ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​វាយប្រហារ​៩គ្រឿង​របស់​រុស្ស៊ី


អគារ​លំនៅឋាន​ត្រូវបាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្រុង Lukiantsi តំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
អគារ​លំនៅឋាន​ត្រូវបាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្រុង Lukiantsi តំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​អង្គារនេះ​ថា​ ខ្លួន​បានបំផ្លាញ​ដ្រូន​ទាំង​ ៩​គ្រឿង ​ដែល​រុស្ស៊ី​ប្រើប្រាស់ធ្វើ​ការវាយប្រហារកាល​ពី​យប់មិញ​ សំដៅ​លើ​ទីតាំង​ច្រើននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​

កងកម្លាំង​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា​ ការ​បាញ់​ទម្លាក់​ដ្រូនទាំង​នោះត្រូវ​បាន​ធ្វើ​ឡើងនៅ​លើ​តំបន់ ​Kherson,​ Mykolaiv, Khmelnytskyi, Poltava,​ Cherkasy និង​តំបន់ Dnipropetrovsk។

ពុំ​មាន​របាយការណ៍​ស្តីពី​ការ​ខូចខាត​ ឬ​រងរបួសពី​បំណែក​ដ្រូន​ដែល​ត្រូវ​បាញ់​ធ្លាក់នោះ​ឡើយ។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្តបស្ចិម​ប្រទេស ឱ្យ​បង្ហាញ​ពី​កា រ«ឯកភាព​គ្នា» ដល់​អ៊ុយក្រែន​ ​ដូច​ដែល​គេ​បាន​ធ្វើដល់​ប្រទេស​អ៊ីស្រាអែល​ ដែល​បាន​បំផ្លាញការវាយប្រហារ​តាមអាកាស​មក​លើអ៊ីស្រាអែល​នោះ។ ​

នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញសង្គម​តេឡេក្រាម​ ​លោក​ Zelenskyy បាន​អរគុណ​ដល់​សម្ព័ន្ធមិត្ត​ ​ដែល​បានផ្តល់​ជំនួយ​បន្ថែម​ដល់​ការការពារ​ដែន​អាកាស​អ៊ុយក្រែន​ ប៉ុន្តែ​លោកថា​ «ការ​វាយប្រហារ​ដ៏​ខ្លាំង​របស់​រុស្ស៊ី​តម្រូវ​ឱ្យ​មាន​ការ​ឯកភាព​គ្នា​កាន់តែ​ខ្លាំង​ផង​ដែរ» ដូច​ដែល​គេបាន​បង្ហាញ​ក្នុង​ការពារ​ដល់​ប្រទេស​អ៊ីស្រាអែល​ដូច្នោះ​ដែរ។ ​

ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោក ​Mike Johnson បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ រដ្ឋសភានឹង​ពិចារណា​ច្បាប់​មួយដែល​នឹង​ផ្តល់ជំនួយ​យោធា​បន្ថែម​ដល់ប្រទេស​អ៊ុយក្រែន។ ​

សមាជិក​រដ្ឋសភាអាមេរិកនៃ​គណបក្ស​សាធារណរដ្ឋនិយម​ជា​ច្រើន​នាក់​ ជា​ពិសេស​អ្នក​ដែល​មានសម្ព័ន្ធភាពជា​មួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​ដែល​មាន​ភាព​មន្ទិលសង្ស័យ​លើ​ការ​ជួយ​ដល់​រដ្ឋាភិបាលក្រុង​កៀវ​ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុង​មូស្គូ​ ​បាន​ប្រឆាំង​ជំទាស់​ជា​ខ្លាំង​ដល់​ការ​ផ្តល់ជំនួយ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារដល់​ប្រទេស​អ៊ុយក្រែន៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុងសេចក្តី​រាយការណ៍​នេះ​ ត្រូវ​បានផ្តល់​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press និង​ទី​ភ្នាក់ងារសារព័ត៌មាន Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG