ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​ជួប​ជាមួយ​ក្រុម​មន្រ្តី​កំពូល​របស់​ចិន


លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា. (រូប​ឆ្វេង) និយាយ​ទៅ​កាន់​ប្រធានាធិបតី​ Xi Jinping ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ឯ​សាល​ Great Hall of the People នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។
លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា. (រូប​ឆ្វេង) និយាយ​ទៅ​កាន់​ប្រធានាធិបតី​ Xi Jinping ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ឯ​សាល​ Great Hall of the People នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​បាន​និយាយ​ថា​ស.រ.អា.​ និង​ប្រទេសចិន​បាន​ពិភាក្សា​គ្នា​យ៉ាង​ស្មោះត្រង់​អំពី​ការ​ខ្វែង​គំនិត​គ្នា​កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅ​ពេល​ដែល​ប្រទេស​ជាតិ​ទាំង​ពីរ​នេះ​ប្រុងប្រៀប​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ Xi Jinping នៅ​ក្នុង​ស.រ.អា.​នៅ​ខែ​ក្រោយ។

លោកស្រី Susan Rice កំពុង​ឋិត​នៅ​ក្នុង​ក្រុងប៉េកាំង​ដែល​នៅ​ទី​នោះ​លោក​ស្រី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Xi Jinping នៅ​ក្រោយ​លោកស្រី​បាន​ធ្វើការ​ចរចាជាមួយ​លោក Yang Jiechi ​អ្នក​ការ​ទូត​កំពូល​នៃ​ប្រទេស​ចិន។​

លោកស្រី​បាន​និយាយ​ថា ​ប្រទេស​ទាំង​ពីរ​ទទួល​ស្គាល់​ថា​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​គួរ​ត្រូវ​ដោះស្រាយ​ដោយ​ប្រសិទ្ធិភាព។

លោក​ប្រធានាធិបតី​ Xi បាន​មាន​ប្រសាសន៍​ថា​ លោក​ទន្ទឹង​រង់ចាំ​ និង​បន្ត​ការ​សន្ទនា​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​ក្នុង​ខែ​កញ្ញា។​

លោក​ Xi បាន​មាន​ប្រសាសន៍​ថា​ «យើង​ប្រុងប្រៀប​នឹង​ឧបត្ថម្ភ​ផ្ចុងផ្តើម​ថែម​ទៀត​ដល់​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​ប្រយោជន៍​របស់​យើង​ ចាត់ចែង​ដោយ​មាន​ប្រសិទ្ធិភាព​នូវ​បញ្ហា​ងាយ​នាំ​ឱ្យ​មាន​វិបត្តិ​រវាង​យើង​ និង​ពង្រឹង​មិត្តភាព​រវាង​ប្រជារាស្ត្រ​នៃ​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ»។

លោក​ប្រធានាធិបតី​ Xi នឹង​អញ្ជើញ​មក​បំពេញ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា ​ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អ.ស.ប.​នៅ​ក្នុង​បូរី​ញូវយ៉ក​ផង​ដែរ។ សេតវិមាន​បាន​និយាយ​ថា ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ក្រុម​មន្ត្រី​ស.រ.អា.​ និង​ចិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​មុន​ថែម​ទៀត៕

XS
SM
MD
LG