ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​មួយចំនួន​បង្ហាញ​ការអាក់អន់ចិត្ត ក្រោយ​ក្រសួងអប់រំ​សម្រេច​មិន​បាច់​មាន​ការប្រឡង​និង​មិន​កំណត់​និទ្ទេស


រូបឯកសារ៖ លោក​​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ​ ត្រួតពិនិត្យ​វិញ្ញាសារ​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ​ ត្រួតពិនិត្យ​វិញ្ញាសារ​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។

សិស្សា​នុ​សិស្ស និង​ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​មាន​កូន​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ ឬ​កម្រិត​ថ្នាក់​ទី​១២ និង​អ្នក​ធ្វើ​ការ​លើ​វិស័យ​អប់រំ បាន​បង្ហាញ​មតិ​ចម្រុះ​លើ​ការ​សម្រេច​របស់​ក្រសួង​អប់រំ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​ដោយ​ស្វ័យ​ប្រវត្តិ មិន​បាច់​ឆ្លង​ដំណាក់​កាល​ប្រឡង​ដ៏​សំខាន់។

កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​ថា​ សិស្សានុសិស្ស​ដែលប្រឡងបាក់​ឌុប​ឆ្នាំនេះ​ជាប់​ជា​ស្ថាពរ ដោយ​សារ​ពិបាក​រៀបចំ​ការ​ប្រឡង​ថ្នាក់​ទី​១២ ក្នុង​ពេល​មាន​វិបត្តិជំងឺ​កូវីដ​១៩នេះ។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ​ដើម្បី​ទប់​ស្កាត់ការ​រីក​រាល​ជំងឺ។

បន្ទាប់​ពី​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី ​ក្រសួង​អប់រំ​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ថា​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​ការ​ប្រឡង​សញ្ញ​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​នេះ កំណត់​ឲ្យជាប់ជាស្ថាពរ​ចំពោះ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង ដោយ​ពុំ​មាន​ការ​កំណត់​និទ្ទេស។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​សិស្ស​ជាប់​ទាំង​អស់ ដោយ​មិន​ឆ្លង​កាត់​ការ​ប្រឡង​ចាំបាច់​មួយ ដែល​ក្រសួង​អប់រំ​ បាន​រឹត​បន្តឹង ក្រោម​ពាក្យ​ស្លោក«អ្នក​ចេះ ជាប់»​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។

ការ​សម្រេច​នេះ​ នាំ​ឲ្យ​មាន​មតិ​ចម្រុះ ​ដោយ​អ្នក​ខ្លះបង្ហាញ​ការពេញ​ចិត្ត។ ចំណែកអ្នក​ខ្លះ​ទៀត​បង្ហាញ​ការ​អាក់អន់​ចិត្ត ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ទទួល​យក​នៅ​ពេល​នេះ។

កញ្ញា ​ប៊ុន​ ជីង​ស៊ាង ​អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិក​កាំង​បាន និយាយ​ថា ​កញ្ញា​សាទរ​ការ​សម្រេច​នេះ ​ប៉ុន្តែបង្ហាញ​ការ​សោក​ស្តាយ ដោយសារមិន​បាន​បញ្ចេញ​សមត្ថ​ភាពប្រឡង​ ដើម្បី​ទទួល​និទ្ទេស។ កញ្ញា​បញ្ជាក់​ថា​កញ្ញា​មាន​បំណង​ចង់ទៅ​រៀន​នៅ​បរទេស ដូច្នេះ​និទ្ទេសនេះ មាន​សារ​សំខាន់​ណាស់​សម្រាប់​ចូល​រៀន​មហា​វិទ្យាល័យ​នៅ​ក្រៅ​ប្រទេស។

កញ្ញា ប៊ុន​ ជីង​ស៊ាង ប្រាប់ ​VOA ​ថា៖ «គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ការ​ឲ្យ​សិស្ស​ជាប់​ទាំង​អស់​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ គឺ​និទ្ទេស​សំខាន់​ក្នុង​ការ​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ​ដោយ​សារ​បើ​បាន​និទ្ទេស​ល្អ ​គឺ​យើង​អាច​ចំណេញ​១​ឆ្នាំ​នៅ​ក្នុង​មហា​វិទ្យា​ល័យ។ ​បើ​អត់​បាន​និទ្ទេស​ល្អ​ទេ​ មហា​វិទ្យា​ល័យ​អាច​ឲ្យ​យើង​សិក្សា​បន្ថែម ​នាំ​ឲ្យ​យើង​ខាត​ពេល​វេលា​ច្រើន»។

ចំណែក​កញ្ញា ​ជា​ ដា​លីន ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​នៃ​វិទ្យា​ល័យ​ ហ៊ុន​ សែន ​ប៊ុន​រ៉ានី ​ផ្សារ​ដើម​ថ្កូវ ​និយាយ​ថា ​កញ្ញា​ធ្លាក់ទឹក​ចិត្ត​បន្តិច​ដែរ​ចំពោះ​ការ​ឲ្យ​ជាប់​ស្ថាពរ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កញ្ញា​លើក​ឡើង​ថា​ ចំណេះ​ដឹង​ដែល​កញ្ញា​បានរៀន​នោះ ​ក៏​ជា​គោល​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​ក៏​ជា​មនុស្ស​មួយខិត​ខំ​រៀន​ដែរ។ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​បន្តិចបន្តួច​ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភ័ក្តិ​ ពី​លោក​គ្រូ ​អ្នក​គ្រូ​ច្រើន​ដោយ​ឲ្យ​យើង​ទុក​ចំណេះ​ដឹង​ហ្នឹង។ យើង​ខំ​រៀន​ពិត​មែន។ យើង​ចេះ ​យើង​អាច​យក​ទៅ​អនុវត្ត​បាន។ ទោះ​ឥឡូវ​ យើង​មិន​អាច​ប្រឡង​បាក់​ឌុប​ដើម្បី​ទទួល​និទ្ទេស​តេស្ត​សម​ត្ថ​ភាពមែន​ ក៏​ប៉ុន្តែ​មាន​ចំណេះ​ដឹង​ជាប់​ខ្លួន​ មាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​មុខ»។

ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​មាន​កូន​ប្រឡង​ថ្នាក់​ទី​១២ លើក​ឡើង​ថាពួកគេ​ចង់​ឃើញ​សមត្ថ​ភាព​របស់​កូន​ក្នុង​កា​រ​ប្រឡង​តេស្ត​សមត្ថភាព​នៅ​ពេល​ណា​មួយ។

លោក ​គឹម ​សាន អាជីវ​ករ​លក់​ដូរ​ក្នុង​ទី​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា​កូន​របស់​លោក​និង​មិត្តភ័ក្តិរបស់​គេ​មួយ​ចំនួន ដែល​ខំ​ប្រឹង​រៀន បាន​លើក​ឡើង​ថា​ពួក​គេ«បាក់​ទឹក​ចិត្ត​ខ្លះដែរ» ដែល​មិន​បាន​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ប្រឡង​ ដើម្បី​បាន​ទទួល​បាន​អាហា​រូបករណ៍។

លោក​បន្ត​ថា ​ក្រសួង​អប់រំ​គួរ​តែ​ធ្វើ​តេស្ត​សមត្ថ​ភាពរក​អ្នក​រៀន​ពូកែ ​ដើម្បី​ផ្តល់​អាហារូប​ករណ៍ ដែល​ជា​ក្តី​ស្រមៃ​របស់​សិស្ស។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រសួង​អប់រំឲ្យ​ឧត្តម​សិក្សា ឬ​សាកល​វិទ្យា​ល័យ​ណា​ផ្សេង​ៗ បង្កើត​ឲ្យមាន​តេស្ត​សមត្ថភាព​ស្ម័គ្រ​ចិត្ត​ហ្នឹង​មួយ។ ​អ្នក​ដែល​គេ​ជើង​ខ្លាំង​ គេ​អត់​ខ្លាច​ចុះ​ឈ្មោះ​ទៅ​ប្រឡង​សាក​ល្បង ​ដើម្បី​បាន​អាហារូបករណ៍​នោះ​ទេ»។

កាលពី​ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ​បាន​ប្រកាស​ម្តង​ហើយឲ្យ​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ផ្អាក​ការ​សិក្សា​មួយ​រយៈ ដើម្បី​ទប់​ស្កាត់ជំងឺ​កូវីដ​១៩។ ក្រសួង​ក៏​បាន​ចាប់​ផ្តើម​ឲ្យ​សាលា​បើក​ដំណើរ​ការ​ដំណាក់​កាល​ដំបូង​ក្នុងខែ​សីហា​ ដោយ​បង្រៀន​ផ្ទាល់​ខ្លះនិងតាម​អន​ឡាញខ្លះ។

ការ​បើក​ដំណើរ​ការ​សាលា​ទើប​តែ​បាន​មួយ​រយៈ ​រដ្ឋា​ភិបាល​ក៏​ប្រកាស​ឲ្យផ្អាក​ម្តង​ទៀត ដោយ​សារ​បារម្ភ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ បន្ទាប់មក រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ ​នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ក៏​ប៉ុន្តែផ្អាក​វិញ ក្រោយ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

រូបឯកសារ៖ គណៈ​កម្មការ​កម្មវិធី​ប្រលង​ត្រួតពិនិត្យ​បេក្ខជន​ដែល​ចូលរួម​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃចន្ទ ទី​២២ ខែសីហា ឆ្នាំ២០១៦។ (វីអូអេ)
រូបឯកសារ៖ គណៈ​កម្មការ​កម្មវិធី​ប្រលង​ត្រួតពិនិត្យ​បេក្ខជន​ដែល​ចូលរួម​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃចន្ទ ទី​២២ ខែសីហា ឆ្នាំ២០១៦។ (វីអូអេ)

លោកស្រី ជី​ វ័ន្ត​ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​១២ ​មុខ​វិជ្ជា​ជីវវិទ្យា​នៅ​វិទ្យា​ល័យ ​ហ៊ុន សែន ប៊ុន រ៉ានី​ ផ្សារ​ដើម​ថ្កូវ មាន​ប្រសាសន៍​ថា​ ការ​ប្រឡង​ដើម្បី​បាន​និទ្ទេស ​គឺ​ជា​ការ​ចង់​បាន​របស់​សិស្ស​ដែលខំ​រៀន​សូត្រ។ ប៉ុន្តែ​លោកស្រី​ថា​ ក្នុង​កាលៈ​ទេសៈ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​នេះ សិស្សានុ​សិស្ស ​គួរ​តែ​យោគ​យល់។

លោកស្រី​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ថា​ចំណេះ​ដឹង​ដែល​បាន​មក​ពី​ការ​ខិត​ខំ​នោះ មិន​អត់​ប្រយោជន៍​សម្រាប់​ពួកគេ​នោះ​ទេ ទោះ​មិន​បាន​ប្រឡង។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​កូន​សិស្ស​ខ្លះ​ទៅ ​គ្នា​អន់​ចិត្ត គ្នា​នឹក​ឃើញ​ថា​គ្នា​ខំ​ប្រឹង​យូរ​ហើយ។ អ៊ីចឹង​ដូច​ទម្លាក់​ដៃ ​ទម្លាក់​អ៊ីចឹង។ លែង​សូវ​ចង់​រៀន​ដល់​ពេល​ក្រោយ​មក​ចឹង​ទៅ​ដូច​ថា​ធ្វើ​ចិត្ត​បាន ពី​ព្រោះ​អី​ធ្វើ​ម៉េច​កាលៈទេសៈ​ វា​អ៊ីចឹង ​តម្រូវ​ឲ្យ​អញ្ចឹង​ទៅ​ហើយ ហើយ​ចេះ​តែ​លួង​សិស្ស​បន្ត​ទៀត​ទៅ​ថា​សម​ត្ថភាព​យើង​នៅ​តែ​សមត្ថ​ភាព​យើង​ទេ។ វា​អត់​ទៅ​ណា​ទេ។ យើង​ប្រឹង​រៀន​យូរ​ហើយ​ មិន​មែន​ជា​ការ​អត់​ប្រយោជន៍​នោះ​ទេ​ ទៅ​រៀន​មហា​វិទ្យាល័យ​ ក៏​ស្រួល​ជាង​គេ​ដែរ។

ជា​រៀង​រាល់​ឆ្នាំ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​សីហា។ ដោយ​សារ​មាន​ការ​គំរាម​គំហែង​ពី​ជំងឺ​កូវីដ​១៩​ការ​ប្រឡង​សញ្ញាបត្រ​នេះ​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​ ត្រូវ​បាន​លើក​ទៅ​ដល់​ខែ​ធ្នូ ​ក៏​ប៉ុន្តែ​ការផ្ទុះ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហ​គមន៍​ បាន​ធ្វើ​អោយ​មាន​ការ​លើក​ការ​ប្រឡង​សញ្ញា​បត្រ​នេះ​រហូត​ដល់​ខែ​មករា​២០២១។ កាល​បរិច្ឆេក​ចុង​ក្រោយ​នៃ​ការ​ប្រឡង​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល​ផង​ដែរ។

លោកស្រី សុខ ចាន់​នឿន ប្រធាន​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គ​ការ​មូលនិធិ​កុមារ​កម្ពុជា​ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ ថ្លែង​ប្រាប់​ VOA​ ថា​ ការ​កំណត់​ច្បាស់​លាស់​របស់​ក្រសួង​អប់រំ​បែប​នេះ ជា​ការ​ប្រសើរ​ ជា​ជាង​អូស​បន្លាយ​ការ​ប្រឡង​ម្តង​ហើយ​ម្តង​ទៀត។ លោកស្រីបញ្ជាក់​ថា ភាព​ជោគ​ជ័យ​របស់​សិស្ស មិន​មែន​ស្ថិត​នៅ​ត្រឹម​ការ​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ជោគ​ជ័យ​ ឬ​ក៏​បរា​ជ័យ​របស់​យុវជន​យើង​ម្នាក់​ៗ ​វា​អត់​ស្ថិត​នៅ​លើ​ខ្សែ​បន្ទាត់​កាត់​នៅ​ត្រឹម​បាក់​ឌុប​ហ្នឹង​ទេ។​ ថា​បើ​អ្នក​ខ្លាំង គាត់​នៅ​តែ​អាច​បន្ត​ខ្លាំង​ទៅ ​University ​[សាកល​វិទ្យា​ល័យ]​។ ចំណែក​ឯ​ប្អូន​ៗ​ដែល​មិន​ខ្លាំង​ ក៏​មិន​មែន​មាន​ន័យ​ថា​គាត់​មិន​មាន​ឱកាស​ដើម្បី​បន្ត​ grow ​[រីក​ចម្រើន​]​ខ្លួន​ឯង​បន្ត​ទៅ​មុខ​ដែរ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ដែរ ​ដែល​ពួក​គាត់​សុទ្ធ​តែ​មាន​ឱកាស​អាច​រត់​ម​ក​ដល់​ហ្នឹង​ទាំង​អស់​គ្នា។ អ៊ីចឹង​ត​ទៅ​មុខ​ ទៅ​ឆ្ងាយ​ ឬ​ក៏​ជិត​ វា​អាស្រ័យ​នៅ​លើ​ប្អូនៗ​ទាំង​អស់​គ្នា​ គាត់​ជា​អ្នក​បន្ត​ទៅ​មុខ​ទៀត»។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក ​តែ ​ឡូ​រិន​ នាយក​នៃ​សាលា​វេស្ទើន​អន្តរ​ជាតិ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ​ក៏​បាន​បង្ហាញ​ការ​គាំ​ទ្រ​ពី​ការ​បញ្ចប់​ភាព​មិន​ច្បាស់​ក្នុង​ការ​ប្រឡងថ្នាក់​ទី​១២​ឆ្នាំនេះ។

លោក​មាន​ប្រសាសន៍​ថា៖ «​វាជា​ការងារ​មួយ​គួរ​តែ​អបអរសាទរ​ទៅ​កុំ​ឲ្យ​សិស្ស​យើង​គាត់​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ ពី​ព្រោះ​រយៈ​ពេលនេះ​ បើ​គិត​ពី​ការ​រៀន​សូត្រ​របស់​គាត់​វិញ គឺ​ចង់​១​ឆ្នាំ​កន្លះ​ហើយ។ ​ខំ​រៀន​ត្រៀម​ ដើម្បី​ប្រឡង​ៗ ​តែ​ចេះ​តែ​លើក​ពេល​រហូត។ ជា​កិច្ច​ការ​មួយ​ល្អ​ប្រសើរ​វិញ​ទេ ​ធ្វើ​ម៉េច​បើ​កូវីដ​ វា​កកូរ​កកាយ​យើង​អ៊ីចឹង គួរ​តែ​អធ្យា​ស្រ័យ​១​ឆ្នាំ​ចោល​ទៅ ​វា​មិន​ស្អី​ទេ​ចាំ​ពេល​កូវីដ​ចប់ ​ចាំ​យើង​ពង្រឹង​ឡើង​វិញ​ទៅ​ពី​ការ​អប់រំ​នេះ»។

លោក ​រស់ ​សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​មាន​ប្រសាសន៍​ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​សុខភាព និង​សុវត្ថិ​ភាព​ជា​ចម្បង។​ លោក​សង្ឈឹម​ថា​សិស្សា​នុ​សិស្ស​ ឬ​ឪពុក​ម្តាយ​នឹង​យោគ​យល់​លើ​បញ្ហា​នេះ។

លោក​ថ្លែង​ប្រាប់ ​VOA​ ថា៖ «ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ យល់​ពី​ការ​មើល​ឃើញ​ផ្សេងៗ​ពី​គ្នា​ពី​សំណាក់​ភាគី​ពាក់​ព័ន្ធ​ ជា​ពិសេស​គឺ​សិស្សា​នុ​សិស្ស ​មាតា​បិតា​ចំពោះ​ករណី​និទ្ទេស។ ប៉ុន្តែ​ចំពោះ​មុខ​នេះ ​អ្វី​ដែល​សម្តេច​តេជោ បាន​សម្រេច​ហើយ​ គឺ​ផ្តល់​អទិភាព​ទៅ​លើ​ការ​ការពារ​អាយុ​ជីវិត​មិន​ឲ្យឆ្លង​រោគ​កូវីដ​១៩។ ដូច​នេះ​សូម​សិស្សានុសិស្ស​ ក៏​ដូច​ជា​មាតា​បិតា​ទាំង​អស់​ យោគ​យល់​ ហើយ​ជា​ពិសេស​នោះ​ គឺ​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត​នៅ​ក្នុង​ការ​រៀន​សូត្រ​នៅ​ចំពោះ​មុខ»។

អំឡុង​ពេល​ការ​ផ្អាក​ការ​សិក្សា​នៅ​ថ្នាក់​រៀន សិស្សា​នុ​សិស្ស​ទាំង​អស់ ​ត្រូវ​រៀន​តាម​អនឡាញ គឺ​ត្រូវ​មាន​អ៊ិនធឺណិត។ សម្រាប់​សិស្ស​នៅ​ទី​ក្រុង​ភ្នំពេញ​ មិន​សូវ​មាន​បញ្ហា​ក្នុង​ការ​សិក្សា​បែប​នេះ​នោះ​ទេ​ ក៏​ប៉ុន្តែ​សម្រាប់​សិស្ស​នៅ​ជន​បទ​ខ្វះ​ខាត​ឧបករណ៍​រៀន​សូត្រ ​ដូច​ជា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ ​អាយផេត (Ipad) និង​បញ្ហា​អគ្គិសនី​ជាដើម។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សិស្ស​ទាំង​នោះ​ បាត់​បង់​ឱកាស​រៀន។

លោក​ ប៉ិច ​បូឡែន​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Westline Education ​Group ​ដែល​គ្រប់​គ្រង​សាលា​រៀន​ Westline​ និង​ជា​ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បានមាន​ប្រសាសន៍​ថា​ការ​សម្រេចឲ្យ​សិស្សជាប់​ជា​ស្ថាពរ​ដោយពុំ​មាននិទ្ទេស​នេះ បង្ហាញ​ពី​ភាព​យុត្តិធម៌​សម្រាប់​សិស្ស​ដែល​ពុំ​មានឧបករណ៍​គ្រប់​គ្រាន់​ក្នុង​សិក្សា​អន​ឡាញ​ កាល​ពី​កន្លង​ទៅ។

លោក​មាន​ប្រសាសន៍​ថា៖ «​មិន​ចាំ​បាច់​មាន​និទ្ទេស សិស្ស​ខ្លះ​គាត់​ថា​គាត់​ខំ​រៀន​ តែ​អត់​បាន​និទ្ទេស ក៏​ប៉ុន្តែ​មាន​សិស្ស​ពូកែ​ដទៃ​ទៀត​ គាត់​គួរ​តែ​បាន​និទ្ទេស​ល្អ​ ក៏​ប៉ុន្តែ​ដោយ​សារ​មធ្យោបាយ​នៃ​ការ​រៀន​សូត្រ​របស់​គាត់​ នៅ​មាន​កំណត់ ​ពិបាក​ដែល​មិន​បាន​មក​រៀន​ផ្ទាល់ វា​អាច​អយុត្តិ​ធម៌​ចំពោះ​គ្នា​ខ្លះ​ដែរ​ហ្នឹង។ គិត​ថា​យក​ជាប់​ធ្លាក់​ទៅ​ មិន​បាច់​យក​និទ្ទេស​ឆ្នាំ​ហ្នឹង​ ក៏​វា​មិន​ទាន់​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​វាយ​តម្លៃ​ចំណេះ​របស់​មនុស្ស​ម្នាក់»។

លោក​ ហេង ​វ៉ាន់ដា​ ជា​នាយក​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណ​នេយ្យ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​បានមាន​ប្រសាសន៍​ថា​សិស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ ​នៅ​តែ​ទទួល​បាន​ប្រយោជន៍​ពី​ការ​សិក្សា​ដដែល។

លោក​បញ្ជាក់​ថា៖ «កុំ​ឲ្យបាក់​ទឹក​ចិត្ត ​យើង​រៀន​បាន​ប៉ុណ្ណឹង ​រៀន​ពូកែ​ យើង​ចូល​ដល់​មហា​វិទ្យាល័យ​ បើ​យើង​នៅ​តែ​ពូកែ​ទៀត គេ​ក៏​មាន​អាហារូប​ករណ៍​ឲ្យ​យើង​ដែរ។ អ្នក​ណា​ដែល​ពូកែ​ខ្លាំង​ សាលា​ខ្លះ​គេ​បញ្ជូន​ទៅ​រៀន​នៅ​បរទេស គេ​ចេញ​លុយ​ឲ្យ។ សាលា​ខ្ញុំ​អីចឹង ​បើ​ដឹង​ថា​អ្នក​ហ្នឹង​រៀន​ពូកែ​ ជូន​ការ​បញ្ចុះ​ថ្លៃ​៥០%​ ពេល​ខ្លះ​៧០%​អីចឹង»។

គួរ​បញ្ជាក់​ថា ការ​ប្រឡងថ្នាក់​ទី​១២​ឆ្នាំ​មុន មាន​បេក្ខជន​សរុបប្រមាណ១១​ម៉ឺន​៥ពាន់នាក់ ​ហើយ​បេក្ខ​ជនប្រឡង​ជាប់ មានចំនួនប្រមាណ​៨​ម៉ឺន​នាក់ គឺ​ជិត​៧០​ភាគរយ។ ចំណែកក្នុង​ឆ្នាំ​សិក្សា​ដែល​គំរាម​កំហែង​ដោយ​ជំងឺ​កូវីដ​នេះ បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង ​មាន​ចំនួន​សរុប​ជាង​១២​ម៉ឺន​នាក់៕

XS
SM
MD
LG