ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ភាពជា​អ្នកដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍​(SEAYLP)​ផ្តល់ឱកាស​ដល់សិស្ស​កម្ពុជា​នៅតាមខេត្ត​ជាប់ព្រំដែន


យុវជន ហោ វិសាល និងយុវជនកម្ពុជាដទៃក្នុងពេលទទួលសញ្ញាបត្រចូលរួមក្នុងកម្មវិធីកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)
យុវជន ហោ វិសាល និងយុវជនកម្ពុជាដទៃក្នុងពេលទទួលសញ្ញាបត្រចូលរួមក្នុងកម្មវិធីកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​ទទួល​ពាក្យ​សម្រាប់​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​នៅ​អាមេរិក ដែល​មាន​ឈ្មោះ​ថាភាព​ជា​អ្នក​ដឹក​នាំ​យុវជន​អាស៊ី​អាគ្នេយ៍​ឆ្នាំ២០២៤ ហៅកាត់ថា SEAYLP។

កម្មវិធី​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ការិយាល័យ​កិច្ច​ការ​អប់រំ​ និង​វប្បធម៌​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ ការ​ទទួល​ពាក្យ​របស់​សិស្ស​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣​ខាង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា កម្មវិធីផ្លាស់ប្តូរ​ការសិក្សា​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០២៤​នេះ​ ត្រូវ​បាន​បើក​សម្រាប់​សិស្ស​វិទ្យា​ល័យ​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​-១៧​ឆ្នាំ​ និង​អ្នក​អប់រំ​ទាំង​អស់​រួម​មាន​គ្រូ​បង្រៀន ឬ​អ្នក​ដឹក​នាំ​សហគមន៍ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ និង​ឧត្តរមានជ័យ នៃប្រទេស​កម្ពុជា។ កម្ម​វិធី​ផ្លាស់ប្តូរ​ការ​សិក្សា​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​សិស្ស​វិទ្យាល័យ​ និង​អ្នក​ណែ​នាំ​មនុស្ស​ពេញ​វ័យ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​សម្រាប់​កម្មវិធី​ផ្លាស់​ប្តូរ​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល៣សប្តាហ៍​ ដែល​ផ្តោត​លើ​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​អភិវឌ្ឍ​យុវជន​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំប្រទេស​កម្ពុជា បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «កម្មវិធី​នេះ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​រួម​គ្នា​ដែល​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​ជួប​ប្រទះ​ ដូច​ដែល​បាន​មើល​ឃើញ​តាម​រយៈ​សសរ​ស្តម្ភ​ទាំង​បី​នៃ​សហគមន៍​អាស៊ាន​៖ កិច្ច​សហ​ប្រតិបត្តិ​ការ​នយោបាយ និង​សន្តិ​សុខ ការ​កសាង​ជំនាញ​សេដ្ឋកិច្ច​ និង​ការ​ដឹក​នាំ​សង្គម-វប្បធម៌​។ អ្នក​ចូល​រួម​នឹង​អភិវឌ្ឍ​ជំនាញ​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​ ការ​ទំនាក់​ទំនង និង​ភាព​ជា​អ្នក​ដឹក​នាំ ខណៈ​ពេល​ដែល​ចូល​រួម​ក្នុង​សកម្ម​ភាព​ដោយ​ផ្ទាល់ សិក្ខាសាលា និង​ការ​ចុះ​មើល​ទីតាំង»។

យុវជន ហោ វិសាល និងយុវជនដទៃទៀតមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលវេចខ្ចប់ម្ហូប ក្នុងពេលចូលរួមកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)
យុវជន ហោ វិសាល និងយុវជនដទៃទៀតមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលវេចខ្ចប់ម្ហូប ក្នុងពេលចូលរួមកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)

លោក ហោ វិសាល អាយុ​១៨​ឆ្នាំ មក​ពី​ខេត្ត​បាត់​ដំបង ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹក​នាំ​យុវជន​អាស៊ី​អាគ្នេយ៍​(SEAYLP) ក្នុង​ឆ្នាំ​២០២២ ប្រាប់​វីអូអេ​ថា​កម្មវិធី​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​យុវជន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​បេក្ខ​ជន​ដែល​ដាក់​ពាក្យ​នៅ​ក្នុង​កម្មវិធី​ផ្លាប់​ប្តូរ​ការ​សិក្សា​នេះ ​ត្រូវ​ចេះ​ភាសា​អង់គ្លេស និង​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​ការងារ​នៅ​ក្នុង​សហគមន៍​ជា​ដើម។

យុវជន វិសាល ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​រូប​នេះ​បន្ត​ថា​បេក្ខជន​ដែល​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នេះ​នឹង​ទទួល​បាន​ការ​សិក្សា​ពីការ​ផ្លាស់ប្តូរ​វប្បធម៌​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​វប្បធម៌​របស់​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់​ផង​ដែរ។ វិសាល​បន្ថែម​ទៀត​ថា​ក្នុង​អំឡុង​ពេល​ដែល​ចូល​រួម​កម្មវិធី​បម្លាស់​ប្តូរ​សិក្សា​នេះ លោក​បាន​ទទួល​បទ​ពិសោធន៍ និង​ជំនាញ​ថ្មីៗ​ជា​ច្រើន​ពី​ការងារ​សហគមន៍​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «បេក្ខជន​ក៏​ហ្នឹង​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការងារ​ស្ម័គ្រ​ចិត្ត និង​ការ​ងារ​សង្គម​ផ្សេងៗ ពីព្រោះ​នៅ​ពេល​ដែល​ពួក​យើង​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ក្រុម​ការងារ​ខាង​នោះ​គាត់​នឹង​រៀប​ចំ​ឱ្យ​ពួក​យើង​ចុះ​ឈ្មោះ​ធ្វើ​ការ​ងារ​សហគមន៍​នៅ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​អាមេរិក​ហ្នឹង​ផ្ទាល់​តែ​ម្តង ដែល​មាន​ដូច​ជា​ការ​ដាំ​កូន​ឈើ​ ការ​ខ្ចប់​ចំណី​ដើម្បី​យក​ទៅ​ Donate​ [បរិច្ចាគ] នៅ​តាម​ប្រទេស​ដែល​ក្រី​ក្រ ប្រទេស​ដែល​កំពុង​ជួប​ផល​វិបាក​ផ្សេងៗ»។

ចំណែក​យុវតី​មួយ​រូប​ទៀត គឺ​កញ្ញា លី គីម​ស្រ៊ង់ អាយុ​១៧​ឆ្នាំ មក​ពី​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធីផ្លាស់​ប្តូរ​ការ​សិក្សា​ក្នុង​ឆ្នាំ​២០២៣​នេះ ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា នេះជា​កម្មវិធី​ដែល​ផ្តោត​សំខាន់​លើ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​យុវជន ដោយ​យុវជន​ទាំង​អស់​ដែល​ជាប់​ក្នុង​កម្មវិធី​នេះ នឹង​ត្រូវ​ចុះ​កម្ម​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក រយៈ​ពេល​៣​សប្តាហ៍ ដោយ​សិក្សា​ពី​បញ្ហា​នានា និង​ដំណោះ​ស្រាយ​ដែល​កើត​ក្នុង​សហរដ្ឋ​អាមេរិក និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​មាន​បញ្ហា​នយោបាយ សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម។

យុវជន ហោ វិសាល និងយុវជនកម្ពុជាដទៃក្នុងពេលធ្វើទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)
យុវជន ហោ វិសាល និងយុវជនកម្ពុជាដទៃក្នុងពេលធ្វើទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (SEAYLP) ក្នុងឆ្នាំ២០២២។ (រូបថតផ្តល់ឱ្យដោយ ហោ វិសាល)

យុវតី គីម​ស៊្រង់ បញ្ជាក់​ថា​កម្មវិធី​នេះ​មាន​លក្ខ​ខណ្ឌ​កំណត់​តាម​ខេត្ត​គោល​ដៅ ប៉ុន្តែ​ក្នុង​ឆ្នាំ​ដែលនាង​បាន​ដាក់​ពាក្យ​នោះ​មិន​មាន​កំណត់​តាម​ខេត្ត​គោល​ដៅ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​ខិត​ខំ​ដាក់​ពាក្យ​រហូត​បាន​ជាប់​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

យុវតី​វ័យ​១៧​ឆ្នាំ​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​ទី​១២​នេះ​ បន្ថែម​ទៀត​ថា​ក្រោយ​ពី​បាន​ចុះ​កម្មវិធី​ផ្លាស់ប្តូរការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ហើយ នាងបាន​ធ្វើ​គម្រោង​មួយ​ហៅ​ថា​LIGHT UP ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍ និង​ឱកាស​នៃ​ការ​ទទួ​ល​បាន​អាហាររូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ជា​ដើម។ គីម​ស៊្រង់​បញ្ជាក់​ដែរ​ថា​គម្រោង​ដែល​បង្កើត​ឡើង​នេះ​គឺ​ទទួល​បាន​ជំនួយ​ទាំង​ស្រុង​ពី​សហរដ្ឋ​អាមេរិក។

កញ្ញា​ថ្លែង​ថា៖ «ពេល​មក​ដល់​ខ្មែរ​វិញ គេ​នឹង​ឱ្យ​យើង​ដឹក​នាំ​គម្រោង​ ពេល​ដែល​យើង​ទៅ​អាមេរិក​ហ្នឹង។ ដឹក​នាំ​គម្រោង​ គឺ​ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​របស់​សហគមន៍​នៅ​ក្នុង​ខេត្ត​របស់​យើង​ដែល​យើង​ទៅ​ហ្នឹង បាន​ន័យ​ថា​យើង​ទៅ​អាមេរិក​ហើយ​មក​វិញ​យើង​មាន​តួនាទី ដើម្បី​ Lead Project [ដឹក​នាំ​គម្រោង​] ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង ហើយ​គេ​ឱ្យ​ Fund [ជំនួយ​]»។

យ៉ាង​ណា​មិញ យុវតី លី គីម​ស៊្រង់ ផ្តាំអ្នក​ដែល​ត្រៀម​សម្រាប់​ដាក់​ពាក្យ​ក្នុង​កម្មវិធី​នេះ ឱ្យស្វែង​យល់​ឱ្យ​ច្បាស់​ពី​កម្មវិធី និង​សរសេរ​ពាក្យ​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ។

កញ្ញា​ថ្លែង​ថា៖ «ប៉ុន្តែ​ខ្ញុំ​ខំ​ប្រឹង​សរសេរ​ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​ម៉េច​ឱ្យ​Application [ទម្រង់​សរសេរ​ពាក្យ] ខ្ញុំ​ហ្នឹង The Best [ល្អ​បំផុត​] ខ្លាំង​ហ្មង​ឱ្យ​វា Standout [ពូកែ] ហើយ​ពេល​ហ្នឹង​យើង​មិន​បាច់​ខ្វល់​ពី​គេ​ពូកែ​មិន​ពូកែ​ គឺ​ថា​យើង​ Focus [ផ្តោត​សំខាន់] ទៅ​លើ​ Application [ទម្រង់​សរសេរ​ពាក្យ]របស់យើង​ធ្វើ​ម៉េច​ឱ្យ​វា​ល្អ​ខ្លាំង​បំផុត​ទៅ​បាន​ហើយ»។

មន្ត្រី​ការ​ទូត​សាធារណៈ និង​មន្រ្តី​ព័ត៌មាន​ប្រចាំ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Wesley Holzer ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​កម្មវិធី​ភាព​ជា​អ្នក​ដឹកនាំ​ យុវជន​អាស៊ី​អាគ្នេយ៍​(SEAYLP) គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ផ្លាស់ប្តូរ​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​សម្រាប់​ប្រជាជន​កម្ពុជា។ កម្មវិធី​នេះ​មាន​គោល​បំណង​ផ្តល់​ឱ្យ​សិស្ស​វិទ្យាល័យ​ទទួល​បាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍ​ជំនាញ និង​បទ​ពិសោធន៍​ជីវិត​នៅ​សាកល​វិទ្យា​ល័យ​នៅ​សហរដ្ឋ​អាមេរិក។

បើ​តាម​មន្ត្រី​ប្រចាំ​ស្ថានទូត​សហរដ្ឋ​អាមេរិក​រូប​នេះ កម្មវិធី SEAYLP បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​និស្សិត​កម្ពុជា​ប្រមាណ​៨០​នាក់​បាន​ចូល​រួម។ ហើយ​ជា​រៀង​រាល់​ឆ្នាំ មាន​និស្សិត​ប្រមាណ​៦០-៦៥​នាក់ មក​ពី​បណ្តា​ប្រទេស​អាស៊ាន ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​នេះ ។ លោកថាក្នុង​ឆ្នាំ​២០២៤​ខាង​មុខ នឹង​មាន​និស្សិត​កម្ពុជា​ចំនួន​៥​នាក់ និង​អ្នក​ណែនាំ​ម្នាក់​ត្រូវ​ជ្រើស​រើសឱ្យ​ចូលរួម។

លោក Wesley Holzer ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ជា​ភាសា​អង់គ្លេស និង​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «កម្មវិធី​នេះ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ រួមគ្នា​ដែល​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ប្រឈម​មុខ ដូច​ដែល​បាន​មើល​ឃើញ​តាម​រយៈ​សសរស្តម្ភ​ទាំង​បី​នៃ​សហគមន៍​អាស៊ាន៖ កិច្ច​សហ​ប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ ការកសាង​ជំនាញ​សេដ្ឋកិច្ច និង​ការដឹក​នាំ​សង្គម-វប្បធម៌។ អ្នក​ចូល​រួម​អភិវឌ្ឍ​ជំនាញ​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍ​គម្រោង និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ចូល​រួម​ក្នុង​សកម្មភាព​ដោយ​ផ្ទាល់​ ដូច​ជា​ សិក្ខាសាលា និង​ការ​ចុះ​មើល​ទីតាំង និង​ការ​បង្កើត​គម្រោង ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​របស់​សហគមន៍​របស់​ពួក​គេ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ»៕

XS
SM
MD
LG