ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អាមេរិក​ជួប​មេ​បក្ស​ប្រឆាំង​ផ្តោត​លើ​សន្តិសុខ​និង​ការងារ​អ្នកតំណាងរាស្ត្រ


លោក​ William A. Heidt ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ​មេដឹកនាំ​ស្តីទី​ក្រុម​សមាជិក​សភា​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)
លោក​ William A. Heidt ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ​មេដឹកនាំ​ស្តីទី​ក្រុម​សមាជិក​សភា​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

មន្ត្រី​គណក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ជំនួប​នេះ​មិន​បាន​និយាយ​អំពី​បញ្ហា​លោក​សម រង្ស៊ី ​បញ្ហា​សកម្ម​ជន​​ និង​មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ជួបជាមួយលោក ​កឹម សុខា ​មេដឹកនាំ​ស្តីទី​ក្រុម​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ។​ កិច្ច​ពិភាក្សា​រយៈពេល​មួយ​ម៉ោងនៅ​សភាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បានផ្តោត​លើ​បញ្ហា​សន្តិសុខរបស់​អ្នក​តំណាង​រាស្ត្រ និង​ការ​ចុះទៅ​មណ្ឌល​បោះឆ្នោត​របស់​ពួក​គេ​ ​ជាពិសេស​វេទិកា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈពេល​មួយ​ម៉ោង​នៅ​ការិយាល័យ​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ​មេដឹកនាំ​ស្តីទី​នៃ​ក្រុម​សំឡេង​ភាគ​តិច​នៅ​រដ្ឋសភា ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖​

«លទ្ធផល​ល្អ ​ហើយ​ក៏​ជាក្តី​សង្ឃឹម​សម្រាប់​ជាតិ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង»។​

ដូចគ្នា​នេះ​ដែរ​លោក​ William A. Heidt ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ជំនួប​នេះពិភាក្សា​អំពី​ទំនាក់​ទំនង​កម្ពុជា​និង​ស.រ.អា.​ ហើយ​នឹង​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ ​ក្រោយ​ពី​លោក​បាន​មកដល់​ប្រទេស​នេះ។​

ក្រោយពី​ពិភាក្សា​ជាមួយ​លោក​ កឹម សុខា​ លោក​ឯកអគ្គរដ្ឋទូត​បានប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ ​

«ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​ខ្ញុំសប្បាយរីករាយ​ដោយ​បាន​ឃើញ​គណបក្ស​ទាំង​ពីរ​ចុះ​ទៅ​ធ្វើការ​តាម​មណ្ឌល​បោះឆ្នោត​នៅ​តាម​ខេត្ត​ដូច​ដែល​យើង​ធ្វើ​នៅ​ស.រ.អា.​ដែរ​នោះ។​ ដូច្នេះ​ខ្ញុំ ​គិត​ថា​ នេះ​ជាដំណើរការ​វិជ្ជមាន»។​

លោក​ឯក​អគ្គរដ្ឋទូត​ស.រ.អា.​ពន្យល់​ថា ​ក្រោយពី​លោក​បាន​ជួប​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​ ​ជួប​លោក​ ហេង សំរិន ​ប្រធាន​សភា​ជាតិ​ និង​លោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច​នោះ​ ​លោក​ក៏​ត្រូវ​ជួប​ជាមួយ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ផង​ដែរ។​ ​ លោក​កឹម សុខាមិន​បាន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ។ ​

លោក​យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នក​នាំពាក្យ​ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិដែល​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែរ​ ​បាន​និយាយ​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ ​ ​លោក​ William Heidt ​បង្ហាញ​សុច្ឆន្ទៈ​ស.រ.អា.ចង់​ជួយ​កសាង​ទំនុក​ចិត្តចំពោះ​ស.រ.អា. ​ទាំង​ពី​ភាគី​កាន់កាប់​រដ្ឋាភិបាល​ក៏​ដូច​ជា​ភាគី​នៅ​ក្រៅ​រដ្ឋាភិបាល។

«ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ស.រ.អា.​បញ្ជាក់​ពី​គោល​ជំហរ​ស.រ.អា.​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ ​កសាងទំនុក​ចិត្ត​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដើម្បី​បោះ​ជំហាន​ជា​វិជ្ជមាន​ទៅ​មុខ​ទៀត ​ទាំងខាង​រដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល»។​

លោក​ William A. Heidt ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​ការ​ជួប​ជាមួយ​លោក កឹម សុខា។
លោក​ William A. Heidt ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​ការ​ជួប​ជាមួយ​លោក កឹម សុខា។

លោក​និយាយ​ថា ​ភាគី​ទាំងពីរ​មើល​ឃើញ​ថា ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មាន​ការ​ធូរស្រាល។ ​

លោក​បាន​ឲ្យដឹង​ផង​ដែរ​ថា ​ជំនួប​នេះ​មិន​បាន​និយាយ​អំពី​បញ្ហា​លោក​សម រង្ស៊ី ​បញ្ហា​សកម្ម​ជន និង​មន្ត្រី​ជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។​

​ដោយឡែក​លោក​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​កឹម សុខា​នឹង​ទៅ​សួរ​សុខទុក្ខ​ពួកគេ​នៅ​ពន្ធនាគារនៅថ្ងៃ​១១​ខែ​កុម្ភៈ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គ្រោង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​អាមេរិក​នៅ​ទីក្រុង​ Sunnylands ​រដ្ឋ California ​ស.រ.អា. នៅ​អំឡុង​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ​ ហើយ​ជនជាតិ​ខ្មែរ​នៅ​ស.រ.អា.​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក។

​ថ្វី​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ខ្លួន​មិន​បាន​រៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ហ៊ុន សែនក៏ដោយ​ ក៏​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ចាត់​ទុក​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពីក្រោយ​ ​ហើយ​បាតុកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​រវាងគណបក្ស​ទាំងពីរ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។​

​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ លោក ​យ៉ែម ប៉ុញ្ញឫទ្ធិ ​អះអាង​ថា​ បើ​បាតុកម្ម​នេះ​កើត​មាន​មែន​នោះ ​វា​មិនមែន​ជាគោល​នយោបាយ​របស់​គណបក្ស​ទេ ​តែ​ជា​សិទ្ធិ​បុគ្គល​ ដែល​ភាគច្រើន​មិនមែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

«យើង​មាន​ការ​សោកស្តាយ​ដោយ​សារ​មាន​ការ​ចែក​មិន​ដាច់​ថា​អ្វី​ទៅ​ជា​ស្ថាប័ន​ ជា​គោលការណ៍ ហើយ​អ្វី​ទៅ​ជា​បុគ្គល។ ​ដូច្នេះ​យើង​ចង់​ឲ្យ​មាន​ការ​យល់​ជា​លក្ខណៈ​ស្ថាប័ន​ និង​ជា​បុគ្គល​ឲ្យ​បាន​ពិត​ប្រាកដ​ ច្បាស់លាស់​បាទ»។​

ម៉្យាង​វិញ​ទៀត លោក ​យ៉ែម ប៉ុញ្ញឫទ្ធិ​និយាយ​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ William A. Heidt ​ក៏​ដូច​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិយល់​ស្រប​គ្នា​ថា ​ស្ថានភាព​សន្តិសុខ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រសើរ​ឡើង ជាពិសេស​វេទិកា​នយោបាយ​របស់​គណបក្ស​នេះ​នៅ​តាម​ខេត្ត​មាន​ការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន។

អំពើហិង្សា​ចុងក្រោយ​លើ​តំណាង​រាស្ត្រ​បាន​កើត​ឡើងក្រោយ​ពេលបាតុករដែល​គេ​ស្គាល់​ថា ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ក​របួស​ស្នាម​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​គឺ​លោក ​ញ៉យ ចំរើន​ និង​លោក​គង់ សភា​ នៅ​ពេល​លោក​ទាំងពីរ​ធ្វើ​ដំណើរ​ចេញពី​រដ្ឋ​សភា​ជាតិ។​ អំពើ​ហិង្សា​នៅ​ថ្ងៃ​ទី​២៦​តុលា​ឆ្នាំ​២០១៥​នេះ​បាន​កើត​ឡើង​ប្រហែល​មួយ​ម៉ោង​ក្រោយពី​មាន​បាតុកម្ម​ទាមទារ​ទម្លាក់​លោក​ កឹម សុខា ​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា។​ អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​ត្រូវ​គេ​ជឿ​ថា ​ជា​បាតុករ​សេស​សល់​ក្រោយពី​បាតុកម្ម​បាន​រំសាយ។ បួន​ថ្ងៃក្រោយ​មក​ ​សភា​ជាតិ​ដែល​មានតែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ចេញពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភាដែល​ជា​តំណែង​ខ្ពស់​បំផុត​ទីពីរ​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ។

XS
SM
MD
LG