ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនូរ​ព្រាង​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​ត្រូវ​បាន​ចុះ​ផ្សាយ


ប៉ូលិស​ថៃ​បញ្ចេញ​គំនូរព្រាង​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​​នៅ​ក្រុង​បាងកក។
ប៉ូលិស​ថៃ​បញ្ចេញ​គំនូរព្រាង​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​​នៅ​ក្រុង​បាងកក។

ក្រុម​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ និង​ចុះ​ផ្សាយ​គំនូរ​ព្រាង​របស់​បុរស​ម្នាក់​ដែល​ពួកគេ​ជឿថា ​អាច​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២២​នាក់​ដែរ​នៅ​ឯ​ទី​កន្លែងសក្ការបូជា​នៅ​ក្រុង​បាងកក។

លោក Somyot Poompanmoung ប្រធាន​ប៉ូលិស​បាននិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ជន​សង្ស័យ​ជា​អ្នក​ដាក់​គ្រាប់​បែក​ទំនងធ្វើ​ឡើង​ជាផ្នែក​មួយ​នៃ​បណ្តាញ ​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ពី​គោល​បំណង​ ឬ​សញ្ជាតិ​របស់​ជន​នោះ​ទេ។

លោក Somyot ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែកនៅ​ឯ​ទី​ទីសក្ការបូជា Erawan ដ៏​មាន​ប្រ​ជាប្រិយភាព​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​រង្គើរាជ​ធានី​ថា «ជា​ការ​ពិត ជន​នោះ​មិន​បាន​ធ្វើតែ​ម្នាក់ឯង​ទេ។ គេ​ប្រាកដ​ជា​មាន​បណ្តាញ‍»។

គំនូរ​ព្រាង​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​អាជ្ញាធរ ​បាន​បង្ហាញ​ពី​បុរស​ក្មេង​ម្នាក់​មាន​សក់​ពណ៌​ខ្មៅ​រួញ មាន​ពុក​ចង្កា​ខ្លី ​ហើយ​ពាក់​វ៉ែនតា។ ​ក្រុម​មន្រ្តី​និយាយ​ថា ​ជន​នោះ ​អាច​ជា​ជន​ជាតិ​ថៃ​ឬ​ជន​ជន​ជាតិ​បរទេស​ ដោយ​មាន​សក់សំពីង​សំពោង​ពណ៌​ខ្មៅ​ហើយ​ពាក់​យឺត​ពណ៌​លឿង​បាន​ទុកសាក់​កាដូ​នៅ​ក្រោម​កៅ​អី​វែង​ ហើយ​បាន​ដើ​រចេញ​ដោយស្ងប់​ស្ងាត់​ពី​កន្លែង​កើត​ហេតុ​ មុន​ពេល​ផ្ទុះ​គ្រាប់​បែក​នោះ។

លោក​នាយករដ្ឋមន្រ្តី​បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌​មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា «ខ្ញុំ​ចង់​ប្រាប់​អ្នក​ដាក់​គ្រាប់​បែក​ថា ​ប្រសិន​បើ​អ្នក​ចង់​មាន​សុវត្ថិភាព ​អ្នក​ត្រូវ​តែ​ប្រគល់​ខ្លួន ​ហើយ​ក្រុម​មន្រ្តី​នឹង​ស្វែង​រក​មធ្យោបាយ​ដើម្បី​ការ​ពារ​អ្នក‍»។

អ្នក​នាំ​ពាក្យ​ប៉ូលិស​បាន​និយាយក្រោយ​មក​ថា ​បុរស​២​នាក់ផ្សេង​ទៀត ​ដែល​ម្នាក់​បាន​ត្រូវ​គេ​ឃើញ​ពាក់​អាវ​ពណ៌​ក្រហម​ ហើយម្នាក់​ទៀត​ពាក់​អាវ​ពណ៌​ស​នៅ​ក្នុង​កាសែត​វីដេអូ CCTV ​ក៏​ជាជន​សង្ស័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ៕

XS
SM
MD
LG