ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​ថៃ​កាត់​ទោស​និស្សិត​ថៃ​ឲ្យ​ជាប់​គុក​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ


និស្សិត​ Patiwat Saraiyaem អាយុ​២៣​ឆ្នាំ​ (ឆ្វេង)និង​សកម្មជន Porntip Mankong អាយុ​២៦​ឆ្នាំ​ (ស្តាំ) ត្រូវ​​​មន្ត្រី​សន្តិសុខ​នាំ​ខ្លួន​​ក្រោយ​ពី​មាន​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​​ព្រហម្មទណ្ឌ​នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
និស្សិត​ Patiwat Saraiyaem អាយុ​២៣​ឆ្នាំ​ (ឆ្វេង)និង​សកម្មជន Porntip Mankong អាយុ​២៦​ឆ្នាំ​ (ស្តាំ) ត្រូវ​​​មន្ត្រី​សន្តិសុខ​នាំ​ខ្លួន​​ក្រោយ​ពី​មាន​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​​ព្រហម្មទណ្ឌ​នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

នៅ​ក្នុង​ប្រទេស​ថៃ​ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្សនិង​ពួក​សកម្ម​ជន ​បាន​រិះ​គន់​ការ​កាត់​ទោស​និស្សិត​សាកល​វិទ្យាល័យ​២​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ជាប់​ពន្ធនាគារចំពោះ​ការ​រៀបចំ​រឿង​ល្ខោន​មួយ​នៅ​ឆ្នាំ​២០១៣​ដែល​ពួក​ចៅក្រម​ ​បាន​កាត់​សេចក្តី​ថា ​បាន​រំលោភ​បំពានព្រះមហាក្សត្រ​ថៃ។ ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​ទី​តាំង​ក្នុង​ទីក្រុង​ញូវយ៉ក ​បាន​ហៅ​ការ​កាត់​ទោសនោះ​ថា ​ជា​ការ​ប៉ះ​ពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ថៃ។

​កាល​ពី​ថ្ងៃ​ច័ន្ទ ​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ ​បាន​កាត់​ទោសសកម្មជន​និពន្ធ​ល្ខោន​២​នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​២​ឆ្នាំ​៦​ខែចំពោះ​តួនាទី​ខាង​នយោ​បាយ​មួយ​ផ្នែក​របស់​ពួកគេ​នៅ​ឆ្នាំ​២០១៣ ​ដែល​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​ប្រមាថ​មើល​ងាយក្រុម​រាជវង្សានុវង្ស​ថៃ។

​ចៅក្រម​ដែល​បាន​កាត់​ទោស​កាល​ពី​ដំបូង​ឲ្យ​ពួក​គេ​ឲ្យ​ជាប់​ពន្ធ​នាគារ​៥​ឆ្នាំ ​បាន​បន្ធូរ​បន្ថយ​ទោសបន្ទាប់​ពី​សកម្មជន​ទាំង​នោះ ​បាន​សារភាព​ទទួល​ទោស​កំហុស។

សមាជិក​ក្រុម​គ្រួសារនៅ​ក្នុង​បន្ទប់​តុលាការ​ដែលមាន​មនុស្ស​កកកុញ ​បានស្រែក​យំ​បន្ទាប់​ពី​ការកាត់​ទោស​បានសម្រេច​ដើម្បី​ដាក់​ទោស​ឲ្យ​លោក Patiwat Saraiyaem អាយុ​២៣​ឆ្នាំនិង​លោក Porntip Mankong អាយុ​២៦​ឆ្នាំ ​ជាប់​ពន្ធនាគារ​ចំពោះ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​និពន្ធ​រឿង​ល្ខោន​ដែលដៀល​ត្មះ​មាន​ឈ្មោះ​ថា​ «កូន​ក្រមុំ​ចចក‍»​ ហៅ​ជាភាសា​អង់​គ្លេស​ថា «The Wolf Bride‍» នៅ​ក្នុង​ព្រះ​រាជណាចក្រ​ប្រឌិត​មួយ។

​ល្ខោន​នេះ ​ជា​ផ្នែក​មួយនៃ​ព្រឹត្តិការណ៍ជាបន្ត​បន្ទាប់ដើម្បី​កត់សម្គាល់​ខួប​លើក​ទី​៤០ ​នៃ​ការ​ងើប​បះបោរ​របស់​និស្សិត​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ផ្តាច់​ការ​របស់​ពួក​យោធា​នៅ​ពេល​នោះ។

អ្នកទាំង​២ ​បាន​សារភាព​ជាមួយ​តុលាការ​ដោយ​និយាយ​ថា ​ពួកគេ ​មិន​ធ្លាប់​បាន​ទទួល​ការ​កាត់​ទោស​ណាមួយ​កាល​ពី​ពេល​មុន​ទេ។

លោក Ayakarn Saraiyaem ​ឪពុក​របស់​លោក Patiwa ​សង្ឃឹម​ថា ​តុលាការ​នឹង​បង្ហាញ​ពី​ការ​អត់ឱន។

«លោក​ Ayakarn ​និយាយ​ថា ​លោក ​មានការ​រកាំ​ចិត្ត​ពី​សាលក្រម​ដែល​ដាក់​ទោសអ្នក​ទាំង​២​ដែល​គ្មានទោស​កាល​ពី​ពេល​មុន​ហើយ​ពួកគេ ​មិន​មាន​បំណង​ធ្វើ​ឲ្យ​ព្រះ​មហាក្សត្រ​អាម៉ាស់​ទេ‍»។

ក្រុម​គាំទ្រ​និស្សិត​ដ៏​តូច​មួយ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​តុលាការ​ដោយ​ច្រៀង​ចម្រៀង​របស់​ពួក​សកម្ម​ជន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​ទីតាំង​ក្នុងទីក្រុង​ញូវយ៉ក ​បាន​ថ្កោល​ទោសសាលក្រម​នោះ ​ដោយ​បាន​ហៅ​ការ​សម្រេច​ថា​ជា​ការ​ប៉ះ​ពាល់​ដ៏ធ្ងន់ធ្ងរ​មួយ​ទៀត​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ថៃ​ហើយ​នឹង​ជាសញ្ញា​ដ៏​ខ្មៅ​ងងឹត​មួយ​ទៀត​លើ​កេរ្តិ៍​ឈ្មោះ​ដែល​បាន​ទទួល​រង​ការ​ខូច​ខាតរួច​ទៅ​ហើយ​នៅ​លើ​ឆាក​អន្តរជាតិ​របស់​ប្រទេស​ថៃ។​

សកម្មជន​ទាំង​២​នាក់​នោះ ​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​មាន​ទោស​នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្ររបស់​ថៃដែល​ត្រូវរៀប​ចំ​ឡើង​ដើម្បី​ការពារ​សមាជិក​ជាន់​ខ្ពស់​របស់​ក្រុម​រាជ​វង្សានុវង្ស​កុំ​ឲ្យ​គេ​បង្ខូច​កេរ្តិ៍​ឈ្មោះ ​ប្រមាថ​មើល​ងាយ​និង​គំរាម​កំហែង។

ច្បាប់​នោះ​ស្ថិត​នៅក្រោម​ក្រម​ព្រហ្មទណ្ឌ ​ដែល​អនុញ្ញាត​ឲ្យ​កាត់​ទោសជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ឬ​ច្រើន​ជាង​នោះ​ចំពោះ​អ្នក​ដែល​ត្រូវ​រក​ឃើញ​មាន​ទោស​កំហុស៕

ប្រែ​សម្រួល​ដោយ​លោក ​ជឹង ​ប៉ូជីន

XS
SM
MD
LG