ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ថៃ​លាលែង​ពី​តំណែង​នៅក្រោយ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara បាន​មកដល់​ទីក្រុងបាងកក ប្រទេស​ថៃ​កាលពីថ្ងៃ​ទី០៥ កញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara បាន​មកដល់​ទីក្រុងបាងកក ប្រទេស​ថៃ​កាលពីថ្ងៃ​ទី០៥ កញ្ញា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ថ្ងៃ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara បាន​លាលែង​ពី​តំណែង បន្ទាប់ពី​លោក​ត្រូវបាន​គេ​ដក​ចេញ​ពី​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី។ ការ​លាលែង​ពី​តំណែង​របស់​លោក​នេះ​បាន​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ស្វះស្វែង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការ​លាលែង​ពី​តំណែង​ដោយ​មិន​រំពឹងទុក​របស់​លោក​នេះ​បាន​ធ្វើ​ឱ្យ​ក្រសួង​ការបរទេស​ថៃ​ខ្វះ​ចង្កូត​ដឹកនាំ​ដោយសារ​លោក Parnpree គឺជា​អ្នក​ដឹកនាំ​ក្រុម​អំពី​កិច្ចការ​មីយ៉ាន់ម៉ា​និង​កាលពី​ខែ​មុន​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផ្ដួចផ្ដើម​មនុស្សធម៌​មួយ​ដែល​មាន​បំណង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ពិភាក្សា​រវាង​ភាគី​សង្គ្រាម​នានា​នៅ​មីយ៉ាន់ម៉ា​បន្ទាប់ពី​ប្រទេស​នេះ​បាន​រងគ្រោះ​ដោយសារ​អស្ថិរភាព​និង​អំពើ​ហិង្សា​នៅ​ក្រោយ​រដ្ឋប្រហារ​មក។

លោក Parnpree ក៏​មាន​តួនាទី​សំខាន់​ផងដែរ​នៅក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​រាប់​សិប​នាក់​ដែល​ត្រូវបាន​ក្រុម​ហាម៉ាស់ (Hamas) ចាប់ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។

នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin បាន​ទទួល​យក​លិខិត​សុំ​លាលែង​ពី​តំណែង​របស់​លោក Parnpree។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Chai Wacharonke ដែល​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Chai បាន​បន្ថែម​ថា៖ «ការ​លាលែង​ពី​តំណែង​របស់​លោក Parnpree នឹង​មិន​ប៉ះពាល់​ដល់​កិច្ចការ​របស់​រដ្ឋាភិបាល​ផ្នែក​ការបរទេស​នោះទេ ដោយសារតែ​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​និង​មន្ត្រី​នៃ​ក្រសួង​ការបរទេស​ថៃ​អាច​ធ្វើ​កិច្ចការ​នេះ​ជំនួស​បាន»។

ការ​លាលែង​ពី​តំណែង​របស់​លោក Parnpress នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​ដូចជា​លោក​ឧបនាយក​រដ្ឋមន្ត្រី Phumtham Wechayachai ផងដែរ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ថា​វា​ជា​រឿង​ដែល​មិន​រំពឹងទុក។

លោក Parnpree មិន​អាច​ត្រូវបាន​ទាក់ទង​បានទេ​ដើម្បី​សុំអត្ថាធិប្បាយ​លើ​រឿង​នេះ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG