ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ USAGMតែង​តាំង​ប្រធាន​អង្គការ​ Freedom House ជា​នាយក​ថ្មី​របស់​ VOA


រូបឯកសារ៖ លោក Michael Abramowitz ​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ លោក Michael Abramowitz ​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)

លោក Abramowitz អតីត​អ្នក​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍​នឹង​ដឹកនាំ​បណ្ដាញ​ផ្សព្វផ្សាយ​នេះ​ក្នុងនាម​ជា​នាយក​អចិន្ត្រៃយ៍​ដំបូង​ចាប់តាំង​ពី​ឆ្នាំ​២០២១​មក។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​សាកល ​USAGM កាលពី​ថ្ងៃ​សុក្រ ទី១៩ ខែមេសា​កន្លង​ទៅ​នេះ បាន​តែងតាំង​លោក Michael Abramowitz ជា​នាយក​អចិន្ត្រៃយ៍​ថ្មី​សម្រាប់​សំឡេង​សហរដ្ឋ​អាមេរិក Voice of America។

នៅក្នុងអ៊ីម៉ែល​មួយ​ផ្ញើ​ទៅកាន់​បុគ្គលិក​កាលពី​ថ្ងៃ​ទី១៩ ខែមេសា​ អ្នកស្រី Amanda Bennett នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ USAGM បាននិយាយ​ថា លោក Abramowitz ដែលជា​អតីត​អ្នកកាសែត ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​នៃ​វិទ្យាស្ថានសិក្សា​ស្រាវជ្រាវ​ Freedom House នឹង​ចូលកាន់​តំណែង​ជានាយក​វីអូអេ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។

អ្នកស្រី​ Bennett បានសរសេរ​នៅ​ក្នុង​សារអ៊ីម៉ែល​ថា៖ «ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​ជាច្រើនក្នុង​ចំណោម​ពួក​យើង​ បើមិនមែន​ភាគច្រើន​នៃ​អ្នកទាំងអស់គ្នា​ ពិត​ជាបានដឹង​អំពី​ការងារ​គួរ​ឲ្យ​កត់សម្គាល់របស់អង្គការ ​ Freedom House ដែល​បាន​ដឹកនាំ​ការតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ជាពិសេស​ការ​ការពារ​និង​តស៊ូតមិ​ដើម្បី​សេរីភាព​នៃការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក»។

លោក Abramowitz បាន​កាន់តួនាទី​ជា​ប្រធាន​អង្គការ​ Feedom House តាំងពី​ឆ្នាំ​២០១៧។ លោក​បាន​បញ្ចប់​ការសិក្សាពី​មហា​វិទ្យាល័យ​ Harvard និង​បានបំពេញ​វិជ្ជាជីវៈ​របស់​លោក​នៅ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​អស់រយៈ​ពេល ២៤ឆ្នាំ។ លោក​ក៏ធ្លាប់​បាន​ធ្វើការងារ​ពាក់​ព័ន្ធទៅនឹង​ការអប់រំ​អំពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ និង​ Holocaust អស់​រយៈពេល​៨ឆ្នាំ​នៅ​សារមន្ទីរ​នៃ​ការចងចាំ​អំពើ​ប្រល័យ​ពូជសាសន៍​ Holocaust នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។

អ្នកស្រី​បាន​បន្ត​ថា៖ «ដោយសារតែ​លោក​មាន​ចំណេះ​ជំនាញ​និង​បទពិសោធន៍​បែប​នេះ​ លោក​យល់យ៉ាង​ស៊ីជម្រៅ​ទៅលើ​ការងារ​ដូចគ្នា​ដែល​ពួកយើង​បាន​បូជាជីវិតនិង​អាជីព​របស់​យើង​ដើម្បី​បុព្វហេតុ​នេះ»។

លោក Abramowitz ត្រូវគេ​រំពឹង​ថានឹង​ចាប់​ផ្ដើម​តួនាទី​របស់​លោក​នៅ​វីអូអេនៅ​ដើម​រដូវក្ដៅ​ខាង​មុខ​នេះ។ នៅក្នុង​សារ​ជា​វីដេអូ​មួយ​ផ្ញើទៅកាន់​បុគ្គលិក​ទាំងអស់ លោក​និយាយ​ថា លោក​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​នេះ។

លោក​ថ្លែង​ថា៖ «នេះជាស្ថាប័ន​ដែល​ពោរពេញ​ទៅដោយប្រវត្តិ​អស្ចារ្យ​ ហើយ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺ​បេសកកម្ម​ដ៏​អស្ចារ្យ។

លោក​បន្ត​ថា៖ «បេសកកម្ម​នេះ​ពិតជា​ជំរុញ​ទឹកចិត្ត​ដល់​រូបខ្ញុំ​យ៉ាង​ខ្លាំង ជាពិសេស​នោះ​គឺគំនិត​ដែល​ថា ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ដំណឹង​ដែល​ពិត ត្រឹមត្រូវ និង​គ្រប់ជ្រុងជ្រោយ​ទៅ​កាន់​ផ្នែក​ដ៏ធំ​នៃពិភពលោក​ដែល​មាន​ចំនួន​អ្នកស្ដាប់​និង​ទស្សនា​យ៉ាង​ច្រើន។ សម្រាប់​មនុស្ស​ភាគច្រើន វីអូអេ​គឺជា​ប្រភព​ព័ត៌មាន​តែ​មួយ​គត់​សម្រាប់​ដំណឹង​នានា​ដែល​ពួក​គេ​ទទួល​បាន»។

អ្នកស្រី Bennett ផ្ទាល់​ក៏​ធ្លាប់​បាន​បម្រើការ​ជា​នាយក​វីអូអេ​ពីឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២​ផងដែរ។ អ្នកស្រី​បាន​លាឈប់​ពី​តំណែង​នេះ​ក្រោយ​ពេល​មានការ​សម្រេច​ពី​សភា​ឱ្យ​លោក Michael Pack ដែលជា​អ្នក​ផលិត​ខ្សែភាពយន្ត​បែប​អភិរក្ស​និយម​ដឹកនាំ​ទីភ្នាក់ងារ USAGM។

លោក​ Pack​ ដែលកាលនោះ​ត្រូវបាន​តែងតាំង​ដោយអតីតប្រធានាធិបតីលោក Donald Trump សម្រាប់​តួនាទី​ជា​ប្រធាន​ទីភ្នាក់ងារ USAGM បានរងនូវ​ការ​ប្ដឹងផ្ដល់​និង​ការ​ចោទប្រកាន់​ពី​សំណាក់​អ្នកលួច​ផ្តល់​ព័ត៌មាន​សម្ងាត់។ លោក​ក៏បាន​លាឈប់​ពី​តំណែង​នេះ​នៅ​ពេល​លោក​ Joe Bidenបាន​ក្លាយ​ជា​ប្រធានាធិបតី​ ហើយ​ក៏ត្រូវបាន​សម្រេច​ដោយ​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ថា លោក Pack បាន​រំលោភ​អំណាច​ជា​ញយដង​ ព្រមទាំង​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការដឹកនាំ​មិនត្រឹម​ត្រូវ​ដ៏ធ្ងន់ធ្ងរ រួមមាន​ទាំងការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ទៅលើ​ខ្លឹមសារ​បទវិចារណកថា​ទៀត​ផង។

ក្រោយ​ការចាកចេញ​របស់​លោក សភា​អាមេរិក​ក៏បាន​បន្ថែម​យន្តការ​ត្រួតពិនិត្យនិង​តុល្យភាព​ទៅលើ​តួនាទី​នាយក​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ USAGM​ រួមទាំង​ការ​ជ្រើសរើស​និង​ការ​បណ្ដេញ​ចេញ​ថ្នាក់ដឹកនាំ​នៃ​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ។

លោក Abramowitz នឹង​ក្លាយជា​នាយក​វីអូអេ​ផ្លូវការ​លើក​ដំបូង​ចាប់តាំង​ពី​អាណត្តិ​មួយ​រយៈ​ពេល​ខ្លី​របស់​លោក Robert Reilly ដែល​ត្រូវបាន​តែងតាំង​ដោយ​លោក Pack សម្រាប់​តួនាទី​នេះ​ពី​ខែធ្នូ ឆ្នាំ២០២០ ដល់​ខែមករា ឆ្នាំ២០២១។

បន្ទាប់ពី​ការបណ្ដេញ​លោក ​Reilly ចេញ​ពីតំណែង​នេះ វីអូអេ​ត្រូវបាន​ដឹកនាំ​ដោយ​នាយក​ស្ដីទី អ្នកស្រី Yolanda Lopez ពី​ឆ្នាំ​២០២១ រហូត​ដល់ពេល​អ្នកស្រី​លាលែង​ពីតំណែងនៅ​ខែកញ្ញា ឆ្នាំ២០២៣។​ បច្ចុប្បន្ន​នេះ តួនាទី​នេះ​ស្ថិត​ក្នុង​ដៃ​លោក John Lippman។

លោក Abramowitz បាន​លើក​ឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយថា​ លោក​កំពុង​ទន្ទឹង​រង់ចាំ​បំពេញ​ការងារ​នៅ​វីអូអេ ដោយផ្អែក​ទៅលើ​ក្ដីបារម្ភ​អំពី​កម្រិត​នៃ​ព័ត៌មាន​ក្លែងក្លាយ​ចេញ​ពី​រដ្ឋាភិបាលផ្ដាច់ការណ៍​នានា​នៅ​លើ​ពិភពលោក។

លោកថ្លែង​ដូច្នេះ​ថា៖ «វីអូអេ​គឺជា​កំផែងការពារ​ការណ៍​ពិត និង​សេរីភាព​សារព័ត៌មាន ហើយ​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​កាន់​តំណែង​នៅ​ស្ថាប័ននេះ និង​ធ្វើការ​ជាមួយ​អ្នកកាសែត និង បុគ្គលិក​ដ៏មាន​ទេព្យកោសល្យ​។ ​រួមគ្នា​ យើង​អាច​យក​ឈ្នះ​សង្គ្រាម​ព័ត៌មាន​បាន»។

អង្គការ​ Freedom House កាលពី​ថ្ងៃ​សុក្រ​ទី១៩ ខែមេសា បាន​ចេញ​សេចក្ដីប្រកាស​មួយ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​លោក Abramowitz​ សម្រាប់​ការដឹកនាំ​របស់​លោក។

អ្នកស្រី Jane Harman សហប្រធាន​គណៈ​អភិបាល​នៃអង្គការ Freedom House បានថ្លែងថា៖ «សម្រាប់​រយៈ​ពេល​មួយ​ទសវត្សរ៍ ​លោកMike Abramowitz គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ភាពជោគជ័យ​ជាបន្ត​បន្ទាប់​របស់​អង្គការ Freedom House ដោយ​លោក​បាន​កំណត់​ទស្សនវិស័យ​សម្រាប់​អង្គការ​នេះ​ដែល​ជំរុញ​ឲ្យមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ដើម្បី​សេរីភាព​នៅ​ជុំវិញ​ពិភពលោក»។

ក្នុងនាម​ជា​នាយក​វីអូអេ លោក Abramowitz នឹង​គ្រប់គ្រង​សេវា​ផ្សព្វផ្សាយ​ដែល​មានជា​៤៨​ភាសា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​កាន់​មនុស្ស​ប្រមាណ ៣៥៤ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​រៀងរាល់​សប្ដាហ៍ តាមរយៈ​ទូរទស្សន៍ វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថល​ ដែល​ឯករាជ្យ៕

ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG