ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អង្គការ​សហប្រជាជាតិ​បញ្ជា​ឱ្យ​អ៊ីស្រាអែល​បើក​ច្រក​ផ្តល់​ជំនួយ​បន្ថែម​ចូល​តំបន់​ហ្កាហ្សា


ជំនួយមនុស្សធម៌ត្រូវបានទម្លាក់លើ​តំបន់ហ្កាហ្សាដែលកំពុង​រង​គ្រោះដោយសារ​សង្គ្រាម​រវាង​យោធា​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់លើ​តំបន់ហ្កាហ្សាដែលកំពុង​រង​គ្រោះដោយសារ​សង្គ្រាម​រវាង​យោធា​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

តុលាការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​បញ្ជាតាម​រយៈ​ដីការ​ផ្លូវច្បាប់​មួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឱ្យ​អ៊ីស្រាអែល​បើក​ច្រក​ឆ្លងកាត់​ច្រើនថែម​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែមដល់​ក្រុម​ជនប៉ាឡេស្ទីន ដែល​កំពុង​ទទួល​រង​ភាព​អត់ឃ្លាន​នៅ​ទីនោះ។

ដីកា​បញ្ជារបស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ ​បាន​ប្រាប់​ទៅប្រទេស​អ៊ីស្រាអែល​ ឱ្យ​ចាត់​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង​ និង​មាន​ប្រសិទ្ធភាព​ដោយ​គ្មានការយឺតយ៉ាវ ដើម្បី​ធានា​ដល់​ការ​បញ្ជូនសេវា​ផ្គត់ផ្គង់​ចាំបាច់​សំខាន់​បន្ទាន់​ និង​ជំនួយ​មនុស្សធម៌​ ដែល​រួម​មាន​ម្ហូប​អាហារ​ ទឹក ​ប្រេង​ឥន្ធនៈ​ និង​ឱសថ​ជា​ដើម។​

តុលាការ​នេះ​ក៏​បាន​បញ្ជាឱ្យ​អ៊ីស្រាអែលធានា​ជា​បន្ទាន់​ថា​៖ «ក្រុម​យោធា​របស់​ខ្លួនមិន​ធ្វើសកម្មភាព ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​ណាមួយ​របស់​ពលរដ្ឋប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​នោះ​ឡើយ​ ដោយ​ពួកគេ​ត្រូវ​បាន​ការពារ​នៅ​ក្រោមអនុសញ្ញា​ស្តី​ពី​ការការពារ​និង​ដាក់​ទណ្ឌកម្ម​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ដែល​រួម​មានការ​ការពារ​តាម​រយៈ​សកម្មភាព​ណា​មួយ​ និង​ការ​ផ្តល់ជំនួយ​មនុស្សធម៌ដែល​កំពុង​ត្រូវ​ការ​បន្ទាន់​ជា​ចំាបាច់»។

តុលាការ​នេះ​ក៏​បាន​ប្រាប់​ដល់​ប្រទេស​អ៊ីស្រាអែល​ឱ្យ​រាយការណ៍ត្រឡប់​ទៅ​ខ្លួន​វិញក្នុង​រយៈពេល​មួយ​ខែ​ ថា​ខ្លួន​បាន​អនុវត្តបទបញ្ជា​នេះ​បាន​យ៉ាង​ដូច​ម្តេច។​

អ៊ីស្រាអែលនៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បន្ទាន់ណា​មួយ​នៅ​ឡើយ​ទេលើ​ដីកា​សម្រេច​នេះ​ ប៉ុន្តែបាន​បដិសេធ​ដាច់​អហង្ការ​ថា​ ខ្លួន​មិនបានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ឡើយ​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​អស់​រយៈពេល​ជិត​៦​ខែ​កន្លង​ទៅនេះ។ អ៊ីស្រាអែល​បាន​ស្នើ​ដល់​តុលាការ​អង្គការ​សហប្រជាជាតិ​កុំ​ឱ្យ​ចេញ​ដីកា​បញ្ជា​ថ្មីៗ​ដល់​ខ្លួន។​

ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិនេះ​ ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្នុង​សំណុំ​រឿង ដែល​ត្រូវ​បាន​ប្តឹង​ដោយ​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ ដែល​បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ពី​ការ​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ The Associated Press,​ Reuters និង​ Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG