ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​និង​គុយបា​នឹងបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅក្រោយ​ការដោះដូរ​អ្នកទោស


លោកប្រធានាធិបតី​ អូបាម៉ា ​ប្រកាស​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ស.រ.អា ​ជាមួយ​ប្រទេសគុយបា​ នៅក្នុង​បន្ទប់​គណៈរដ្ឋមន្រ្តី​នៃសេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ២០១៤។
លោកប្រធានាធិបតី​ អូបាម៉ា ​ប្រកាស​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ស.រ.អា ​ជាមួយ​ប្រទេសគុយបា​ នៅក្នុង​បន្ទប់​គណៈរដ្ឋមន្រ្តី​នៃសេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ២០១៤។

សហរដ្ឋអាមេរិក​ និង​ប្រទេស​គុយបា ​និយាយ​ថា ​ប្រទេស​ទាំង​២ ​កំពុង​ចាត់​វិធានការធ្វើ​ឲ្យ​មានទំនាក់​ទំនង​ជាប្រក្រតី​ឡើង​វិញ ​ដោយ​បញ្ចប់ភាពឯកោ​ផ្នែក​ការទូតអស់​រយៈ​ពេល​ជាង​កន្លះ​ទសវត្សរ៍ដែល​កើត​មាន​ឡើង​តាំងពី​សង្គ្រាម​ត្រជាក់។

​លោក​ប្រធានាធិបតី​ស.រ.អា ​បារ៉ាក់ ​អូបាម៉ា​ និង​លោក Raul Castro ​ប្រធានាធិបតី​នៃ​ប្រទេស​គុយបា ​នៅ​ក្នុង​សុន្ទរកថា​នៅ​ពេល​ជាមួយ​គ្នាពី​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ និង​រដ្ឋ​ធានី​ឡាហាវ៉ាន ​(Havana) ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​លោក​ទាំងពីរ ​បាន​ផ្លាស់​ប្តូរ​អ្នក​ទោស​អាមេរិកាំង​ និង​គុយ​បា​រវាង​គ្នា​និង​គ្នា​ដែលបាន​ជាប់​ឃុំ​ឃាំងអស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ ​ហើយ​ឥឡូវ​នេះ​នឹង​បើកផ្លូវ​ដើម្បី​បង្កើន​ចំណង​ទាក់​ទង​ខាង​ផ្នែក​សេដ្ឋ​កិច្ច និងការ​ធ្វើដំណើរ​រវាង​ប្រទេស​ទាំង​២។

​លោក Alan Gross ​ជា​អ្នក​ធ្វើ​ការ​តាម​កិច្ច​សន្យា​ឲ្យ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍អន្តរជាតិ​របស់​ស.រ.អា ​បាន​ត្រូវ​ប្រទេស​គុយបាដោះ​លែង​កាល​ពី​ថ្ងៃ​ពុធបន្ទាប់​ពី​ជាប់​ពន្ធ​នាគារ​៥​ឆ្នាំ​ពី​បទ​នាំ​ចូល​បច្ចេក​វិទ្យា​ដែល​បាន​ហាម​ឃាត់ទៅ​កាន់​ប្រទេស​គុយបា។ លោក​ប្រធានាធិបតី​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក Gross ​ជាបុរស​ម្នាក់​ដែលត្រូវបាន​គេ​ទុក​ថា​ជាភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​ដ៏​សំខាន់បំផុត​របស់​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​ដោះ​ដូរ​ជាមួយ​ភ្នាក់​ងារស៊ើបការ​សម្ងាត់គុយបា​៣​នាក់​ដែល​បាន​ចំណាយ​ពេល​ជាង​មួយ​ទសវត្សរ៍ក្នុង​គុក​នៅ​ស.រ.អា។

លោក​ប្រធានា​ធិបតី​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ការ​ផ្តាច់​ទំនាក់ទំនង​ការទូត​របស់​សហរដ្ឋ​អាមេរិករយៈ​ពេល​៥០​ឆ្នាំ​ដល់​ប្រទេស​កុម្មុយនិស្តមួយ​នេះ ​មិន​បានការ​នោះទេ ​ហើយ​វា​ជា​ពេល​វេលា​មួយ​សម្រាប់​ការ​ចាប់​ផ្តើម​រក​ផ្លូវ​ដោះស្រាយ​ថ្មី។ ​ប្រធានា​ធិបតី Castro​ នៃ​ប្រទេស​គុយបា ​បាន​និយាយ​ថា មេដឹកនាំ​អាមេរិកាំង សម​នឹង​ទទួល​ការ​គោរ​ព​ និង​ទទួល​ស្គាល់​ដោយ​ប្រជាពលរដ្ឋ​របស់​យើង។

មេដឹកនាំ​ទាំង២ ​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទអស់រយៈ​ពេល​ជាង​៤៥​នាទី​កាល​ពី​ថ្ងៃ​អង្គារ​ ​ជា​ការ​ទាក់ទង​ដ៏​សំខាន់​លើកដំបូង​រវាង​ប្រធានា​ធិបតី​ស.រ.អា ​និង​គុយបា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១មក។

​ប្រទេស​ទាំង​២ ​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ការ​ចរចា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​លើ​កិច្ច​ព្រម​ព្រៀងដែល​នឹង​នាំ​ប្រទេស​ទាំង​២បើកស្ថាន​ទូត​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ និង​រដ្ឋ​ធានី​ឡាហាវ៉ាន (Havana)។​ លោកប្រធានាធិបតី​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ចំណង​ទាក់​ទង​ផ្នែក​ពាណិជ្ជកម្ម ​និង​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ចាប់​ផ្តើម ក៏ប៉ុន្តែលោក​ថា​ លោក​នឹង​ត្រូវ​ធ្វើ​ការ​ចរចា​ជាមួយ​សភា​ស.រ.អាដើម្បី​បញ្ចប់​ការរារាំង​ផ្នែក​សេដ្ឋ​កិច្ច​របស់​ស.រ.អា​ប្រឆាំង​នឹង​ប្រទេស​គុយបា។

លោក Gross ​ជាពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវបាន​ដោះ​លែង ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​មក​កាន់​ស.រ.អា​ ដែល​បាន​អម​ដំណើរ​ដោយ​សមាជិក​សភា​អាមេរិកាំង​៣​នាក់​។​ អតីត​បុគ្គលិក​ផ្តល់​ជំនួយ​ដែល​មាន​អាយុ​៦៥ឆ្នាំ​រូប​នេះ បាន​ត្រូវ​ដោះ​លែងនៅពេល​ជាមួយ​គ្នា​ដែល​ជន​ជាតិ​គុយបា​៣​នាក់​ចេញ​ពី​គុក​ស.រ.អា៕

XS
SM
MD
LG