំណើ​របស់​ការិយាល័យ​សហព្រះរាជអាជ្ញា​និង​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដើម្បី​បង្កើត​ទ្រឹស្តី​ការពារ​ខ្លួនឱ្យ​កូន​ក្តី​របស់​ខ្លួន។ អង្គហេតុ​និង​ទីតាំង​ដែល​ស្នើ​ដោយ​សហមេធាវី​ការពារ​នួន ជា ​រួម​មាន​ការ​ចង​សម្ព័ន្ធ​រវាង​កងកម្លាំង​ភូមិភាគ​ពាយព្យ​និង​បូព៌ា​ប្រឆាំង​នឹងប៉ុល ពត និង​នួន ជា និង​តួនាទី​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​គាំទ្រ​ការ​ប្រឆាំងក្នុង​សម័យ​ខ្មែរ​ក្រហម។ ចំណែក​ឯ​បទ​ចោទ​គឺ​បទ​ចោទ​ទាំង​ឡាយ​ណា​ដែល​ចោទ​ប្រកាន់​ថា​បាន​កើត​ឡើង​នៅ​ភូមិភាគ​ពាយព្យ​និង​បូព៌ា ការដ្ឋាន​ទំនប់​ត្រពាំងថ្ម មន្ទីរ​សន្តិសុខ​វត្ត​គិរីរម្យ គោលការណ៍​បោះ​សម្អាត​ផ្ទៃ​ក្នុង​ដែល​ចោទ​ប្រកាន់ និង​ការ​ជម្លៀស​ប្រជាជន​ដំណាក់កាល​ទី៣​ដែល​ចោទ​ប្រកាន់។

លោកស្រី ជា លាង សហព្រះ​រាជអាជ្ញា និង​លោក សុន អារុន សហ​មេធាវី​ការពារ​ជន​ជាប់​ចោទ​នួន ជា មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក គង់ សំអុន សហ​មេធាវី​ការពារ​ជនជាប់​ចោទ​ខៀវ សំផន ថ្លែង​ថា លោក​មិន​មាន​ការ​ជំទាស់​ចំពោះ​សំណើ​កំណត់​វិសាលភាព​របស់​សហព្រះ​រាជអាជ្ញា​ទេ ប៉ុន្តែ​លោក​នឹង​បង្ហាញ​ទឡ្ហីករណ៍​ពី​ការ​គ្មាន​ទោស​របស់​កូនក្តី​លោក។

«ការ​ចោទ​ប្រកាន់​ជា​បន្ទុក​របស់​ព្រះ​រាជអាជ្ញា អញ្ចឹង​ខាង​សហព្រះ​រាជ​អាជ្ញា​ហ្នឹង​គាត់​ស្នើ​ទៅ​តុលាការ​ទៅ​ថា​រឿងក្តី​ណា បទ​ចោទ​ណា​ដែល​អាច​ទម្លាក់​ចោល​បាន​អញ្ចឹង​គាត់​លើក​ទៅ។ ចំពោះ​យើងៗ មាន​ជំហរ​ថា ការ​កំណត់​ទៅ​លើ​បទ​ល្មើស​ផ្សេង​ៗ ដែល​ចោទ​ប្រកាន់​លើ​លោក ខៀវ សំផន យើង​មាន​ទ្រឹស្តី​ថា ​លោក ខៀវ សំផន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ទាំង​អស់​ហ្នឹង​ទេ។ ដូច្នេះ​ការ​ចោទ​ប្រកាន់​ជា​ការ​ជំទាស់​របស់​យើង​ទាំង​អស់»។

បទ​ចោទ​ដែល​ស្នើ​ដោយ​ការិយាល័យ​សហ​ព្រះ​រាជអាជ្ញា​ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន នា​ពេល​កន្លង​មក​រួម​មាន​រាល់​បទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ក្រុម​គោលដៅ​នីមួយៗ ឧក្រិដ្ឋកម្ម​ភេទ ​ការ​រៀបការ​ដោយ​បង្ខំ​និង​រំលោភ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ឡុង​ បញ្ញាវុធ​ ប្រធាន​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​បាន​គាំទ្រ​ការ​កំណត់​វិសាលភាព​របស់​ការិយាល័យ​សហ​ព្រះ​រាជអាជ្ញា ដើម្បី​ពន្លឿន​នីតិវិធី​និង​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ថវិកា និង​ភាព​ចាស់​ជរា​របស់​ជនជាប់​ចោទ។

«អ្វី​ដែល​ព្រះ​រាជ​អាជ្ញា​បាន​លើក​ឡើង​នេះ​ជា​ជំហាន​មួយ​ល្អ ពីព្រោះ​យើង​មិន​អាច​ជំនុំ​ជម្រះ​គ្រប់​បទល្មើស​ទាំង​អស់​ហ្នឹង​បាន​ទេ។ ព្រះ​រាជអាជ្ញា​ត្រូវ​ជ្រើសរើស​លើ​ទីតាំង​បទល្មើស​ដែល​ខ្លួន​យល់​ថា មាន​សារៈប្រយោជន៍ និង​ដែល​អាច​តំណាង​ឱ្យ​អ្វី​ដែល​អាច​កើត​ឡើង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩»។

សំណុំ​រឿង​០០២​មាន​ជនជាប់​ចោទ​ចំនួន​បួន​នាក់ ប៉ុន្តែ​ជនជាប់​ចោទ​ដែល​នៅ​រស់​រាន​មាន​ជីវិត​មាន​តែ​ នួន ​ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ដែល​គេស្គាល់​ថា​ជា​មេ​មនោគមវិជ្ជា​នៃ​របប​នោះ និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។ ដោយ​ឡែក​អៀង ​សារី​ បាន​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយសារ​ជំងឺ​និង​វ័យ​ចាស់​ជរា​និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង​វង្វាន់។ មក​ទល់​ពេល​នេះ កាល​បរិច្ឆេទ​និង​វិសាលភាព​នៃ​សំណុំ​រឿង​០០២/០២​ដែល​ជា​សំណុំរឿង​វគ្គ​ចុង​ក្រោយ​ប្រឆាំង​នឹង​ជនជាប់​ចោទ​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ៕
XS
SM
MD
LG